រាជធានីភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាលចំពោះករណីដួលសន្លប់កម្មករ ២០រូប និងមរណភាព ១រូបនៅរោងចក្រខេមបូ យូនីសូលក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ស៊ុន មេសា ៖ “ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី យឹម រីន ។ ជាមួយគ្នានេះ ខ្ញុំសូមជម្រាបថា ភ្លាមៗក្រោយទទួលបានដំណឹងចំពោះការដួលសន្លប់ភ្លាម មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យភ្លាមៗនៅទីតាំងរោងចក្រ និងពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត”។
អ្នកនាំពាក្យរូបនេះ បានពន្យល់ពីដើមហេតុដំបូងនៃការសន្លប់ និងការឈានដល់ការស្លាប់ ១ករណីថា ដំបូងនៃគ្រោះថ្នាក់គឺផ្ដើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយកម្មករក្នុងផ្នែកដូចគ្នានៅម៉ោង ៧ និង ១៥នាទីព្រឹក ដែលធ្វើឱ្យកម្មការិនី យឹម រីន មានការតក់ស្លុត និងភិតភ័យដែលធ្វើឱ្យទន់ដៃ ទន់ជើង ដួលធ្លាក់ពីតុម៉ាស៊ីនដេរ ហើយបែកពពុះមាត់ និងបញ្ឈរភ្នែក និងបានបាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យបើទោះបីជាមានការជួយសង្គ្រោះបឋមភ្លាមៗក្នុងរោងចក្រក៏ដោយ។ ចំពោះករណីនេះ មន្ត្រីជំនាញបញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីន បានឡើងខ្លាំងដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាលដែលបណ្តាលឱ្យបាត់បង់ជីវិត។

ដោយឡែកកម្មករ ២០រូបផ្សេងទៀតដែលនៅជុំវិញ ឃើញការអាការៈរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យសន្លប់តែម្តងប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នបានទៅសម្រាកនៅតាមគេហដ្ឋានរៀងៗខ្លួន។
សម្រាប់ករណីមរណភាពរបស់កម្មការិនី យឹម រីន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)នៃក្រសួងការងារ បានផ្តល់វិភាជន៍បូជាសពចំនួន ១០លានរៀល និងអង្កេតដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករយោងតាមច្បាប់ជាធរមាន។ នេះបើតាមលោក ស៊ុន មេសាដដែល។

សូមបញ្ជាក់ថា បច្ចុប្បន្ន សពជនរងគ្រោះ បាននិងកំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិមេលូង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញរបស់ក្រសួង អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានស្នើកុំឱ្យយកការស្លាប់ និងសន្លប់របស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលនេះធ្វើជាអាជីវកម្ម និងប្រជាប្រិយភាពផ្ទាល់ខ្លួន៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ