ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ កំណត់​ទិស​ដៅ​ការងារ ១៩​ចំណុច ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ឆ្នាំ​២០២៦

4 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្នុង “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦”  ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស រយៈពេល ២​ថ្ងៃ​មកនេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​តាម​ផ្នែក​នីមួយ​ៗ​បាន​រំលេច​ឱ្យ​ឃើញ​ពី​សមិទ្ធផល​ទាំងឡាយ​ដែល​ជា​ស្នាដៃ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នា…

រាជធានីភ្នំពេញ​ ៖ ក្នុង “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦”  ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស រយៈពេល ២​ថ្ងៃ​មកនេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​តាម​ផ្នែក​នីមួយ​ៗ​បាន​រំលេច​ឱ្យ​ឃើញ​ពី​សមិទ្ធផល​ទាំងឡាយ​ដែល​ជា​ស្នាដៃ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នា ឆ្នាំ​២០២៥ បើ​ទោះបីជា​ប្រទេស​ជាតិ​ជួប​ប្រទះ​នូវ​ឧបសគ្គ​ដោយសារ​បញ្ហា​ព្រំដែន​ក្តី​។ ទន្ទឹម​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​កែ​លម្អ​ចំណុច​ខ្វះខាត មន្ត្រី​ជំនាញ​គ្រប់​ផ្នែក​បាន​ពិភាក្សា​យ៉ាង​ផុលផុស​សំដៅ​ដល់​ការ​ដាក់​គោលដៅ​ឆ្ពោះទៅ​រក​ការ​រីក​ចំរើន និង​សម្រេច​ឱ្យ​បាន​នូវ​វឌ្ឍនភាព​ការងារ​ថ្មី​ៗ​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៦​។​ 

ក្នុង​ចំណោម​កិច្ចការ​ស្នូល​ទាំងឡាយ​របស់​ក្រសួង ការ​ស្វែងរក​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ គឺជា​កិច្ចការ​អាទិភាព​ដែល​ក្រសួង​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ហើយ​ពាក់ព័ន្ធ​ចំណុច​នេះ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ នា​រសៀល​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​មានឱកាស​ការងារ​ប្រមាណ ៨​ម៉ឺន​នាក់​ទៀត​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស​សម្រាប់​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ដោយ​ឯកឧត្តម​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២៥ ក្រសួង​បាន​គ្រប់គ្រង​ការ​វិល​ត្រឡប់​របស់​អតីត​ពលករ​ប្រមាណ ៩៥​ម៉ឺន​នាក់​ដោយ​ប្រសិទ្ធភាព ហើយ​បាន​ប្រែក្លាយ​ពួក​គាត់​ឱ្យទៅ​ជា​កម្លាំងផលិតកម្ម​ជាតិ​ដ៏​មាន​សក្តានុពល ដែល​ឆ្លើយ​តប​នឹង​កំណើន​វិនិយោគ​។

ជាក់ស្តែង ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​ពលករ​ប្រមាណ ៣១​ម៉ឺន​នាក់​ទទួល​បានការ​ងារ​ក្នុង​ប្រព័ន្ធ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ហើយ​ប្រមាណ ៣១​ម៉ឺន​នាក់​ផ្សេង​ទៀត​បាន​ទទួល​ការងារ​ក្រៅ​ប្រព័ន្ធ គិត​ត្រឹម​ឆ្នាំ​២០២៥ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រហូត​ដល់​ទៅ​៦២​ម៉ឺន​នាក់​។​  ជាមួយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​គូសបញ្ជាក់​ពី​ការ​រក្សា​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​សមរម្យ​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ជាមួយនឹង​លក្ខខណ្ឌ​ការងារ សុខដុម​នី​យ​កម្ម​វិជ្ជាជីវៈ និង​អនុលោម​តាម​ច្បាប់​ស្ដី​ពី​ការងារ​កាន់តែ​ប្រសើរ​។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ឆ្នាំ​២០២៦ ក្នុង​ទិស​ដៅ​បម្រើសេវា​ប្រជាពលរដ្ឋ កម្មករនិយោជិត និង​និយោជក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ បង្កើន​ល្បឿន​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កំណត់​ទិស​ដៅ​១៩​ចំណុច ព្រមទាំង​ផ្តល់​អនុសាសន៍​ដ៏​មាន​តម្លៃ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​អនុសាសន៍​ទាំង​១០​ចំណុច​របស់​សម្តេច​មហា​បវរ​ធិ​បតី ដោយ​ត្រូវ​ពង្រឹង និង​ពង្រីក​សេវា​ការងារ ព័ត៌មាន​ទីផ្សារ​ការងារ វេទិកា​ការងារ និង​ប្រព័ន្ធ Hotline ១២៩៧​ដល់​សាធារណជន ជា​ពិសេស​អតីត​ពលករ​, បន្ត​ពង្រីក​ទីផ្សារ​ការងារ​នៅ​ក្រៅប្រទេស​, បន្ត​រៀបចំ​ផលិត និង​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត និង​ឯកសារ​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ការងារ​ជា​ទៀងទាត់ ក៏​ដូច​ជា​បន្ត​ពង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​យន្តការ​សមាហរណកម្ម​ជន​ទេសន្តរប្រវេសន៍​។

បន្ថែម​ពី​នេះ ត្រូវ​បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​អន្តរក្រសួង និង​ប្រព័ន្ធ​អភិបាលកិច្ច​អធិការកិច្ច​ការងារ​, បន្ត​លើកកម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព​និង​សុខភាព​ការងារ​, បង្កើន​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​លុប​បំបាត់​ការ​ប្រើប្រាស់​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ​, បន្ត​អភិវឌ្ឍ​សមត្ថភាព​អង្គភាព​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​វិស័យ​ការងារ និង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​តុលាការ​។

ក្រៅពី​នេះ ក៏​ត្រូវ​បន្ត​ពង្រីក​វិសាលភាព​គ្របដណ្តប់​របប​សន្តិសុខ​សង្គម​ឱ្យ​បានជា​អតិបរមា​, បន្ត​លើកកម្ពស់​អនុលោម​ភាព​នៃ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​ទាំងអស់​, បន្ត​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ TVET 1.5M, បន្ត​ជំរុញ​និង​ផលិត​ថ្នាក់​បណ្តុះបណ្តាល​ចល័ត​ឱ្យ​កាន់តែ​ច្រើន និង​ទំនើប​, ពង្រីក​ការ​កែ​ច្នៃ​ម៉ូតូ​កង់​បី ដើម្បី​បង្កើន​ចំណូល​ដល់​អ្នក​បើក​កង់​បី ឬ​លក់ដូរ​ចល័ត​, បញ្ចប់​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ និង គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​, បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ អភិវឌ្ឍ​នានា​, បន្ត​ពង្រឹង​អភិបាលកិច្ច​ស្ថាប័ន និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា និង​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​។

ឯកឧត្តម​រដ្ឋមន្ត្រី សម្តែង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​រួម​សាមគ្គី​ជា​ធ្លុង​មួយ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ទ្វេ​ដង ដើម្បី​អនុវត្ត​សម្រេច​ឱ្យ​បាន​ជោគជ័យ​នូវ​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​ក្នុង ឆ្នាំ​២០២៦ នេះ ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ការងារ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​៕ អត្ថបទសហការ