ទីក្រុងប្រ៊ុចសែល៖ បណ្ដាប្រទេសនៅអឺរ៉ុបបន្តអំពាវនាវឱ្យប្រជាជនរបស់ខ្លួនប្រុងប្រយ័ត្នខ្ពស់ចំពោះករណីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់។ ដូចនេះ ពួកគេជំរុញឱ្យប្រជាជនខ្លួនប្រញាប់ចាកចេញពីប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា។ សម្រាប់អ្នកដែលមានគម្រោងធ្វើដំណើរទៅអ៊ីរ៉ង់ បើគ្មានការចាំបាច់ទេយកល្អផ្អាកជាបណ្ដោះអាសន្នសិនព្រោះភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នៅមានកម្រិតខ្ពស់។

រដ្ឋាភិបាលអង់គ្លេសថ្លែងថាខ្លួនដកបុគ្គលិកស្ថានទូតប្រចាំប្រទេសអ៊ីរ៉ង់ជាបណ្ដោះអាសន្ន។ ស្ថានទូតរបស់ខ្លួននឹងបំពេញការងារពីចម្ងាយ។ អង់គ្លេសអំពាវនាវឱ្យប្រជាជនរបស់ខ្លួនកុំធ្វើដំណើរទៅអ៊ីរ៉ង់ទោះបីនៅក្នុងគោលបំណងអ្វីក៏ដោយ។ ចំណែកក្រសួងការបរទេសបារាំងចេញសេចក្ដីណែនាំសម្រាប់ប្រជាជនបារាំងទាំងអស់កុំធ្វើដំណើរទៅអ៊ីស្រាអែល, ទីក្រុងយេរូសាឡឹម និងតំបន់វេសស្បេង (West Bank)។

បារាំងប្រកាសថាជើងហោះហើរមួយចំនួនអាចនឹងត្រូវលុបចោល ឬត្រូវពន្យារពេលចេញដំណើរ។ បារាំងអំពាវនាវឱ្យប្រជាជនខ្លួនដែលរស់នៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ហើយត្រូវតែជៀសវាងការប្រមូលផ្ដុំគ្នា។ អ៊ីតាលីក៏អំពាវនាវឱ្យប្រជាជនខ្លួនប្រញាប់ចាកចេញពីអ៊ីរ៉ង់ផងដែរ។ ជនជាតិអ៊ីតាលីដែលកំពុងស្ថិតនៅប្រទេសដទៃទៀតទូទាំងតំបន់មជ្ឈិមបូព៌ាត្រូវបង្កើនការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុត។

ក្រសួងការបរទេសអ៊ីតាលីចេញសេចក្ដីអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅលើទឹកដីអ៊ីរ៉ង់ជាលក្ខណៈធ្វើដំណើរទេសចរណ៍កម្សាន្ត ឬអ្នកដែលគ្មានការចាំបាច់ខ្លាំងពេកទេសូមចាកចេញជាបន្ទាន់នៅពេលដែលមិនទាន់ហួសពេល។ ម៉្យាងទៀត ក្រសួងក៏មិនលើកទឹកចិត្តឱ្យធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ ឬលីបង់នោះទេ។ ប្រទេសអាល្លឺម៉ង់ចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្ដីពីការធ្វើដំណើរ។

កាលពីមុននេះ អាល្លឺម៉ង់ចេញបម្រាមតែនៅក្នុងតំបន់ខ្លះនៃអ៊ីស្រាអែលប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយនេះ អាល្លឺម៉ង់អំពាវនាវឱ្យប្រជាជនខ្លួនកុំធ្វើដំណើរទៅអ៊ីស្រាអែលជាដាច់ខាតទោះបីនៅទីកន្លែងណាក៏ដោយ។ ក្រៅពីនេះមានប្រទេសប៉ូឡូញ ហូឡង់ ហ្វាំងឡង់ ស៊ែប៊ី ស៊ុយអែត។ល។ សុទ្ធតែបានចេញសេចក្ដីអំពាវនាវស្រដៀងៗគ្នាទៅពលរដ្ឋរបស់ខ្លួន។ នាវាដឹកយន្តហោះធំជាងគេរបស់អាមេរិកឈ្មោះយូអែសអែស ជើរ៉លហ្វត (USS Gerald Ford) បានបើកទៅដល់តំបន់មាត់សមុទ្រនៃប្រទេសអ៊ីស្រាអែលកាលពីល្ងាចមិញបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់បិទបញ្ចប់ការចរចាគ្នាលើកទីបីដោយគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ សភាពការណ៍តានតឹងកាន់តែខ្លាំងនៅពេលមន្ត្រីរដ្ឋាភិបាលអាមេរិកប្រកាសម្ដងហើយម្ដងទៀតថាអាមេរិកត្រៀមវាយអ៊ីរ៉ង់។ សម្រាប់ពេលនេះ អាមេរិកបានបញ្ជូននាវាដឹកយន្តហោះ២គ្រឿង, យន្តហោះចម្បាំងជាង១៥០គ្រឿង រួមជាមួយនាវាពិឃាត និងនាវាចម្បាំងជាច្រើនទៀតទៅតំបន់មជ្ឈិមបូព៌ា។ អាមេរិកក៏ចាប់ផ្ដើមពង្រឹងប្រព័ន្ធការពារមូលដ្ឋានយោធារបស់ខ្លួននៅប្រទេសហ្សកដង់ និងអ៊ីស្រាអែលផងដែរ។ អាមេរិកបានជម្លៀសបុគ្គលិកស្ថានទូតនៅទីក្រុងបេរូត ប្រទេសលីបង់រួចហើយ ហើយទុកតែបុគ្គលិកដែលត្រូវរ៉ាប់រងធ្វើកិច្ចសំខាន់បំផុតប៉ុណ្ណោះ។

នៅក្នុងស្ថានភាពដែលខ្លួនប្រឈមនឹងការវាយប្រហារបែបនេះ អ៊ីរ៉ង់ប្រកាសថាខ្លួននឹងចាត់ការមូលដ្ឋានយោធារបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់ក៏ចាប់ផ្ដើមធ្វើសមយុទ្ធយោធាជាបណ្ដើរៗតាំងពីប៉ុន្មានអាទិត្យមុនមកម៉្លេះ។ យោងតាមសេចក្ដីជូនដំណឹងពីរដ្ឋាភិបាលហូឡង់ បើសិនស្ថានការណ៍កាន់តែឡើងកម្ដៅបន្ថែមទៀត គេត្រូវតែបង្ខំចិត្តលុបចោលជើងហោះហើរ និងបិទជើងអាកាសរយៈពេលយូរ។ នៅក្នុងសង្គ្រាមលើកនេះ (បើសិនកើតមានមែន) ភាគីទាំង២អាចនឹងប្រើប្រាស់ដ្រូន និងមីស៊ីលបាញ់គ្នាទៅវិញទៅមក៕ ប្រភព៖ ស៊ីនហួ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ