រាជធានីភ្នំពេញ ៖ សិក្ខាកាមចំនួន២៥រូប ជាមន្ត្រីកងកម្លាំងប្រចាំនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលវិញ្ញាបនបត្រពីសហព័ន្ធខ្មែរកីឡាហាប់គីដូ នៅព្រឹកថ្ងៃសៅរ៍ មកទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីក្បាច់គុនហាប់គីដូ ចំនួន២០ម៉ោង ។

លោកឧត្ដមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ សុខ នី ប្រធាននាយកដ្ឋានបានមានប្រសាសន៍ថា ក្បាច់គុនហាប់គីដូ ពិតជាមានសារសំខាន់ក្នុងស្ថានភាពបង្ក្រាបមុខសញ្ញា ព្រោះមានក្បាច់ស្នៀតច្រើនទាំងក្លេ និងក្រៀក ។
ហេតុដូចនេះហើយ បានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសហ ព័ន្ធខ្មែរកីឡាហាប់គីដូរៀបចំផែនការសម្រាប់បណ្ដុះបណ្ដាលមន្ត្រីនគរបាលរបស់ខ្លួន ។ ឆ្នាំនេះ ក៏ជាឆ្នាំទី២ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីលើកទី១បានប្រព្រឹត្តទៅកាលឆ្នាំ ២០២៥ ។

លោកឧត្ដមសេនីយ៍ ហេង សំណាង សង្កត់ធ្ងន់ថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលដ៏សំខាន់នេះ មន្ត្រីរបស់លោកបានអនុវត្តការងារបង្ក្រាបកាន់តែមានប្រសិទ្ធភាពតាមក្បួនខ្នាតក្បាច់គុន។
ចំណែកលោកឧកញ៉ា គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងអំណរ គុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានជ្រើសរើសប្រភេទកីឡាហាប់គីដូ សម្រាប់កងកម្លាំង។ លោកឧកញ៉ាបញ្ជាក់ថា កីឡាហាប់គីដូមានក្បាច់ស្នៀតពិសេសស័ក្ដិសមសម្រាប់ការបង្ក្រាបមុខសញ្ញា។

លោកឧកញ៉ា គួច ហុងជៀក បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហាប់គីដូស្វាគមន៍ចំពោះនាយកដ្ឋានពាក់ព័ន្ធផ្សេងៗ សម្រាប់បណ្ដុះបណ្ដាលកងកម្លាំងទទួលបានក្បាច់គុនបង្ក្រាបមុខសញ្ញាប្រកប ដោយប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ