ទីក្រុងវ៉ាសូវី៖ ប្រទេសប៉ូឡូញកំពុងរៀបចំសេចក្ដីព្រាងច្បាប់ហាមឃាត់កុមារក្រោមអាយុ១៥ឆ្នាំមិនឱ្យប្រើប្រាស់បណ្ដាញសង្គម។ ហេតុនេះ ក្រុមហ៊ុនដែលផ្ដល់សេវាបណ្ដាញសង្គមទាំងអស់ត្រូវតែផ្ទៀងផ្ទាត់អាយុជាមុនសិនមុននឹងដាក់ឱ្យប្រើប្រាស់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រីបាបារ៉ា ណូវ៉ាស់ស្កា (Barbara Nowacka)។ អាជ្ញាធរដែលទទួលបន្ទុកខាងកិច្ចការនេះនឹងធ្វើបទបង្ហាញអំពីសេចក្ដីព្រាងច្បាប់នៅពេលខាងមុខ។

ក្នុងករណីដែលបណ្ដាញសង្គមទទួលបានសេចក្ដីជូនដំណឹងនេះហើយ ហើយនៅតែបណ្ដោយឲ្យកុមារមិនទាន់គ្រប់អាយុប្រើប្រាស់សេវារបស់ខ្លួនទៀត ពួកគេនឹងទទួលរងការពិន័យជាប្រាក់។ ច្បាប់នេះនឹងអនុវត្តចាប់ពីដើមឆ្នាំ២០២៧តទៅ។ ចំណាត់ការនេះធ្វើឡើងស្របពេលដែលប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបក៏បាន ឬត្រៀមដាក់ចេញវិធានការស្រដៀងគ្នានេះផងដែរ។

ប្រទេសដាណឺម៉ាក ក្រិច បារាំង អេស្ប៉ាញ និងអង់គ្លេសកំពុងពិភាក្សាគ្នាអំពីការតាក់តែងច្បាប់ដើម្បីរឹតត្បិតការប្រើប្រាស់បណ្ដាញសង្គមព្រោះវាធ្វើឱ្យញៀន និងបង្កគ្រោះថ្នាក់សម្រាប់កុមារ។ រដ្ឋាភិបាលអង់គ្លេសថ្លែងកាលពីខែមករាថាខ្លួនត្រៀមដាក់ចេញវិធានការរឹតត្បិតដើម្បីការពារកុមារពីគ្រោះថ្នាក់ដោយសារអនឡាញបន្ទាប់ពីអូស្ត្រាលីអនុម័តច្បាប់នេះកាលពីខែធ្នូ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងអប់រំប៉ូឡូញថ្លែងថាក្រុមហ៊ុនដែលផ្ដល់សេវាបណ្ដាញសង្គមអាចនឹងទទួលរងពិន័យរហូតដល់៦%នៃប្រាក់ចំណេញរបស់ពួកគេ។ លោកស្រីថ្លែងបន្តទៀតថាយើងចាំបាច់ត្រូវតែដាក់កំហិតលើការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ក្មេងៗក្រោមអាយុ១៥ឆ្នាំ។ ទន្ទឹមនឹងនោះ យើងចាំបាច់ត្រូវគិតគូរអំពីសុខភាពផ្លូវចិត្ត និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ដោយសារបណ្ដាញសង្គមនៅក្នុងចំណោមកុមារ ប៉ាម៉ាក់របស់ពួកគេ និងសង្គមប៉ូឡូញទាំងមូល៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ