ទីក្រុងឥស្លាមម៉ាបាត៖ ប្រទេសប៉ាគីស្ថានអះអាងថានៅក្នុងប្រតិបត្តិការសឹករបស់ខ្លួនថ្មីៗនេះ ខ្លួនវាយប្រហារតាមអាកាសទៅលើគោលដៅយោធារបស់អាហ្វហ្កានីស្ថាន២២កន្លែង។ ទាហានប៉ាគីស្ថានយ៉ាងតិច១២នាក់ និងក្រុមតាលីបង់២៧៤នាក់បានស្លាប់នៅក្នុងការបាញ់តដៃគ្នាចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីអ្នកនាំពាក្យប៉ាគីស្ថាន លោកអាមេត សារីហ្វ ឆូតរី (Ahmed Sharif Chaudhry)។

ភាគីទាំង២អះអាងផ្សេងពីគ្នានូវព្រឹត្តិការណ៍ដែលបានកើតឡើង។ ក្រុមតាលីបង់ទទួលស្គាល់ថាខ្លួនពិតជាទទួលរងការវាយប្រហារតាមអាកាសមែន។ អ្នកនាំពាក្យក្រុមនេះគឺលោកហ្សាប៊ីហ៊ូឡា មូចាហ៊ីត (Zabihullah Mujahid) ថ្លែងថាអាហ្វហ្កានីស្ថានសម្លាប់ប៉ាគីស្ថាន៥៥នាក់។ ចំណែកទាហានរបស់ខ្លួនស្លាប់១៣នាក់។ អាហ្វហ្កានីស្ថានក៏បានអះអាងផងដែរថាខ្លួនវាយដណ្ដើមកាន់កាប់បន្ទាយទាហាន២កន្លែង។

តាលីបង់បានចេញសេចក្ដីថ្លែងការណ៍ដែលមានសេចក្ដីថា៖ ទាហានប៉ាគីស្ថានសរុប៥៥នាក់បានស្លាប់, មូលដ្ឋានយោធា២កន្លែងត្រូវយើងគ្រប់គ្រងបាន និងប៉ុស្តិ៍យាម១៩កន្លែងក៏ត្រូវយើងគ្រប់គ្រងបានផងដែរ។ នៅក្នុងប្រតិបត្តិការសឹកលើកនេះ យើងអាចធ្វើបានសម្រេចទៅតាមផែនការដែលបានដាក់ចេញ។ យើងផ្អាកផ្ទុះអាវុធត្រឹមពាក់កណ្ដាលអធ្រាត្រតបតាមបញ្ជារបស់នាយអគ្គសេនាធិការកងទ័ពរបស់យើង ។

អ្នកនាំពាក្យក្រុមតាលីបង់អះអាងថារដ្ឋាភិបាលរបស់ខ្លួនចង់ដោះស្រាយជម្លោះនេះតាមរយៈការសន្ទនាគ្នា។ ការប្រយុទ្ធគ្នាលើកនេះជាផ្នែកមួយនៃការប្រឈមមុខគ្នាដ៏តានតឹងរវាងប្រទេសជិតខាងទាំង២។ ប៉ាគីស្ថានប្រកាសកាលពីម្សិលមិញថាខ្លួនកំពុងធ្វើសង្គ្រាមជាចំហជាមួយអាហ្វហ្កានីស្ថាន។ តាមរយៈវីឌីអូដែលបង្ហោះនៅលើបណ្ដាញសង្គម គេឃើញផ្សែងខ្មៅងងឹតហោះហើរចេញពីតំបន់ដារូឡាម៉ាន់ (Darulaman) ជាកន្លែងរស់នៅរបស់ប្រជាជនអាហ្វហ្កានីស្ថាននៅទីក្រុងកាប៊ុលភាគខាងលិច។ ទីនេះក៏ជាកន្លែងប្រមូលផ្ដុំនៃស្ថាប័នរដ្ឋាភិបាល និងយោធាផងដែរ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ