ទីក្រុងឡាប៉ាស់៖ មនុស្សយ៉ាងតិច១៥នាក់បានស្លាប់ និង៣០នាក់ទៀតរងរបួសបន្ទាប់ពីយន្តហោះយោធាមួយគ្រឿងដែលដឹកក្រដាសប្រាក់ទើបតែបោះពុម្ពថ្មីៗរត់ខុសគន្លងផ្លូវសម្រាប់យន្តហោះ និងជ្រុលទៅចូលផ្លូវសម្រាប់អ្នកដំណើរនៅទីក្រុងសាន់តាគ្រូស (Santa Cruz) ក្បែររដ្ឋធានីឡាប៉ាស់ (La Paz)។ ក្រៅពីធ្វើឱ្យខូចខាតយន្តហោះ ហេតុការណ៍នោះក៏បណ្ដាលឱ្យខូចខាតរថយន្តរាប់សិបគ្រឿងផងដែរ។ ចំណែកក្រដាសប្រាក់បានហោះហើរចេញពីយន្តហោះរាយប៉ាយពាសពេញដី។

ប្រធានផ្នែកពន្លត់អគ្គិភ័យ លោកផាវែល ថូវ៉ា (Pavel Tovar) មិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើអ្នកដែលបានស្លាប់ទាំងនោះជាអ្នកជិះនៅក្នុងយន្តហោះ ឬក៏ជាអ្នកដំណើរនៅលើផ្លូវហាយវេក្បែរព្រលានយន្តហោះនោះទេ។ លោកគ្រាន់តែនិយាយថាមនុស្សជាច្រើននាក់រងរបួស។ តាមរយៈវីឌីអូឃ្លីបដែលផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក គេឃើញមនុស្សដណ្ដើមគ្នារើសលុយដែលធ្លាក់ចេញពីក្នុងយន្តហោះ និងឃើញនគរបាលប្រើប្រាស់ទុយោបាញ់ទឹក និងឧស្ម័នចេញទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។

នោះជាយន្តហោះម៉ាកស៊ី១៣០ហឺគ្យូល (C-130 Hercules) ប្រើសម្រាប់ដឹកជញ្ជូន។ នៅពេលបន្ទាបខ្លួនជិតដល់ដីដើម្បីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិអែលអាល់តូ (El Alto) យន្តហោះស្រាប់តែរត់ខុសគន្លងផ្លូវ ហើយក៏ងាកទៅរករុក្ខវិថីដែលនៅក្បែរនោះ។ មិនយូរប៉ុន្មាន យន្តហោះក៏ជ្រុលចង្កូតរត់ចូលទីវាលមួយកន្លែង។ គេឃើញបំណែកយន្តហោះ រួមជាមួយរថយន្តដែលខូចខាត និងសាកសពមនុស្សរាយប៉ាយពាសពេញផ្លូវ។ យន្តហោះឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅ ហើយត្រូវក្រុមអគ្គិភ័យពន្លត់បានទាំងស្រុង។

ក្រសួងការពារជាតិបូលីវីទទួលស្គាល់ថាពិតជាមានហេតុការណ៍យន្តហោះបើកធ្លាក់ផ្លូវមែន។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់លម្អិតទេ។ យន្តហោះនេះជារបស់កងទ័ពអាកាសបូលីវី និងដឹកជញ្ជូនក្រដាសប្រាក់ចេញពីធនាគារកណ្ដាល (ធនាគារជាតិ) ដើម្បីយកទៅតម្កល់ទុកនៅតាមទីក្រុងនានា។ ហេតុនេះនៅពេលយន្តហោះជួបនឹងឧបទ្ទវហេតុដូចខាងលើ ក្រដាសប្រាក់ក៏ធ្លាក់ចេញពីក្នុងយន្តហោះ៕ ប្រភព៖ ដឹហ្កាឌាន (The Guardian) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ