ទីក្រុងញូដេលី៖ ឥណ្ឌាប្រកាសថ្កោលទោសប៉ាគីស្ថានជាទម្ងន់ចំពោះការវាយប្រហារតាមអាកាសទៅលើអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោករ៉ាន់ធា ចៃស្វាល់ (Randhir Jaiswal) បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាការវាយប្រហារនោះបណ្ដាលឱ្យស្លាប់ជនស៊ីវិលមួយចំនួន រួមទាំងស្ត្រី និងកុមារផងដែរ។ លោកថាការវាយប្រហារនេះក៏ធ្វើឡើងចំពេលដែលសាសនិកឥស្លាមបួសតមអាហារនៅអំឡុងបុណ្យរ៉ាម៉ាដន (Ramadan)។

លោកសរសេររៀបរាប់បន្តទៀតថាវាជាការប៉ុនប៉ងថ្មីមួយទៀតរបស់ប៉ាគីស្ថានដែលអសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៅក្នុងប្រទេសខ្លួនឯង ប៉ុន្តែទម្លាក់កំហុសដាក់ប្រទេសដទៃ។ ដូច្នេះ លោកថាឥណ្ឌាសូមបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់អាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យរូបនេះគ្រាន់តែបង្ហើបឱ្យដឹងថាមានអ្នកស្លាប់ច្រើន ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាមានប៉ុន្មាននាក់នោះទេ។

ក្រោយការបញ្ចេញសារនយោបាយរបស់អ្នកនាំពាក្យឥណ្ឌាដូចខាងលើនេះ រដ្ឋាភិបាលប៉ាគីស្ថាននៅរក្សាភាពស្ងៀមស្ងាត់សិន មិនទាន់ឆ្លើយតបទៅវិញទេ។ ការវាយប្រហារគ្នាដ៏ខ្លាំងក្លានៅថ្ងៃនេះកើតឡើងបន្ទាប់ពីមានការបាញ់តដៃគ្នានៅតាមព្រំដែនកាលពីក្បាលព្រលប់ថ្ងៃព្រហស្បតិ៍។ ក្រុមតាលីបង់អះអាងថាទាហានប៉ាគីស្ថានស្លាប់៥៥នាក់។ ចំណែកប៉ាគីស្ថានអះអាងថាខ្លួនបានវាយបកវិញតាមអាកាសស្លាប់ក្រុមតាលីបង់១៣៣នាក់។ ទោះជាយ៉ាងណាក្ដី តាលីបង់ថាក្រុមរបស់ខ្លួនគ្មានស្លាប់សូម្បីតែម្នាក់។

រហូតមកដល់ពេលនេះ នៅលើពិភពលោកមានតែឥណ្ឌាមួយគត់ដែលប្រកាសថ្កោលទោសប៉ាគីស្ថាន។ ក្រៅពីនោះរក្សាភាពស្ងប់ស្ងាត់ ឬអំពាវនាវឱ្យភាគីទាំង២ប្រើប្រាស់ការអត់ធ្មត់ដើម្បីកុំឱ្យសង្គ្រាមផ្ទុះឡើងកាន់តែខ្លាំង។ ពិភពលោកកំពុងតាមដានស្ថានការណ៍នេះដោយយកចិត្តទុកដាក់ព្រោះសភាពការណ៍មិនសូវជាល្អប៉ុន្មានទេ។ សង្គ្រាមអ៊ុយក្រែនក៏មិនទាន់ចប់, នៅអ៊ីរ៉ង់ឯណោះក៏មិនទាន់ដឹងថាចរចានុយក្លេអ៊ែរអាចឈានដល់កិច្ចព្រមព្រៀងដែរឬទេ។ បើមិនអាចចរចាត្រូវរ៉ូវគ្នាទេ សង្គ្រាមអាចនឹងផ្ទុះឡើង។

ប្រទេសរុស្ស៊ីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានអំពាវនាវឱ្យភាគីទាំង២ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាតាមមធ្យោបាយការទូត។ រុស្ស៊ីក៏ប្រកាសធ្វើជាអ្នកសម្របសម្រួលបញ្ហានេះផងដែរបើសិនមានសំណូមពរ។ ចំណែកប្រទេសចិនដែលជាមហាមិត្តរបស់ប៉ាគីស្ថានសម្ដែងកង្វល់យ៉ាងខ្លាំងនៅពេលសភាពការណ៍ឡើងកម្ដៅយ៉ាងឆាប់រហ័សដល់ថ្នាក់នេះ។

ប្រទេសចិនតែងតែដើរតួនាទីជាអ្នកសម្របសម្រួលជម្លោះតាមបណ្ដាញទំនាក់ទំនងរបស់ខ្លួនផ្ទាល់។ អ្នកនាំពាក្យចិន លោកស្រីម៉ៅនីង (Mao Ning) ថ្លែងថាប្រទេសចិននឹងដើរតួនាទីបែបស្ថាបនាដើម្បីព្យាយាមបន្ធូរបន្ថយសភាពការណ៍នេះកុំឱ្យតឹងតែងខ្លាំងពេក។ នៅទីក្រុងញូយ៉កឯណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏កំពុងតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ផងដែរ។ លោកសម្ដែងការខ្វាយខ្វាល់យ៉ាងខ្លាំងនៅពេលអំពើហិង្សាផ្ទុះឡើងយ៉ាងគំហុកបែបនេះ។

នៅក្នុងសារលិខិតមួយច្បាប់ដែលអានដោយអ្នកនាំពាក្យរបស់លោក លោកហ្គូតេរ៉េស (Guterres) សូមជំរុញឱ្យប្រទេសទាំង២អនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួនដូចមានចែងនៅក្នុងច្បាប់អន្តរជាតិនិយាយជាទូទៅ និងនិយាយឱ្យជាក់ច្បាស់ជាងនេះទៀតគឺច្បាប់មនុស្សធម៌អន្តរជាតិ។ លោកចង់រំលេចឱ្យឃើញពីភាពចាំបាច់ដែលប្រទេសទាំង២ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើការការពារអាយុជីវិតរបស់ជនស៊ីវិល៕ ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ