ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃថា បានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើការ​បដិសេធ​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​ថៃ​ថា​កម្ពុជា​បាន​ប្រើប្រាស់​ប្រាសាទព្រះវិហារ​ជាទី​តាំង​យោធា ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ធ្វើការ​បដិសេធ​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​ថៃ​ថា​កម្ពុជា​បាន​ប្រើប្រាស់​ប្រាសាទព្រះវិហារ​ជាទី​តាំង​យោធា ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រ​តិ​អន្តរជាតិ​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​លើក​ឡើង​ថ្មី​ៗ​នេះ របស់​អ្នកការទូត​ជាន់ខ្ពស់​ប្រទេស​ថៃ​ដូចដែល​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ដោយ​ចោទប្រកាន់​ថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ប្រាសាទព្រះវិហារ ជាទី​តាំង​យោធា ។

កម្ពុជា សូម​អះអាង​ថា ប្រាសាទព្រះវិហារ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​មាន​តម្លៃ​វិសេសវិសាល​ជា​សកល​របស់​អង្គការ​យូ​ណេ​ស្កូ គឺជា​បូជនីយដ្ឋាន​វប្បធម៌ និង​សាសនា​ដ៏​ពិសិដ្ឋ ។ ទីតាំង​នេះ ពុំដែល​ត្រូវ​បាន​រៀបចំ​អភិវឌ្ឍ ឬ​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​ឡើយ ។

ប្រភព​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ឡា​អេ ឆ្នាំ​១៩៥៤ និង​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៧២ កម្ពុជា​តែង​ប្រកាន់ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ពេញលេញ​ក្នុង​ការ​ការពារ និង​ថែរក្សា​ទីតាំង ព្រមទាំង​ទ្រព្យសម្បត្តិ​វប្បធម៌​ទាំងនេះ សម្រាប់​តែ​គោលដៅ​សកម្មភាព​សន្តិភាព វប្បធម៌ និង​សាសនា​ប៉ុណ្ណោះ ។ វត្តមាន​របស់​ឆ្នាំ​សន្តិសុខ​កម្ពុជា ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការពារ​អធិបតេយ្យ​កម្ពុជា​លើ​ទីតាំង​នេះ មិន​អាច​បកស្រាយ​ថា ជា​ការ​ប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណង​យោធា​បាន​ឡើយ ។

ការ​គ្រប់គ្រង​ទីតាំង​នេះ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​បេតិកភណ្ឌ​ស៊ី​វិល ដែល​មាន​សមត្ថកិច្ច ហើយ​ការ​រៀបចំ​សន្តិសុខ ណាមួយ​នៅ​ទីតាំង​នេះ គឺ​មានការ​ដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង​ដែល​មាន​លក្ខណៈ​រក្សា​ការពារ និង​សមាមាត្រ​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិរក្ស​ការពារ​ទីតាំង​នោះ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ប៉ុនប៉ង​ពិពណ៌នា​ប្រាសាទព្រះវិហារ​ថា ជាទី​តាំង​យោធា គឺជា​ការ​មិន​អើពើ​លើ​តថភាព​ផ្នែក​ច្បាប់​ដែល មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អំណាចតុលាការ​អន្តរជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់ ។ កម្ពុជា​តែង​ប្រកាន់ខ្ជាប់​ចំពោះ​ច្បាប់​អន្តរជាតិ ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​ចូលរួម​សហការ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​សហគមន៍​ពិភពលោក​។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បញ្ជាក់​ជា​ថ្មី​ថា ប្រាសាទព្រះវិហារ​នឹង​នៅ​តែ​ជា​ប្រាសាទ​សន្តិភាព វប្បធម៌ និង​បេតិកភណ្ឌ​មនុស្សជាតិ​រួម ពោល​គឺ​មិនមែន​ជាទី​តាំង​ប្រើ​ក្នុង គោលបំណង​យោធា​នោះ​ទេ ហើយ​ការ​ការពារ​តំបន់​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​ការ​ទទួលខុសត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ