ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាកំណើត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ធ្លាក់​ចុះ​រយៈពេល ១០ ឆ្នាំ​ជាប់​គ្នា

1 នាទី មុន

ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​នៅ​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា អត្រាកំណើត​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​ឆ្នាំ ២០២៥…

ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​នៅ​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា អត្រាកំណើត​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល ១០ ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​ឆ្នាំ ២០២៥ ដោយ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​សម្រាប់​លោកស្រី​នាយក​រដ្ឋមន្ត្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi)​។

ទិន្នន័យបឋម​របស់​ក្រសួងសុខាភិបាល​ជប៉ុន​បង្ហាញ​ថា ទារក​សរុប​ចំនួន ៧០៥ ៨០៩ នាក់​បាន​កើត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ធ្លាក់​ចុះ ២,១% បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២៤​។ ទិន្នន័យ​នេះ​រួម​មានកំណើត​របស់​ជនជាតិ​ជប៉ុន​នៅ​ក្នុង​ប្រទេស​ជប៉ុន កំណើត​ជនបរទេស​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ទារក​កើត​ពី​ជនជាតិ​ជប៉ុន​នៅ​បរទេស​។

តួលេខ​កាលពី​ឆ្នាំ​មុន​ក៏​បាន​បង្ហាញ​ថា ចំនួន​មនុស្ស​ដែល​មាន​អាយុ ១០០ ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ជិត ១០ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​ជិត ៩០% ជា​ស្ត្រី​។ ចំនួន​ប្រជាជន​ដែល​កំពុង​ថយ​ចុះ​ក៏​កំពុង​បំផ្លាញ​សហគមន៍​ជនបទ​ផង​ដែរ ដោយ​ចំនួន​ផ្ទះសម្បែង​ដែល​គេ​បោះបង់​ចោល​នៅ​ក្នុង​ប្រទេស​ជប៉ុន​ឥឡូវនេះ​មាន​ប្រហែល ៤ លាន​ខ្នង​។

ជប៉ុន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៤ ពិភពលោក ស្ថិត​នៅ​ក្នុង​ប្រទេស​មាន​អត្រាកំណើត​ទាប​បំផុត​មួយ​របស់​ពិភពលោក និង​ចំនួន​ប្រជាជន​ធ្លាក់​ចុះ ដែល​កំពុង​នាំ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​រួច​ទៅ​ហើយ រួម​ទាំង កង្វះខាត​កម្លាំង​ពលកម្ម សេវា​សន្តិសុខ​សង្គម​កើនឡើង​ខ្ពស់ និង​កម្មករ​តិច​ជាង​មុន​ដែល​បង់ពន្ធ​។ បញ្ហា​នេះ​កំពុង​បន្ថែម​ទៅ​លើ​បំណុល​ដ៏​ច្រើន​របស់​ប្រទេស​ជប៉ុន ដោយ​វា​មាន​សមាមាត្រ​បំណុល​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​។

មេដឹកនាំ​ជប៉ុន​ពី​មុន​ៗ រួម​ទាំង​លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី ដែល​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ប្រទេស​នេះ បាន​សន្យា​ថា​នឹង​បង្កើន​អត្រាកំណើត ប៉ុន្តែ​ការ​សន្យា​ទទួល​បាន​ជោគជ័យ​មាន​កម្រិត​នៅឡើយ​។ លោកស្រី​នាយក​រដ្ឋមន្ត្រី តា​កា​អ៊ី​ឈី បាន​ថ្លែង​នៅ​ក្នុង​សភា​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អត្រាកំណើត​ធ្លាក់​ចុះ និង​ចំនួន​ប្រជាជន​ថយ​ចុះ គឺជា​ស្ថានភាព​អាសន្ន​ដ៏​ស្ងប់ស្ងាត់​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​ចុះ​ខ្សោយ​បន្តិច​ម្តង​ៗ​។

គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់​អំណាច​របស់​លោកស្រី តា​កា​អ៊ី​ឈី បាន​ឈ្នះ​សំឡេង​ភាគច្រើន ២ ភាគ ៣ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ កន្លង​ទៅ​។
ការ​បង្កើន​អត្រា​អន្តោប្រវេសន៍​នឹង​រួមចំណែក​ជួយ​បញ្ច្រាស​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​របស់​ប្រទេស​ជប៉ុន និង​បញ្ហា​ពាក់ព័ន្ធ​ក្នុង​ទីផ្សារ​ការងារ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក្រោម​សម្ពាធ​ពី​គណបក្ស Sanseito នោះ លោកស្រី​តា​កា​អ៊ី​ឈី បាន​សន្យា​ថា​នឹង​ចាត់វិធានការ​កាន់តែ​តឹងរ៉ឹង​លើ​សកម្មភាព​អន្តោប្រវេសន៍​។

ដ្បិត​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ថា ខ្លួន​កំពុង​តែ​ខិតខំ​កសាង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹង​មាំ ដើម្បី​កាត់​បន្ថយ​បន្ទុក​សេដ្ឋកិច្ច​នៃ​ការ​ថែទាំ​កុមារ​សម្រាប់​គ្រួសារ​កម្មករ​៕ ប្រភព ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ