ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការការឃាត់ខ្លួនបន្តបន្ទាប់ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តកំពង់កំពង់ស្ពី។
ការឃាត់ខ្លួនក្រុមជនសង្ស័យបន្តបន្ទាប់ធ្វើឡើងកាលពីវេលាម៉ោង១២និង២២ នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោងម៉ោង១២និង២២នាទីរសៀល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង សារ៉ាន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ជាប់ពាក់ករណីគ្រឿងញៀន ស្ថិតនៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ យ៉ាន បញ្ញាឫទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។
ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ លុះដល់វេលាម៉ោង០១និង៥៨នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តសហការកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត មានឈ្មោះ ជៀប ឈុនលី(ហៅជុង) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់មធ្យម(ទំងន់ ២០៩.៦៤ក្រាម),ទូរស័ព្ទចំនួន ០៣គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង,ដែកកេះចំនួន០២,កាបូបស្ពាយចំនួន០១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក,ម៉ូតូចំនួន ០១គ្រឿង,កាតគ្រីម៉ូតូចំនួន ០១សន្លឹក និងថង់ច្រកគ្រឿងញៀនមួយចំនួនផងដែរ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថាបច្ចុប្បន្នក្រុមជនសង្ស័យទាំងពីរនាក់ខាងលើ រួមជាមួយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី៕



ចែករំលែកព័តមាននេះ