ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សន្ទុះសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥៖ មនុស្សជាង ១០លាននាក់មានការងារធ្វើ ខណៈយុទ្ធនាការ “ខ្មែរជួយខ្មែរ” ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស

3 ម៉ោង មុន

​(រាជធានីភ្នំពេញ)៖​ ក្នុងបរិការណ៍សកលលោកឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងគំហុក កម្ពុជាមិនត្រឹមតែបង្ហាញនូវភាពធន់យ៉ាងមហិមាចំពោះមុខវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្រេចនូវសមិទ្ធផលគួរឱ្យមោទនៈ តាមរយៈកំណើនអ្នកមានការងារធ្វើក្នុងស្រុកដែលបានហក់ឡើងដល់ប្រមាណ ១០,៧ លាននាក់។ តួលេខដ៏ខ្ពស់​នេះ…

​(រាជធានីភ្នំពេញ)៖​ ក្នុងបរិការណ៍សកលលោកឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងគំហុក កម្ពុជាមិនត្រឹមតែបង្ហាញនូវភាពធន់យ៉ាងមហិមាចំពោះមុខវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្រេចនូវសមិទ្ធផលគួរឱ្យមោទនៈ តាមរយៈកំណើនអ្នកមានការងារធ្វើក្នុងស្រុកដែលបានហក់ឡើងដល់ប្រមាណ ១០,៧ លាននាក់។ តួលេខដ៏ខ្ពស់​នេះ តំណាងឱ្យការកើនឡើងនូវកម្លាំងពលកម្មប្រមាណ ៨០ ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤ ដែលជាសញ្ញាណវិជ្ជមានបង្ហាញពីភាពរស់រវើកនៃទីផ្សារការងារកម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ពីតុល្យភាពនៃកម្លាំងពលកម្មតាមវិស័យស្នូល រួមមានវិស័យសេវាកម្មដែលមានអ្នកបម្រើការងាររហូតដល់ ៤,៩ លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣ លាននាក់ និងវិស័យកសិកម្មប្រមាណ ២,៨ លាននាក់។ ទន្ទឹមនឹងកំណើនមនុស្ស កំណើនសហគ្រាសក៏មានសន្ទុះគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះមានសហគ្រាសចុះបញ្ជីសរុបចំនួន ៤៦ ៦៤៩ សហគ្រាស ដែលផ្តល់ការងារផ្ទាល់ដល់កម្មករនិយោជិតប្រមាណ ២,២ លាននាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងថា អ្វីដែលជាចំណុចរបត់ដ៏សំខាន់សម្រាប់ឆ្នាំ២០២៥ គឺយុទ្ធសាស្ត្រប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស តាមរយៈការស្រូបទាញអតីតពលករខ្មែរមកពីប្រទេសថៃប្រមាណ ៦២ ម៉ឺននាក់ ឱ្យទទួលបានការងារធ្វើក្នុងស្រុកវិញ ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។ លទ្ធផលនេះកើតចេញពីវិធានការបុរេសកម្មជាបន្តបន្ទាប់ ដូចជាការពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ ១២៩៧ ដែលបម្រើសេវា ២៤ ម៉ោងលើ ២៤ ម៉ោង យុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងការរៀបចំវេទិកាការងារចុះផ្ទាល់ដល់មូលដ្ឋានឃុំ-សង្កាត់ ដើម្បីនាំយកឱកាសការងារទៅដល់ដៃបងប្អូនអតីតពលករផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលទទួលបានការសាទរយ៉ាងខ្លាំងពីវិស័យឯកជន និងសាធារណជននាពេលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទោះបីជាត្រូវឈរជើងក្នុងស្ថានភាពដ៏តានតឹង រួមទាំងការរំលោភបំពានអធិបតេយ្យភាពនៅតាមបណ្តោយព្រំដែនពីសំណាក់យោធាថៃក្តី ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត និងធានាបាននូវបរិយាកាសវិនិយោគប្រកបដោយចីរភាព ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនជានិរន្តរ៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ