ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ ចាប់ពី​ខែមីនា​តទៅ ម្ចាស់​ស្នាក់​នៅ​គ្រប់​ប្រភេទ​ត្រូវ​តែ​អនុវត្តកាតព្វ​កិច្ច​រាយការណ៍​ជូន​សមត្ថកិច្ច បើ​មិន​ដូច្នេះ​នឹង​អនុវត្ត​ការ​ពិន័យ

56 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ជា​មុន ទៅ​កាន់​ម្ចាស់​ទីតាំង​ស្នាក់​នៅ​គ្រប់​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ជា​មុន ទៅ​កាន់​ម្ចាស់​ទីតាំង​ស្នាក់​នៅ​គ្រប់​ប្រភេទ មិន​ថា ស​ណ្ឋា គារ ផ្ទះសំណាក់ ឬ​ម្ចាស់​អគារ​ស្នាក់​នៅ នានា ដែល​មាន​ជនបរទេស​ស្នាក់​នៅ ត្រូវ​តែ​អនុវត្ត​កាតព្វកិច្ច​រាយការណ៍​ជូន​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​នឹង​អនុវត្ត​ការ​ពិន័យ ចាប់ពី​ដើមខែ​មីនា ឆ្នាំ​២០២៦ នេះ​តទៅ ។

ការ​រំលឹក​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្មវិធី​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​១៩ ក្រោម​ប្រធានបទ យើង​រួម​គ្នា​ដើម្បី​កម្ពុជា គ្មាន​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អន​ឡាញ ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ភ្ជាប់​នឹង​ការ​រំលឹក​ដាស់តឿន​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ចាត់​ទុក ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ ជា​ការ​បង្ហាញ​នូវ​ជំហរ​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គោរព និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​មិន​មានការ​រើសអើង ជា​ស្មារតី​សាមគ្គីភាព និង​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​សុខ​សុវត្ថិភាព និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​កលល្បិច​ដ៏​ពិសពុល​របស់​ជនល្មើស គួប​ផ្សំ​នឹង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scams) ដ៏​ទំនើប ដែល​អូស​ទាញ​មនុស្ស ឱ្យ​ធ្លាក់​ក្នុង​ភាព​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា ជនបរទេស​ដែល​ស្នាក់​នៅ​តាម​ទីតាំង​នានា​ដោយ​ពុំ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ពី​សំណាក់​ម្ចាស់​ទីតាំង ស្ថិត​ក្នុង​ចំណោម​ជនបរទេស​ដែល​អាច​សំងំ​ប្រព្រឹត្ត​បទល្មើស ។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​ប្រកាស​ជា​ឱឡារិក​ថា រាជរដ្ឋាភិបាល
កម្ពុជា ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង ក្នុង​ការ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ សន្តិសុខ​សង្គម និង​សន្តិភាព​ជាតិ ឱ្យ​នៅ​ស្ថិតស្ថេរ​យូរអង្វែង​តទៅ ដោយ​លុប​បំបាត់​ឱ្យ​ខាង​តែ​បាន​នូវ​រាល់​ឧក្រិដ្ឋកម្ម ដែល​កើត​មាននៅ​លើ​ទឹកដី​កម្ពុជា ។

ឯកឧត្តម​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ការពារ​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ជនបរទេស​ទាំងឡាយ​ណា ដែល​បាន​និង​កំពុង​ស្នាក់​នៅ​លើ​ទឹកដី​កម្ពុជា ឱ្យ​មាន​សុវត្ថិភាព និង​ទទួល​បាន​នូវ​កិច្ច​ការពារ​តាម​គោលការណ៍​ច្បាប់ ដោយ​ឥត​រើសអើង និង​មិន​បណ្តែតបណ្តោយ​ឱ្យ​បទល្មើស រីក​ធំធាត់ ក្លាយជា​ឧបសគ្គ​ដល់​ដំណើរការ នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ លើ​គ្រប់វិស័យ ដែល​ជា​គោលដៅ​ចម្បង​របស់​ជាតិ ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​បាន​និង​កំពុង​អនុវត្ត​យ៉ាង​រលូន ក្នុង​ដំណាក់កាល​ទី​១ និង​បន្តបន្ទាប់​។

បើ​តាម​របាយការណ៍ លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​បាន​សរុប​ចំនួន​៧៩​ករណី លើ​២៨​ករណី (​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ គឺ​កើនឡើង​បី​ដង​) ក្នុង​នោះ ឃាត់ខ្លួន​សង្ស័យ​សរុប​បាន​ចំនួន​១៣០​នាក់ និង​បង្ក្រាប​បទល្មើស​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បាន​១០១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៤៤​នាក់​។

ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ គឺជា​យុទ្ធនាការ​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​ការ​យល់​ដឹង អំពី​អំពើ​ជួញដូរ​មនុស្ស ដែល​បាន និង​កំពុង​ក្លាយជា​ឧបសគ្គ​ដ៏​ធំ ក្នុង​ការ​កសាង​នូវ​សន្តិសុខ សុវត្ថិភាព​ក្នុង​តំបន់ និង​ក្នុង​សកលលោក​ដែល​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នូវ​ធនធានមនុស្ស ដែល​ជា​កម្លាំង​ពលកម្ម​ដ៏​មាន​សក្តានុពល សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​នៃ​បណ្តា​ប្រទេស ក្នុង​តំបន់ និង​ក្នុង​សកលលោក​។

ប្រមុខ​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា សមិទ្ធផល​ដែល​សម្រេច​បាន​នេះ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ក្នុង​ការ​ចូលរួម​សហការ និង​ស្មារតី​លះបង់​ខ្ពស់ ស្រប​ពេល​ដែល​ពិភពលោក បាន​និង​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ស្មុគស្មាញ​ជា​បន្តបន្ទាប់ ដូច​ជា បញ្ហា​កូ​វី​ដ​-១៩ គ្រោះ​ធម្មជាតិ និង​បម្រែបម្រួល​អាកាសធាតុ ដែល​បង្ក​ឱ្យ​មានការ​ខ្វះខាត​ស្បៀង ទីជម្រក និង​សុវត្ថិភាព ព្រមទាំង​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ ការ​បំផ្លាញ​ទឹកដី និង​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា​កែ​ច្នៃ បំប្លែង​រូបភាព សំឡេង​ដែល​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ និង​បំពុល​ព័ត៌មាន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​។

សូម​ជម្រាប​ថា យោង​តាម​អនុក្រឹត្យ​លេខ​០៣ ចុះហត្ថលេខា​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ នេះ ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ដែល​ធ្វេសប្រហែស​ខក​ខានមិនបាន បំពេញ​កាតព្វកិច្ច ដូច​មាន​ចែង​ក្នុង​មាត្រា​១៦​នៃ​អនុក្រឹត្យ​នេះ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៤០០ ០០០​រៀល ដោយ​មិន​ទាន់​គិតដល់​ព្យសនកម្ម​ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​នេះ​ឡើយ​។

បើ​តាម​អនុក្រឹត្យ​ដដែល​ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ឬ​អ្នកគ្រប់គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ដែល​មាន​ចេតនា​លាក់បាំង និង​អនុញ្ញាត​ឱ្យ​ជនបរទេស​ដែល​ចូល​មក​ព្រះរាជាណាចក្រកម្ពុជា​ដោយ​ខុសច្បាប់ ស្នាក់​នៅ​ក្នុង​ទីតាំង​ស្ថិត​នៅ​ក្រោម​ការ ទទួលខុសត្រូវ​របស់​ខ្លួន ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៤ ០០០ ០០០ រៀល សម្រាប់​ជនបរទេស​ម្នាក់ ដោយ​មិន​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ