ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងរីករាយ ! សំបុកអណ្តើកហ្លួងទី៣ ត្រូវរកឃើញវិញហើយបន្ទាប់ពីបាត់ដានពេញមួយឆ្នាំ២០២៥

2 ម៉ោង មុន

ខេត្តកោះកុង ៖ និរន្តរភាព​នៃ​ជីវចម្រុះ​ក្នុង​តំបន់​អភិរក្ស​កម្ពុជា កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​ថ្មី បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​ទី​៣ សម្រាប់​ដើមឆ្នាំ​២០២៦​នេះ​។ ជាក់ស្តែង រដ្ឋបាល​ជលផល​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា…

ខេត្តកោះកុង ៖ និរន្តរភាព​នៃ​ជីវចម្រុះ​ក្នុង​តំបន់​អភិរក្ស​កម្ពុជា កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​ថ្មី បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​ទី​៣ សម្រាប់​ដើមឆ្នាំ​២០២៦​នេះ​។

ជាក់ស្តែង រដ្ឋបាល​ជលផល​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ សំបុក​អណ្តើក​ហ្លួង​ទី​៣ ត្រូវ​បាន​រក​ឃើញ​នា​ដើម ឆ្នាំ​២០២៦ នេះ ។ នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុម​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​១​ទីតាំង ដែល​មាន​គ្រាប់​ពង​សរុប​២៥​គ្រាប់ នៅ​ឆ្នេរ​ខ្សាច់​អន្លង់​ត្រាំ​ង នៃ​ព្រែក​កំពង់​លើ ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ។ នេះ​ជា​សំបុក​ទី​៣ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​២០២៦​នេះ​។

បច្ចុប្បន្ន ក្រុមការងារ​បាន​ចល័ត​ពង​ទាំងនោះ ទៅ​ភ្ញាស់​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព ដើម្បី​ការពារ និង​តាមដាន​ការ​ញាស់ ដោយ​ធានា​បាន​នូវ​អត្រា​គង់វង្ស​ខ្ពស់ ។

សូម​បញ្ជាក់​ថា ក្រុមការងារ​បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​២​ទីតាំង​ក្នុង​ឆ្នាំ​២០២៤ ពុំ​មាន​រក​ឃើញ​ក្នុង​ឆ្នាំ​២០២៥ និង​រក​ឃើញ​ឡើង​វិញ ៣​ទីតាំង នា​ដើមឆ្នាំ​២០២៦​នេះ ។ សកម្មភាព​ទម្លាក់​ពងអណ្តើក​ហ្លួង​ក្នុង​ជម្រក​ធម្មជាតិ​នេះ បាន​បញ្ជាក់​អំពី​សុខភាព​ល្អ​នៃ​អណ្តើក​ហ្លួង ជម្រក និង​អេកូឡូស៊ី នៃ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ។

អណ្តើក​ហ្លួង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ឧរង្គសត្វ​និមិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ ន​ស​/​រក​ត​/០៣០៥/១៤៩ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០០៥ និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់ ដោយ​អនុក្រឹត្យ​លេខ​១២៣ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០០៩ ។ ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ជិត​ផុត​ពូជ ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN និង​ស្ថិត​ក្នុង​ឧ​ប​សម្ព័ន្ធ​១ នៃ​អនុ​ញ្ញា​សាយ​តេស​ផង​ដែរ​។

ប្រព័ន្ធ​ព្រែក​ស្រែអំបិល គឺជា​កន្លែង​ការពារ និង​អភិរក្ស​ដ៏​សំខាន់​បំផុត​នៅ​កម្ពុជា ព្រោះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​អណ្តើក​ហ្លួង​រស់នៅ​និង​ពង​កូន ។

ដូចនេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ WCS រដ្ឋបាល​ខេត្តកោះកុង​និង​ព្រះ​សីហ​នុ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ បាន​យកចិត្តទុកដាក់​ការពារ​ប្រភេទ​នេះ​ចាប់ពី​ឆ្នាំ​២០០០ តាម​រយៈ​ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​អប់រំ​ផ្សព្វផ្សាយ កា​សិក្សា​ស្រាវជ្រាវ ការ​បង្កាត់​ភ្ញាស់​និង​លែង ដើម្បី​ធានា​និរន្តរភាព​នៃ​ប្រភេទ​នេះ​ក្នុង​ដែនទឹក​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ