រាជធានីភ្នំពេញ ៖ ជសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងចេញពីទីតាំងផ្ទះជួលមួយកន្លែង ប៉ុន្តែលួចបានហើយ មិនអាចបញ្ឆេះជិះបានទេ ព្រោះម៉ូតូនោះជាប់សន្ទះសោ មិនអាចចាក់សោបញ្ឆេះជិះបាន ក៏នាំគ្នាអូសបណ្ដើរម៉ូតូនោះចេញពីកន្លែងកើតហេតុ យកទៅលាក់ទុកកន្លែងណាមួយ ។ ប៉ុន្តែប៉ះចំថ្ងៃស៊យអស់លក្ខណ៍ ដោយត្រូវបានម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោថា«ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ ជួយដេញតាមចាប់បានម្នាក់ភ្លាមៗ រួចប្រគល់ឲ្យនគរបាលនាំទៅសាកសួរ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ជនសង្ស័យម្នាក់ដែលត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាននោះឈ្មោះ សំ ណេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ពុំពិតប្រាកដ និងស្នាក់នៅពុំពិតប្រាកដ ។ ចំណែកបក្ខពួកម្នាក់ទៀតដែលមានសំណាងបានរត់គេចខ្លួនរួចនោះឈ្មោះ អា យួន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរពុំពិតប្រាកដ និងស្នាក់នៅពុំពិតប្រាកដដែរ ។
ជនសង្ស័យ២នាក់នោះបានលួចម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីតសេ១១០ ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1KE-8515ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ស៊ុក ភ័ក្ត្រា អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលលេខ៣ ស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនស៊ុក ភ័ក្ត្រា បានជិះម៉ូតូ១គ្រឿងខាងលើចេញពីធ្វើការទៅកាន់បន្ទប់ជួលមិត្តភក្តិរបស់ខ្លួនស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលទៅដល់បានចតម៉ូតូទុកនៅក្រោមជណ្តើរផ្ទះជួលខាងលើដោយបានចាក់សោ ក និងបិទសន្ទះសោត្រឹមត្រូរួចរាល់ ទើបឡើងទៅដេកនៅបន្ទប់ជាន់ទី១ ហើយក៏ដេកលង់លក់ទៅ ។
នគរបាលបានប្រាប់បន្ថែមទៀតថា រហូតដល់វេលាម៉ោងកើតហេតុខាងលើ ទើបក្រោកពីដេកហើយបានមើលបាល់ទាត់តាមទូរស័ព្ទដៃ ហើយមួយសន្ទុះក្រោយមកទៀត បានដើរចេញពីក្នុងបន្ទប់ជួលអឺតមើលម៉ូតូដែលខ្លួនទុកនៅក្រោមជណ្ដើរផ្ទះជួលក៏ស្រាប់តែបាត់មិនឃើញ រួចក៏បានស្ទុះរត់ចុះមកក្រោម ។ ពេលនោះស្រាប់តែឃើញសង្ស័យទាំង២នាក់ខាងលើកំពុងអូសបណ្តើរម៉ូតូរបស់ខ្លួននៅតាមផ្លូវចម្ងាយប្រមាណ២០ម៉ែត្រពីបន្ទប់ជួល ទើបជនរងគ្រោះស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនសង្ស័យទាំង២នាក់ភ័យពេកបានផ្ដួលម៉ូតូរបស់ជនរងគ្រោះចោលរួចរត់គេចខ្លួន ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពេលមានសម្រែកថាចោរៗបែបនេះ ប្រជាពលរដ្ឋនៅទីនោះ ក៏បានចេញជួយចាប់ជនសង្ស័យបានម្នាក់ឈ្មោះ សំ ណេង រីឯបក្ខពួកឈ្មោះ អា យួន រត់គេចខ្លួនបាត់ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅកាន់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នពេញ ចាត់ការតាមច្បាប់តែម្តង ៕


ចែករំលែកព័តមាននេះ