ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​ថៃ​ធ្លាក់​ចុះ​ជាង ១៧% ដើម​ឆាំ្ន​នេះ បង្កើត​ក្តី​បារម្ភ​ការ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​រយៈពេល​៥​ឆ្នាំ

5 ម៉ោង មុន

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ក្នុង​ខែមករា​កន្លង​ទៅ ដែល​បង្កើន​ការ​ព្រួយបារម្ភ​ថា ការ​ដឹក​ជញ្ជូន​ពេញ​មួយ​ឆ្នាំ ២០២៦ អាច​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ…

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នៅ​ក្នុង​ខែមករា​កន្លង​ទៅ ដែល​បង្កើន​ការ​ព្រួយបារម្ភ​ថា ការ​ដឹក​ជញ្ជូន​ពេញ​មួយ​ឆ្នាំ ២០២៦ អាច​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ ដោយសារ​តែ​ប្រាក់​បាត​ឡើងថ្លៃ​ខ្ពស់ និង​ការ​ប្រកួតប្រជែង​ទូ​ទាំង​ពិភពលោក​កាន់តែ​កើនឡើង​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​ថៃ Khaosod ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦​។

លោក ឈូ​កៀត អូ​ផា​វង្ស (Chookiat Ophaswongse) ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​ថ្លែង​ថា ការ​នាំ​ចេញ​ក្នុង​ខែមករា​មាន​ចំនួន​សរុប ៥៣ ម៉ឺន​តោន ធ្លាក់​ចុះ ១៧,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយ​តម្លៃ​នាំ​ចេញ​ធ្លាក់​ចុះ ៣០,៧% នៅ​ត្រឹម ៩,៧ ពាន់​លាន​បាត ឬ​ជាង ៣១២ លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជា​មធ្យម​ប្រហែល ៥០ ម៉ឺន​តោន​ក្នុង​មួយ​ខែ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ ខណៈ​ដែល​វិស័យ​នេះ​ប្រឈម​មុខ​នឹង​ឧបសគ្គ​កាន់តែ​ខ្លាំង​ឡើង​។

សមាគម​ព្យាករ​ថា ការ​នាំ​ចេញ​អង្ករ​សរុប​របស់​ថៃ​នៅ​ឆ្នាំ ២០២៦ មាន​ចំនួន ៧,០៣ លាន​តោន ធ្លាក់​ចុះ ១១% ពី ៧,៩ លាន​តោន​កាលពី​ឆ្នាំ ២០២៥ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ​។ តម្លៃ​នាំ​ចេញ​ទៀត​សោត​ត្រូវ​បាន​ព្យាករ​ថា​មាន​ចន្លោះ​ពី ១៣០ ទៅ ១៤០ ពាន់​លាន​បាត ឬ ៤,១ ទៅ ៤,៥ ពាន់​លាន​ដុល្លារ ពោល​ធ្លាក់​ចុះ ១២,៣%​។

បណ្តា​អ្នក​នាំ​ចេញ​បាន​លើក​ឡើង​ពី​កត្តា​ហានិភ័យ​សំខាន់​ៗ​ចំនួន ៥ ក្នុង​ចំណោម​នោះ កត្តា​ចម្បង​គឺ​ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​បាត ដោយ ៣១ បាត​ស្មើនឹង ១ ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឱ្យ​អង្ករ​ថៃ​មាន​តម្លៃ​ថ្លៃ​ជាង​ដៃគូ​ប្រកួតប្រជែង​។

សម្ពាធ​ផ្សេង​ទៀត​រួម​មាន ពន្ធ​នាំ​ចូល​បណ្តោះអាសន្ន​របស់​សហរដ្ឋអាមេរិក ក្រោម​មាត្រា ១២២ ដែល​ដាក់​ពន្ធ​លើ​តម្លៃ​សរុប ១៥% រយៈពេល ១៥០ ថ្ងៃ ដែល​អាច​កាត់​បន្ថយ​ការ​នាំ​ចេញ​អង្ករ​ផ្កាម្លិះ​របស់​ថៃ​ទៅ​កាន់​សហរដ្ឋអាមេរិក​ពី ១៥% ទៅ ២០% ខណៈ​ប្រទេស​មហា​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ គឺជា​ទីផ្សារ​អង្ករ​ផ្កាម្លិះ​ធំ​ជាងគេ​របស់​ប្រទេស​ថៃ ដែល​មាន​ចំនួន​ប្រហែល​ពាក់កណ្តាល​នៃ​ការ​នាំ​ចេញ​អង្ករ​ផ្កាម្លិះ​សរុប​។

ទន្ទឹម​នឹង​នេះ ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ទូ​ទាំង​ពិភពលោក រួម​ទាំង​ការ​ផលិត​កំណត់​ត្រា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ដោយ​ប្រទេស​នាំ​ចូល​សំខាន់​ៗ ដូច​ជា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​គោលនយោបាយ​សន្តិសុខ​ស្បៀងអាហារ​ដែល​លើកទឹកចិត្ត​ដល់​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង ក៏​កំពុង​ជះ​ឥទ្ធិពល​ដល់​តម្រូវការ​អង្ករ​ផង​ដែរ​។

បណ្តា​អ្នក​នាំ​ចេញ​ថៃ បាន​ជំរុញ​ឱ្យ​មានការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ឱ្យ​បាន​ឆាប់ និង​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​ភាពរឹងមាំ​នៃ​រូបិយប័ណ្ណ​ជាតិ ដោយ​ពួក​គេ​អះអាង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​បាត​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកួតប្រជែង​។ នៅ​ក្នុង​រយៈពេល​ជា​មធ្យម ពួក​គេ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ពូជស្រូវ​ថ្មី​ដែល​ត្រូវ​នឹង​តម្រូវការ​សកល និង​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម ដើម្បី​ការពារ​ប្រទេស​ថៃ​ពី​ការ​បាត់បង់​ចំណែក​ទីផ្សារ​បន្ថែម​ទៀត​ទៅ​ឱ្យ​គូប្រជែង​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ