ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​វៀតណាម​ច្រើន​កុះករ​សម្រុក​តម្រង់​ជួរ​ចាំ​ទិញ​មាស​ចំ​ថ្ងៃ​ពិសេស ទោះ​តម្លៃ​កំពុង​ឡើង​ខ្ពស់

6 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ពលរដ្ឋ​វៀតណាម​ជា​ច្រើន​កុះករ​តម្រង់​ជួរ​តាំងពី​មុន​ថ្ងៃ​រះ​នៅ​ក្រោម​ដំណក់ភ្លៀង​ត្រជាក់ ដើម្បី​ទិញ​មាស​នៅ​ព្រលឹម​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​ជា​ថ្ងៃ​ទេវតា​ទ្រព្យ «God of Wealth»…

ប្រទេស​វៀតណាម ៖ ពលរដ្ឋ​វៀតណាម​ជា​ច្រើន​កុះករ​តម្រង់​ជួរ​តាំងពី​មុន​ថ្ងៃ​រះ​នៅ​ក្រោម​ដំណក់ភ្លៀង​ត្រជាក់ ដើម្បី​ទិញ​មាស​នៅ​ព្រលឹម​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ដែល​ជា​ថ្ងៃ​ទេវតា​ទ្រព្យ «God of Wealth» ដោយ​ទំនៀមទម្លាប់​វៀតណាម ថ្ងៃ​ទេវតា​ទ្រព្យ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ទី​១ នៃ​ប្រតិទិន​ចន្ទគតិ គេ​ជឿ​ថា នាំ​មក​នូវ​លាភ​សំណាង និង​វិបុលភាព​ដល់​អ្នកទិញ​មាស​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Znews និង Tuoi Tre បាន​ចេញផ្សាយ​។

បើ​ទោះបីជា​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់ និង​អាកាសធាតុ​ត្រជាក់​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ដែល​ជា​ថ្ងៃ​ទី​៩ ខែ​ទី​១ នៃ​ប្រតិទិន​ចន្ទគតិ​យ៉ាងណា​ក៏​ដោយ ក៏​ពលរដ្ឋ​វៀតណាម​ជា​ច្រើន​បាន​ចាប់ផ្តើម​តម្រង់​ជួរ​តាំងពី​ម៉ោង​ប្រហែល ៤ ទៀប​ភ្លឺ នៅ​តាម​ផ្លូវ ត្រាន់ ញ៉ា​ន់ តុង (Tran Nhan Tong) សង្កាត់ ហៃ បា ទ្រុង (Hai Ba Trung) ជា​ផ្លូវ​មាន​ហាង​លក់​មាសធំ​ៗ​ជា​ច្រើន​នៅ​ទីក្រុង​ហាណូយ (Hanoi) ដើម្បី​តម្រង់​ជួរ​ចាំ​ទិញ​មាស​ចំ​ថ្ងៃ​ទេវតា​ទ្រព្យ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​។

ដោយសារ​តែ​អតិថិជន​ទិញ​មាស​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន និង​មក​ដល់​មុន​ម៉ោង ហាង​ជា​ច្រើន​បាន​អនុវត្ត​ការ​តម្រង់​ជួរ និង​ចាប់លេខ​រៀង ដើម្បី​ធានា​ថា ដំណើរការ​ទិញ​មាស​ដើម្បី​ទទួល​បាន​លាភ​សំណាង​របស់​អតិថិជន ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ យុវជន​ជា​ច្រើន​ក៏​ត្រូវ​បានឃើញ​មក​ដល់​មុន​ផង​ដែរ ដោយ​ចាប់លេខ និង​តម្រង់​ជួរ​ជាមួយ​ក្តី​សង្ឃឹមថានឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​ទិញ​បាន​ដុំ​មាស​ចំ​ថ្ងៃ​ទេវតា​ទ្រព្យ​។

បុគ្គលិក​នៅ​តាម​ហាង​មាស​មមាញឹក​យ៉ាង​ខ្លាំង​រៀបចំ​មាស​មុន​ពេល​បើកហាង ហើយ​នៅ​ម៉ោង ៦ ព្រឹក​ចូល​មក​ដល់ មនុស្ស​យ៉ាងច្រើន​បាន​សម្រុកចូល​ហាង​លក់​មាស​តែ​ម្តង​។ លុះ​ម៉ោង​ប្រហែល ៧:០០ ព្រឹក ហាង​លក់​មាស​ជា​ច្រើន​នៅ​តាម​ផ្លូវ​ត្រាន់ ញ៉ា​ន់ តុង ពោរពេញ​ទៅ​ដោយ​អតិថិជន​ដែល​កំពុង​រង់ចាំ​ទិញ​មាស​យ៉ាងច្រើន​កុះករ​។

ដោយសារ​តម្រូវការ​ខ្ពស់​សម្រាប់​ការ​ទិញ និង​លក់​មាស នៅ​ថ្ងៃ​ទេវតា​ទ្រព្យ​ឆ្នាំ​នេះ ហាង​លក់​មាស​ខ្លះ ថែម​ទាំង​បាន​ដាក់​ដំណើរការ​ជា​លើក​ដំបូង​នូវ​ម៉ាស៊ីន​ទិញ និង​លក់​មាស​ដោយ​ស្វ័យប្រវត្តិ ដើម្បី​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​សម្រាប់​អតិថិជន​។

អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​កើនឡើង​នេះ បាន​ឆ្លុះ​បញ្ចាំង​ទាំង​តម្រូវការ​តាម​រដូវ​កាលដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ថ្ងៃ​ទេវតា​ទ្រព្យ ក៏​ដូច​ជា​ការ​ប្រែប្រួល​នៃ​តម្លៃ​មាស​សកល ដែល​បន្ថែម​កំ​ដៅ​ដល់ទី​ផ្សា​រមាស​របស់​ប្រទេស​វៀតណាម​។

សូម​ជម្រាប​ថា តម្លៃ​មាស​អន្តរជាតិ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ឈរ​នៅ​តម្លៃ ៥ ១៨៧ ដុល្លារ​ក្នុង​១​អោន ឬ​ស្មើនឹង ៦ ២៤៩ ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១០ ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ