រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា «សេដ្ឋកិច្ចខ្មៅ»កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា ។ ហេតុនេះហើយ ទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់!។»
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)បានស្រង់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយនឹងបណ្តាញផ្សព្វផ្សាយអន្តរជាតិ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសបែលហ្សិកថា៖ «មជ្ឈមណ្ឌលបោកប្រាស់ខ្លះ អាចនឹងបង្កើតលទ្ធផលផ្ទាល់ខ្លះដល់ផ្នែកអចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញរបៀបជាការបង្កើតមជ្ឈមណ្ឌល។ល។ ប៉ុន្តែប្រាក់ចំណូល គឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ» ។
ពាក់ព័ន្ធសំណួរទាក់ទងនឹងករណីលោក ចេន ហ្ស៊ី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះសម្តេចធិបតី បានបញ្ជាក់ថា៖ «យើងមិនបានដឹងថា គាត់ជាមេខ្លោងនោះទេ ! ហើយសកម្មភាពរបស់គាត់ក៏យើងមិនដឹងដែរ! អាជ្ញាធរកម្ពុជាបានចាត់វិធានការភ្លាមៗ នៅពេលដឹងថា គាត់ជាមេខ្លោងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ។
សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ សម្តេចធិបតី បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ និងយ៉ាងម៉ឺងម៉ាត់បំផុត សំដៅបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា យ៉ាងយូរបំផុត នៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។
ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និងចុះបង្ក្រាបបោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ មានជនបរទេសជាង២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា ខណៈប្រមាណជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូនទៅប្រទេសដើមវិញ៕
ចែករំលែកព័តមាននេះ