ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង ADB ​ពង្រឹង​កិច្ចសហការ​លើកកម្ពស់​វិស័យ TVET ឱ្យ​ស្រប​តាម​តម្រូវការ​កា​រវិ​វត្ត​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​កម្ពុជា

21 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Nianshan…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Nianshan Zhang អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នា​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព និង​ឱកាស​សំខាន់​ៗ ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​ជាមួយ ADB ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ជាទី​មោ​ទ​ន ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​ជំនាញ​កម្លាំង​ពលកម្ម និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ជា​ពិសេស​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ TVET​។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​បាន​លើក​ឡើង​ពី​សារៈសំខាន់​វិស័យ TVET ដែល​ជា​គ្រឹះ​សម្រាប់​ការ​បំប្លែង​កម្លាំង​ពលកម្ម​តាម​រយៈ​ការ​ពង្រឹង​ជំនាញ និង​ការ​រៀន​ជំនាញ​ថ្មី ដែល​ផ្តល់​ឱកាស​ស្មើគ្នា ស្រប​តាម​តម្រូវការ​មាគ៌ា​ឧស្សាហកម្ម​ហូប​នី​កម្ម​កម្ពុជា ហើយ​ក្រសួង​ការងារ​បាន នឹង​កំពុង​ពង្រីក​វិសាលភាព TVET តាម​អនុវត្ត​គន្លង​អប់រំ​ថ្មី​ទៅ​កាន់​តំបន់​គោលដៅ ជា​ពិសេស​នៅ​តាម​ទីតាំង​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ ADB កម្ពុជា​បាន​ជួយ​យុវជន​ជា​ច្រើន​ឱ្យ​ទទួល​បាន​ជំនាញ លើកកម្ពស់​សមត្ថភាព​ល្អ​ជាង​មុន និង​ទទួល​បានការ​ងារ​ល្អ​ប្រសើរ បន្ទាប់​ពី​បញ្ចប់​ការ​បណ្តុះបណ្តាល បង្កើន​ចំណូល និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​។ ក្រសួង​បាន​ជម្នះ​ឧបសគ្គ​ជា​ច្រើន ព្រោះថា​វិស័យ TVET កាលពីមុន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​មិនសូវ​សំខាន់ តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​កាន់តែ​ច្រើន​កំពុង​ចាប់អារម្មណ៍​លើ TVET ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើន​ការ​វិនិយោគ​គាំទ្រ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប លោក Zhang បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​សម្រាប់​ជំនួប​ប្រកបដោយ​អត្ថន័យ ដែល​បាន​ផ្តល់​ឱកាស​ដល់​ភាគី​ទាំង​ពីរ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក សម្រាប់​ជា​មូលដ្ឋាន កំណត់​គោលដៅ​ឱ្យ​កាន់តែ​មុត​ស្រួច​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។ លោក​បាន​គូសបញ្ជាក់​ថា ADB និង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ​មាន​ទំនាក់ទំនង​រឹង​មាំ​ដ៏​យូរអង្វែង ដែល​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន ហើយ ADB តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​ជំរុញ​លើកកម្ពស់​វិស័យ TVET ជា​និច្ច និង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក Zhang និង​ក្រុមការងារ សម្រាប់​ការ​ពិភាក្សា​ប្រកបដោយ​ស្ថាបនា និង​គ្រប់​ជ្រុងជ្រោយ​នេះ ដែល​បាន​ពង្រឹង​ការ​យល់​ដឹង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដ៏​មាំមួន​បន្ថែម​ទៀត ដោយ​ឯកឧត្តម​បាន​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហការ​នេះ​នឹង​បន្ត​រីក​ចម្រើន និង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​និរន្តរភាព​៕ អត្ថបទសហការ