ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអភិបាលរងខេត្តអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ក្នុងរដូវប្រាំងដែលកំពុងឈានចូលមកដល់

1 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦​កន្លង​ទៅ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​ជាតិបង្ការ​និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៧…

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦​កន្លង​ទៅ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​ជាតិបង្ការ​និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៧ ដែល​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ បាន​ថ្លែង​ថា ការរៀបចំ​ទិវា​ជាតិ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈសំខាន់​ក្រៃ​លែង ដែល​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​យើង​ទូ​ទាំងខេត្ត អំពី​ការ​ខិតខំ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំង​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះក្នុង​ការងារ​បង្ការ​នូវ​មហន្ត​រាយ ការពារ​និង​សង្គ្រោះ​អាយុជីវិត ទ្រព្យសម្បត្តិ​ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ការ​ជំរុញ​ផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ស្ដី​ពី​ការ​បង្ការ​និង​ពន្លត់​អគ្គិភ័យ ត្រូវ​បាន​យកចិត្តទុកដាក់ផ្សព្វ​ផ្សាយ​​តាម​គ្រប់​មធ្យោបាយ ជា​ពិសេស​តាមរយៈ​វេទិកាសាធារណៈ វេទិកា​ផ្សព្វផ្សាយ​គោល​នយោ​បាយ​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ចូលរួម​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​និង​បង្កា​ជា​មុន ។

ការ​រៀបចំ​ចាត់តាំង​ហ្វឹកហាត់​ដល់​កម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត តាម​បណ្ដា​ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន រោងចក្រ និង​គោលដៅ​ងាយ​រង​គ្រោះ ឲ្យ​មានចំណេះ​ដឹង និង​មាន​លទ្ធភាព​ម្ចាស់​ការ​ពន្លត់​អគ្គិភ័យ​បឋម ដែល​អាច​ទប់ស្កាត់​ការ​ឆេះ​រាលដាល​បាន ។

លោកស្នងការ​រង​បាន​ថ្លែង​ថា យើង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​៨​គ្រឿង ត្រូវ​បាន​ដាក់​ពង្រាយ​លើ​គោលដៅ​តាម​បណ្ដា​ស្រុក​ចំនួន​៥ និង​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ថ្មី​ៗ​នេះ ក្រោម​ការ​យកចិត្តទុកដាក់​របស់ឯកឧត្តម​អភិបាលខេត្ត បាន​ប្រគល់​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​១​គ្រឿង​បន្ថែម​ទៀត ដែល​ទទួលបាន​ពី​ប្រទេស​កូរ៉េ ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ។

ជំនួស​មុខ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត លោក ពៅ ពិសិដ្ឋ បាន​ថ្លែង​ថា ការ​ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​សំដៅ​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅ​ទូ​ទាំង​ខេត្ត មានការ​យល់​ដឹង​និង​ចង​ចាំ​បាន​ថា អគ្គិភ័យ​គឺជា​គ្រោះថ្នាក់​ដ៏​សាហាវ​មួយ ដែល​អាច​បំផ្លិចបំផ្លាញ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​គ្រប់ពេល ប្រសិនបើ​មានការ​ធ្វេស​ប្រហែស ។ ករណី​អគ្គិភ័យ​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់ ដែល​ចាំបាច់​ត្រូវ​តែ​មានការ​គិតគូរ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​មូលហេតុ​នៃ​ការ​បង្ក​គ្រោះថ្នាក់​អគ្គិភ័យ​កន្លង​មក ឲ្យ​មាន​ប្រសិទ្ធភាព ។

ជា​ពិសេស កា​រត​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើ​ភ្លើងទៀន ធូប និង​ការ​ដុត​សំរាម​ផ្សេង​ៗ ។ លោក​សូម​អំពាវនាវ​ដល់​គ្រប់​អ្នក​ពាក់ព័ន្ធ មន្ទីរ​អង្គភាព អង្គការ​សង្គម​ស៊ី​វិល គ្រឹះស្ថាន​រដ្ឋឯកជន និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សូម​ចូលរួម​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ កុំ​ឲ្យ​កើត​មាន​ជាយថាហេតុ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​គ្រោះ​មហន្តរាយ ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ​នេះ ។

លោក​បាន​ជំរុញ​ដល់​ស្នងការ​នគរបាល​ខេត្ត ត្រូវ​ពង្រីក​ការ​បណ្ដុះបណ្ដាល​ជំនាញ​បង្ការ ទប់ស្កាត់ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ទៅ​កាន់​អាជ្ញា​ធរ​មូលដ្ឋាន ប្រជា​ការពារ ប្រជាពលរដ្ឋ និង​រោងចក្រ សហគ្រាស ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ដឹង ហើយ​នៅ​ពេល​ដែល​មូលដ្ឋាន​របស់​គាត់​កើត​មាន​អគ្គិភ័យ ពួក​គាត់​អាច​ធ្វើ​អន្តរាគមន៍​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ឬ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​អគ្គិភ័យ​បន្ថែម​ទៀត ។

លោក​អភិបាលរង​ខេត្ត ក៏​បាន​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុង​ប្រយ័ត្ន​នៅ​រដូវប្រាំង​នេះ សូម​បង្ការ​គ្រោះ​អគ្គិភ័យនៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន រួម​គ្នា​កាត់​បន្ថយ​ឲ្យ​បានជា​អតិ​បរមា​នូវ​គ្រោះ​អគ្គិភ័យ​គ្រប់​ទីកន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ