ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃទី២៥ កុម្ភៈបានលើកលក្ខខណ្ឌពីលទ្ធភាពនៃការខិតចូលជិតគ្នាជាមួយអាមេរិក ទទួលស្គាល់ជាផ្លូវការលក្ខន្តិកៈនុយក្លេអ៊ែររបស់ប្រទេសលោក ។ នេះបើតាមបណ្ដាសារព័ត៌មានអាមេរិក ។
តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ថា ជំហរនោះ ត្រូវបានលោកគីម ជុងអ៊ុន លើកឡើងក្នុងឱកាសនៃសមាជបក្សពលករកូរ៉េ ដែលបានបញ្ចប់ កាលពីថ្ងៃទី២៥ កុម្ភៈ តាមរយៈក្បួនព្យុ ហៈយាត្រាយោធាមួយ ។ លោកគីម ជុងអ៊ុន អះអាងថា ទំនាក់ទំនងអាចមានការកែលម្អ ប្រសិនបើសហរដ្ឋអាមេរិកកែប្រែជំហរខ្លួន ។
បើក្រុងវ៉ាស៊ីនតោនគោរពលក្ខន្តិកៈបច្ចុប្បន្នជាមហាអំណាចនុយក្លេអ៊ែររបស់ប្រទេសយើង ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយបោះបង់ចោលនយោបាយប្រទូស្តរ៉ាយរបស់ខ្លួននោះគ្មានហេតុផលណាមួយ ដែលយើងមិនអាចកែលម្អទំនាក់ទំំនងជាមួយអាមេរិកឡើយ ។ កូរ៉េខាងជើងបានបញ្ចូលលក្ខន្តិកៈនុយក្លេអ៊ែររបស់ខ្លួនទៅក្នុងរដ្ឋធម្មនុញ្ញ ហើយរំឭកច្រើនលើកថា ខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លែអ៊ែរឡើយ ។

សេចក្ដីថ្លែងការណ៍នោះធ្វើឡើង បន្ទាប់ពីមានសញ្ញានានារួចហើយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ក្នុងដំណើរទស្សនកិច្ចមួយនៅអាស៊ី កាលពីឆ្នាំទៅមិញនិយាយថា លោកបើកចំហ១០០% ការជួបគ្នាមួយជាមួយលោកគីមជុងអ៊ុន ដោយទទួលស្គាល់ថា កូរ៉េខាងជើង ទោះជាយ៉ាងណា ក៏ជាមហាអំណាចនុយក្លេអ៊ែរមួយដែរ ។ ប៉ុន្តែក្រុងព្យុងយ៉ាងនៅមិនទាន់បានឆ្លើយតបចំពោះសំណើនោះនៅឡើយទេ ហើយនៅតែរក្សាជំហរជាគោលការណ៍ពីការពង្រីកអាវុធនុយក្លេអ៊ែរ ៕
ចែករំលែកព័តមាននេះ