ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​បច្ចេកវិទ្យា និង​កសិកម្ម​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ស្ថាប័ន ACCA និង BSA ដើម្បី​ផ្តល់ ​និង​ពង្រឹងគុណភាព​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គណនេយ្យ​ធុរកិច្ច ហិរញ្ញវត្ថុ និង​ពន្ធដារ

38 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ វិទ្យាស្ថាន​បច្ចេកវិទ្យា និង​កសិកម្ម​កម្ពុជា (CITA) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា…

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ វិទ្យាស្ថាន​បច្ចេកវិទ្យា និង​កសិកម្ម​កម្ពុជា (CITA) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​សមាគម​គណនេយ្យករ​ជំនាញ (ACCA) និង​វិទ្យាស្ថាន​គណនេយ្យ​ធុរកិច្ច (BSA) ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រេ​ជិន​ស៊ី រាជធានី​ភ្នំពេញ​។

ការ​ចុះហត្ថលេខា​នា​ពេល​នេះ​គឺជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​បណ្តុះបណ្តាល និង​លើកកម្ពស់​គុណភាព​ធនធានមនុស្ស​ក្នុង​ផ្នែក​ជំនាញ​គណនេយ្យ​ធុរកិច្ច ហិរញ្ញវត្ថុ និង​ពន្ធដារ​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​មួយ​រូប និង​ក្នុង​នាម​ក្រសួង​ដែល​ទទួល​បន្ទុក​វិស័យរ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឯកឧត្តម ជា កុសល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលបំណង​នៃ​អនុស្សរណៈ​ទាំង​ពីរ ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​រៀបចំ​យុវជន​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​តំបន់ និង​សកលលោក ហើយ​ដែល​កិច្ចសហការ​នេះ​ក៏​នឹង​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​ជាក់ស្តែង ការ​ធានា​គុណភាព​សិក្សា និង​ការ​បង្កើត​ស្ពាន​ត​ភ្ជាប់​រវាង​ការ​សិក្សា​និង​ឧស្សាហកម្ម តាម​រយៈ​កម្មវិធី​តម្រង់​ទិស និង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​វិជ្ជាជីវៈ​។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ក្លាយជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​រួមចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ប្រកបដោយ​បរិ​យា​បន្ន និង​និរន្តរភាព ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ដ៏​មហាសាល​ដល់​សង្គម​ជាតិ​ទាំងមូល​។

លោក​ជំទាវ​ឧកញ៉ា តាំង ជូ​លី ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​បច្ចេកវិទ្យា និង​កសិកម្ម​កម្ពុជា បាន​លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​រួម​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​មាន​ស្តង់ដា​ខ្ពស់ ជា​ពិសេស​លើ​ជំនាញ​គណនេយ្យ​ធុរកិច្ច ហិរញ្ញវត្ថុ និង​ពន្ធដារ​។

ទន្ទឹម​នេះ​លោក​ជំទាវ បញ្ជាក់​បន្ថែម​ថា សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​រួម​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ការ​បញ្ជាក់​គុណវុឌ្ឍិ​អន្តរជាតិ​ពី​ស្ថាប័ន ACCA ផង​ដែរ​។

តាម​រយៈ​សកម្មភាព​ទាំងនេះ ភាគី​ពាក់ព័ន្ធ​មិន​ត្រឹមតែ​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​នូវ​ទំនុកចិត្ត និង​អនាគត​ដ៏​រុងរឿង​សម្រាប់​សិក្ខាកាម​គ្រប់​រូប ក្នុង​គោលដៅ​បង្កើត​សក្តានុពល​ធនធានមនុស្ស​ប្រកបដោយ​ចីរភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​៕ អត្ថបទសហការ