ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​យុទ្ធសាស្ត្រ​រវាង​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ឈានមុខ​ចិន Huibo Robotics នឹង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ផលិត​ឆ្លាត​វៃ និង​ការ​បណ្តុះបណ្តាល​ផ្នែក​រ៉ូ​បូត​ក្នុង​តំបន់

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Cui Xiaohui…

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Cui Xiaohui អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្តី​ពី “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​” នា​រសៀល​ថ្ងៃ​ពុធ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ក្នុង​ទិស​ដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ ការ​ផ្ទេរ​បច្ចេកវិទ្យា និង​កិច្ចសហការ​លើ​សិក្សា​ស្រាវជ្រាវ ស្រប​តាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​ការ​ផ្តល់​អាទិភាព​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​មាន​រយៈពេល ៥​ឆ្នាំ (២០២៦-២០៣០) ជាមួយនឹង​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ចិន​លើ​ឯកទេស​បច្ចេកវិទ្យា និង​ឧបករណ៍​ឆ្លាត​វៃ​នេះ មាន​គោលបំណង​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ផលិត​ឆ្លាត​វៃ និង​ការ​បណ្តុះបណ្តាល​ផ្នែក​រ៉ូ​បូត​ក្នុង​តំបន់​, លើកកម្ពស់​គុណភាព និង​ភាព​ពាក់ព័ន្ធ​នៃ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET), ជំរុញ​កម្មវិធី​សិក្សា​ទទួល​បាន​សញ្ញាបត្រ​ពីរ និង​ជា​ការ​ទទួលស្គាល់​គុណវុឌ្ឍិ​ទៅ​វិញ​ទៅ​មករ​វាង​គ្រឹះស្ថានសិក្សា​កម្ពុជា និង​ចិន​។

កិច្ច​សហប្រតិបត្តិការ​នេះ​គ្របដណ្តប់​សកម្មភាព​សំខាន់​ៗ​ដូច​ជា​៖ ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​រួម​គ្នា​, ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល , ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ការ​ជំរុញ​កម្មវិធី​សិក្សា​ដែល​ទទួល​បាន​សញ្ញាបត្រ​ពីរ និង​ការ​ទទួលស្គាល់​គុណវុឌ្ឍិ​រវាង​ភាគី​ទាំង​ពីរ​, ការ​ចុះ​កម្មសិក្សា និង​ការងារ​, ការ​ស្រាវជ្រាវ និង​ការ​ប្រកួតប្រជែង​, ការ​ផ្លាស់​ប្តូរ​ការ​សិក្សា និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាដើម​។

នា​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​នេះ ដែល​ជា​យន្តការ​ថ្មី​មួយទៀត​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​ផលិត​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​ការ​បណ្តុះបណ្តាល​ផ្នែក​រ៉ូ​បូត ក៏​ដូច​ជា​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​យុវជន​ក​កម្ពុជា​។

ជាមួយ​គ្នា​នេះ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huibo Robotics ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​ក្នុង​ចំណោម “​ក្រុមហ៊ុន​មនុស្ស​យន្ត​កំពូល​ទាំង​១០​របស់​ប្រទេស​ចិន​” នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​អាច​ជំរុញ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់ដា​ការងារ ដែល​អាច​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថលស​កល​៕ អត្ថបទសហការ