ចំណេះដឹង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ភាពវៃឆ្លាតផ្នែកអារម្មណ៍ (EQ) មិនមែនមានន័យថាអ្នកត្រូវមានអារម្មណ៍ល្អគ្រប់ពេលនោះទេ ប៉ុន្តែវាគឺជាសមត្ថភាពក្នុងការយល់ដឹង និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អទោះក្នុងស្ថានភាពលំបាក។
ខាងក្រោមនេះគឺជាទម្លាប់សាមញ្ញដែលបង្ហាញថាអ្នកជាមនុស្សមាន EQ ខ្ពស់៖
អ្នកដឹងច្បាស់ថាពេលណាអារម្មណ៍មិនល្អ ហើយជ្រើសរើសការឈប់សម្រាកជាជាងបង្ខំខ្លួនឯងឱ្យបន្តធ្វើការទាំងមួរម៉ៅ។ ក្នុងស្ថានភាពខឹងសម្បា អ្នកតែងតែទប់ចិត្តមិនប្រញាប់ឆ្លើយតបសារ ឬសម្ដីដែលនាំឱ្យមានការស្ដាយក្រោយនៅពេលក្រោយឡើយ។ ក្នុងការសន្ទនា អ្នកចូលចិត្តធ្វើជាអ្នកស្ដាប់ដ៏ល្អ ជាជាងព្យាយាមនិយាយកាត់ដើម្បីតែចង់ឈ្នះ។ អ្វីដែលកាន់តែពិសេស អ្នកហ៊ានពោលពាក្យសុំទោសជាមុនដើម្បីរក្សាទំនាក់ទំនង បើទោះជាអ្នកមិនមែនជាអ្នកខុសទាំងស្រុងក៏ដោយ។
លើសពីនេះ មនុស្សមាន EQ ខ្ពស់មិនដែលយកពាក្យសម្ដីអវិជ្ជមានរបស់អ្នកដទៃមកទុកក្នុងចិត្តឱ្យខូចអារម្មណ៍នោះទេ ហើយក៏មិនចូលចិត្តប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃដែរ គឺពួកគេផ្ដោតតែលើការកែលម្អខ្លួនឯងឱ្យប្រសើរជាងកាលពីម្សិលមិញប៉ុណ្ណោះ។ នៅពេលមានភាពតានតឹង អ្នកជ្រើសរើសការនៅស្ងៀមស្ងាត់ម្នាក់ឯង ជាជាងការអូសទូរស័ព្ទមើលបណ្ដាញសង្គមដែលធ្វើឱ្យចិត្តកាន់តែរវើរវាយ។ ចំណុចសំខាន់បំផុត គឺអ្នកនៅតែអាចរក្សាស្នាមញញឹម និងសម្លឹងមើលក្នុងផ្លូវល្អបានជានិច្ច ទោះបីជាត្រូវជួបថ្ងៃដ៏អាក្រក់បំផុតក៏ដោយ។
ដើម្បីពង្រឹង EQ ឱ្យកាន់តែប្រសើរ អ្នកអាចចាប់ផ្ដើមហ្វឹកហាត់តាមរយៈការដកដង្ហើមវែងៗមុនពេលតបតទៅកាន់បញ្ហា សរសេរកំណត់ហេតុអារម្មណ៍ប្រចាំថ្ងៃ និងរៀននិយាយពាក្យលើកទឹកចិត្តខ្លួនឯងឱ្យបានច្រើន។ ការមាន EQ ខ្ពស់នឹងជួយឱ្យអ្នកដោះស្រាយបញ្ហាដោយស្ងប់ស្ងាត់ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងមានសុភមង្គលពិតប្រាកដក្នុងជីវិត៕
ចែករំលែកព័តមាននេះ