ទីក្រុងវ៉ាស៊ីនតោន៖ ការណ៍សម្ងាត់របស់អាមេរិកនៅក្នុងវិស័យការពារជាតិបានធ្លាក់ទៅដល់ដៃរុស្ស៊ីទៀតហើយ លើកនេះប្រព្រឹត្តឡើងដោយបុរសដែលលក់ព័ត៌មានសម្ងាត់ជាថ្នូរនឹងលុយ។ បុរសម្នាក់ដែលបម្រើការជាបុគ្គលិករបស់ក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាស៊ើបការណ៍សម្ងាត់សម្រាប់រដ្ឋាភិបាលអាមេរិកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំពីបទលក់ការណ៍សម្ងាត់ពាណិជ្ជកម្មទៅឱ្យអ្នកទិញម្នាក់ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី។

ទណ្ឌិតឈ្មោះភីថឺ វីលាម (Peter William) វ័យ៣៩ឆ្នាំជាពលរដ្ឋអាមេរិកាំង (ដើមកំណើតអូស្ត្រាលី)។ គាត់បានឆ្លើយសារភាពថាពិតជាបានលក់សូហ្វវែសម្រាប់ពង្រឹងសន្តិសុខព័ត៌មានវិទ្យាចំនួន៨សូហ្វវែ រួមទាំងព័ត៌មានសម្ងាត់ទៅឱ្យអ្នកទិញភាគហ៊ុនជនជាតិរុស្ស៊ីម្នាក់នៅក្នុងតម្លៃ៤លានដុល្លារ។ ភាគីទាំង២ប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ (cryptocurrency) សម្រាប់ទូទាត់តម្លៃ។ គាត់យកលុយនេះទៅទិញគ្រឿងអលង្ការ, នាឡិកាដៃ, ផ្ទះ និងការធ្វើដំណើរកម្សាន្តលំដាប់ខ្ពស់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌។

រដ្ឋអាជ្ញាអាមេរិក លោកស្រីជេនីន ភីរ៉ូ (Jeanine Pirro) ថ្លែងថាសូហ្វវែដែលទណ្ឌិតរូបនេះបញ្ជូនទៅឱ្យរុស្ស៊ីនឹងជួយឱ្យរុស្ស៊ីជ្រៀតចូលឧបករណ៍ប្រើប្រាស់រាប់លានគ្រឿង។ លោកស្រីថ្លែងបន្តទៀតថាបទល្មើសដែលបុរសនេះបានប្រព្រឹត្តមិនត្រឹមតែជាការលួចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទល្មើសដែលប៉ះពាល់សន្តិសុខជាតិរបស់អាមេរិកផងដែរ។ លោកវីលាមកាលពីមុនពេលចាប់ខ្លួន និងកាត់ទោស គាត់មានតួនាទីជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនត្រឹនឆេន (Trenchant) ជាក្រុមហ៊ុនផ្ដល់សេវាផ្នែកស៊ើបការសម្ងាត់ និងគ្រប់គ្រងដោយក្រុមហ៊ុនចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិអាមេរិកដើម្បីផ្គត់ផ្គង់សេវាផ្សេងៗ។

ក្រុមហ៊ុនខាងលើនេះមានឯកទេសខាងប្រើប្រាស់សូហ្វវែដែលអាចជួយឱ្យភ្នាក់ងារសម្ងាត់អាមេរិក រួមជាមួយក្រុមសម្ព័ន្ធមិត្តជ្រៀតចូលទៅក្នុងប្រព័ន្ធណិតវើកកុំព្យូទ័រ (network) ដែលមិនសូវមានប្រព័ន្ធការពារខ្លាំង និងឧបករណ៍ចល័ត (ស្មាតហ្វូន, ថេប្លេត។ល។)។ ចាប់ពីខែមេសា ឆ្នាំ២០២២ដល់ខែសីហា ឆ្នាំ២០២៥ វីលាមបានជ្រៀតចូលក្នុងប្រព័ន្ធណិតវើករបស់ក្រុមហ៊ុនចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិដើម្បីលួចយកសូហ្វវែសំខាន់ៗដែលផលិតឡើងផ្ដាច់មុខសម្រាប់រដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្ត។

ចាប់ពីពេលនោះមក គាត់ចេះតែបន្តលួចសូហ្វវែសម្ងាត់ជាហូរហែរហូតដល់ទទួលបានប្រាក់៤លានដុល្លារជាលុយគ្រីបតូ។ គាត់ក៏ទទួលបានលុយជាសាច់ប្រាក់១,៣លានដុល្លារផងដែរ។ ទោះបីដឹងថាអែហ្វប៊ីអាយចាប់ផ្ដើមសង្ស័យ និងតាមដានគាត់ក៏ដោយ ក៏គាត់នៅតែបន្តបម្លែងលុយគ្រីបតូទៅជាសាច់ប្រាក់ជាបន្តបន្ទាប់។ គាត់ទិញរថយន្តម៉ាកតេស្លាម៉ូដែលអ៊ិចឆ្នាំ២០២២ (2022 Tesla Model X), ទិញរថយន្តផសឆឺឆ្នាំ២០១៨ (Porsche), គ្រឿងអលង្ការ, នាឡិកា, សំលៀកបំពាក់ និងផ្ទះ។

វីលាមបានឆ្លើយសារភាពទទួលស្គាល់ទោសកំហុសរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ពីបទលួចការណ៍សម្ងាត់ពាណិជ្ជកម្ម។ ក្រៅពីជាប់ពន្ធនាគារ៨៧ខែ តុលាការបង្គាប់ឱ្យសមត្ថកិច្ចតាមដានគាត់រយៈពេលបីឆ្នាំក្រោយពេលចេញពីពន្ធនាគារ, បង្គាប់ឱ្យបង់ប្រាក់ពិន័យ១,៣លានដុល្លារ និង១,៣លានដុល្លារទៀតពីបទរំលោភកិច្ចសន្យា។ វីលាមទទួលស្គាល់ថាទង្វើរបស់គាត់ធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់៣៥លានដុល្លារ៕ ប្រភព៖ ញូស្វីក (Newsweek) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ