ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាកាត់បន្ថយឲ្យបានជាអតិបរិមា នូវគ្រោះអគ្គិភ័យគ្រប់ទីកន្លែង
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងលោកអភិបាល…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងលោកអភិបាល…
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពៅ ពិសិដ្ឋ អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៧ ដែលបានប្រារព្ធធ្វើនៅបរិវេណពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ បានជម្រាបជូនថា ការរៀបចំទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យនេះ គឺជាព្រឹត្តិការណ៍មួយ ដ៏មានសារៈសំខាន់ក្រៃលែង ដែលបានបញ្ជាក់ជូនប្រជាពលរដ្ឋយើងទូទាំងខេត្ត អំពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បណ្ដាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការងារបង្ការ នូវមហន្តរាយ ការពារ និងសង្គ្រោះអាយុជីវិត ទ្រព្យសម្បត្តិ ដែលបង្កឡើងដោយអគ្គិភ័យ ក៏ជាផ្នែកមួយចូល រួមចំណែកកាត់បន្តយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ការជម្រុញផ្សព្វផ្សាយអប់រំច្បាប់ ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ជាពិសេសតាមរយៈវេទិកាសាធារណៈ វេទិកាផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ឲ្យប្រជាពលរដ្ឋបានដឹង ចូលរួមក្នុងការប្រុងប្រយ័ត្ន និងបង្ការជាមុន។ ការរៀបចំ ចាត់តាំង ហ្វឹកហាត់ ដល់កម្លាំងបង្ការពន្លត់អគ្គិភ័យស្ម័គ្រចិត្ត តាមបណ្ដាស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន រោងចក្រ និងគោលដៅងាយរងគ្រោះឲ្យមានចំណេះដឹង និងមានលទ្ធភាពម្ចាស់ការពន្លត់អគ្គិភ័យបឋម ដែលអាចទប់ស្កាត់ការឆេះរាលដាលបាន ។
លោកបានឲ្យដឹងថា យើងមានរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន០៨គ្រឿង ត្រូវបានដាក់ពង្រាយលើគោលដៅតាមបណ្ដាស្រុកចំនួន០៥ និងក្នុងស្នងការដ្ឋាននគរបាលខេត្ត ហើយថ្មីៗនេះ ក្រោមការយកចិត្តទុកដាក់ របស់អភិបាល នៃគណៈអភិបាលខេត្ត បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងបន្ថែមទៀត ជូនអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដែលទទួលបានពីប្រទេសកូរ៉េ ។
ជំនួសមុខឲ្យ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា ការប្រារព្ធពិធីនេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋយើងនៅទូទាំងខេត្ត មានការយល់ដឹង និងចងចាំបានថា អគ្គិភ័យគឺជាគ្រោះថ្នាក់ដ៏សាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬគ្មានការប្រុងប្រយ័ត្ន។ ករណីអគ្គិភ័យ នៅតែកើតមានជាបន្តបន្ទាប់ ដែលចាំបាច់ត្រូវមានការគិតគូរបន្ថែមទៀត ដើម្បីដោះស្រាយមូលហេតុ នៃការបង្កគ្រោះថ្នាក់អគ្គិភ័យកន្លងមក ឲ្យមានប្រសិទ្ធភាព ពិសេស ការតចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការធ្វេសប្រហែសក្នុងការប្រើភ្លើងទៀន ធូប និងការដុតសំរាមផ្សេងៗ។ លោកសូមអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល គ្រឹៈស្ថានរដ្ឋ ឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ កុំឲ្យកើតមានជាយថាហេតុ ដើម្បីបញ្ចៀស នូវបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យនេះ ។
លោកបានជំរុញដល់ស្នងការនគរបាលខេត្ត ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេល ដែលមូលដ្ឋានរបស់គាត់កើតមានឡើង នូវអគ្គិភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា ឬកាត់បន្ថយការរីករាលដាល នៃអគ្គិភ័យបន្ថែមទៀត ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ននៅរដូវប្រាំងនេះ សូមបង្ការគ្រោះថ្នាក់អគ្គិភ័យ នៅក្នុងលំនៅដ្ឋានរបស់ខ្លួន រួមគ្នាកាត់បន្ថយឲ្យបានជាអតិបរិមា នូវគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ៕






ចែករំលែកព័តមាននេះ