ទីក្រុងប៉េកាំង៖ អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីច ម៊ែក (Friedrich Merz) ដែលបានអញ្ជើញទៅដល់ប្រទេសចិននៅថ្ងៃនេះដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ត្រៀមជួបថ្នាក់ដឹកនាំកំពូលៗរបស់ចិនរួមទាំងលោកស៊ីជីនពីង (ប្រធានាធិបតីចិន) និងលោកលីឆៀង (នាយករដ្ឋមន្ត្រីចិន) ផងដែរ។ លោកម៊ែកចង់បានការធានាពីចិនដើម្បីធ្វើពាណិជ្ជកម្មដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់។ ចំណុច១ទៀត លោកទៅប្រទេសចិនលើកនេះដើម្បីស្នើសុំឱ្យជួយដោះស្រាយបញ្ហាអ៊ុយក្រែន។

មុនចាកចេញដំណើរពីអាល្លឺម៉ង់ទៅចិន លោកម៊ែកថ្លែងសង្កត់ធ្ងន់ថាវាជារឿងសំខាន់ដែលត្រូវដាក់បញ្ចូលគោលនយោបាយរបស់អាល្លឺម៉ង់ចំពោះប្រទេសចិននៅក្នុងបរិបទអឺរ៉ុប។ លោកថាវាមិនមែនជារឿងចៃដន្យនោះទេដែលលោកបំពេញទស្សនកិច្ចថ្ងៃនេះបន្ទាប់ពីប្រធានាធិបតីបារាំង លោកម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្តាមើទើបតែបញ្ចប់ទស្សនកិច្ចនៅចិនកាលពីពេលថ្មីៗនេះ។ ទស្សនកិច្ចរបស់លោកម៊ែកក៏ធ្វើឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុនទស្សនកិច្ចរបស់លោកត្រាំទៅប្រទេសចិននាដើមខែមេសា។

លោកម៊ែកថ្លែងបន្តទៀតថាសារនយោបាយរបស់យើងក្នុងនាមជាប្រទេសអឺរ៉ុបគឺមិនខុសគ្នាទេ៖ យើងចង់បានភាពជាដៃគូជាមួយប្រទេសចិនប្រកបដោយតុល្យភាព, គួរឱ្យជឿទុកចិត្ត, មានច្បាប់ទម្លាប់ត្រឹមត្រូវ និងមានយុត្តិធម៌។ នេះជាអ្វីដែលយើងបានផ្ដល់ទៅឱ្យភាគីចិនរួចហើយ ហើយទន្ទឹមនឹងនោះ យើងសង្ឃឹមថាប្រទេសចិនក៏នឹងធ្វើដូចគ្នាចំពោះយើងវិញដែរ។

លោកម៊ែកដើរតួនាទីនាំមុខគេក្នុងការកសាងអឺរ៉ុបឱ្យមានភាពរឹងមាំទាំងផ្នែកសេដ្ឋកិច្ច និងយោធាដើម្បីធ្វើឱ្យអឺរ៉ុបមានតួនាទីសំខាន់នៅក្នុងរៀបចំសណ្ដាប់ធ្នាប់ពិភពលោកថ្មី។ តាមពិត អឺរ៉ុបរងសម្ពាធខ្លាំងដោយសារការដំឡើងពន្ធរបស់លោកត្រាំ និងដោយសារការទាមទាររបស់លោកត្រាំដែលចង់ឱ្យអឺរ៉ុបមានស្មារតីទទួលខុសត្រូវខ្លាំងជាងមុនផ្នែកសន្តិសុខ។ ចង់មានន័យថាអឺរ៉ុបត្រូវតែមានភាពម្ចាស់ការលើខ្លួនឯងផ្នែកសន្តិសុខជាតិឱ្យបានច្រើនជាងមុន ជាជាងពឹងផ្អែកទៅលើអាមេរិកជាអ្នកការពារ។ ចំណុចមួយទៀតដែលធ្វើឱ្យអឺរ៉ុប និងលោកត្រាំមិនសូវត្រូវគ្នានោះគឺការទាមទារកាន់កាប់កោះហ្គ្រីនលែន។

លោកម៊ែកសង្កត់ធ្ងន់ថាបញ្ហានយោបាយកម្រិតធំៗជាសាកលមិនអាចដោះស្រាយចេញទេបើគ្មានការចូលរួមពីប្រទេសចិន។ លោកថាគេចាំបាច់ត្រូវតែសហការគ្នាដើម្បីដោះស្រាយវិបត្តិ និងសង្គ្រាមនៅលើសាកលលោក។ ក្នុងនោះក៏មានសង្គ្រាមអ៊ុយក្រែនផងដែរ។ លោកកត់សម្គាល់ថាសំឡេងរបស់ប្រទេសចិននឹងសព្វសាយគ្រប់ទីកន្លែងរួមទាំងទីក្រុងម៉ូស្គូផងដែរ។ នៅក្នុងន័យនេះ លោកយល់ថាប្រទេសចិនមានឥទ្ធិពលក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ