យោងតាមការចុះផ្សាយពីប្រភពបរទេស ពោតបារាំង គឺជាបន្លែដ៏មានតម្លៃក្នុងរបបអាហាររបស់ជនជាតិជប៉ុន ដោយសារវាជាឃ្លាំងផ្ទុកនូវវីតាមីន និងជាតិខនិជសំខាន់ៗជាច្រើន។ អ្វីដែលធ្វើឱ្យបន្លែនេះមានលក្ខណៈពិសេសបំផុតនោះគឺ “សារធាតុរំអិល” របស់វា ដែលមិនត្រឹមតែជួយដល់ប្រព័ន្ធរំលាយអាហារ និងសម្អាតជាតិពុលក្នុងពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពការពារក្រពះពីបាក់តេរីដែលបង្កឱ្យមានជំងឺដំបៅក្រពះ និងមហារីកក្រពះទៀតផង។ លើសពីនេះ វាថែមទាំងជួយរក្សាសម្ពាធឈាម និងការពារភ្នែកឱ្យមានសុខភាពល្អ។
ដើម្បីទាញយកអត្ថប្រយោជន៍ទាំងនេះឱ្យបានពេញលេញ ជនជាតិជប៉ុនមានអាថ៌កំបាំងក្នុងការចម្អិនដែលមនុស្សជាច្រើនមិនទាន់ដឹង។ ជំនួសឱ្យការស្ងោរទាំងមូលដូចដែលយើងធ្លាប់ធ្វើ វិធីដែលត្រឹមត្រូវបំផុតគឺត្រូវលាងឱ្យស្អាត រួចហាន់វាជាដុំតូចៗទំហំប្រហែល ៣ ទៅ ៥ មិល្លីម៉ែត្រមុននឹងយកទៅស្ងោរ។ ការធ្វើបែបនេះនឹងជួយបញ្ចេញសារធាតុរំអិលបានកាន់តែច្រើនក្នុងកំលុងពេលចម្អិន ដែលវាគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់បំផុត។ បន្ទាប់មក គេគ្រាន់តែស្ងោរវាក្នុងទឹកពុះក្នុងរយៈពេលខ្លីត្រឹមតែ ១ ទៅ ២ នាទីប៉ុណ្ណោះ រួចស្រង់វាចេញជាការស្រេច។
សម្រាប់ការទទួលទានឱ្យមានរសជាតិឆ្ងាញ់តាមបែបជប៉ុន អ្នកអាចយកពោតបារាំងដែលស្ងោររួចមកលាយជាមួយទឹកស៊ីអ៊ីវ និងរោយជាមួយត្រីឆ្អើរជប៉ុន ឬញ៉ាំជាសាឡាដជាមួយដំឡូងជ្វា។ ការផ្លាស់ប្តូរទម្លាប់ពីការស្ងោរទាំងមូល មកជាការកាត់តូចៗមុននឹងស្ងោរ នឹងជួយឱ្យអ្នកទទួលបាននូវអាហារល្អដែលជួយពង្រឹងសុខភាពរាងកាយបានយ៉ាងប្រសើរ៕
ចែករំលែកព័តមាននេះ