ខេត្តកំពត ៖ ប្រជាពលរដ្ឋនៅឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ដែលមានភូមិសាស្ត្រជាប់ព្រំដែនប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភជាខ្លាំង ដោយសាតែប្រឡាយទឹកនៅឃុំព្រៃទន្លេនេះរីង ទឹកសាបអស់បែជាទឹកប្រៃចូលវិញម្ដង ធ្វើអោយពួកអ្នកភូមិកង្វល់ពីការខ្វះទឹកសាបស្រោចស្រពដំដាំស្រូវប្រាំងរាប់រយហិកតាជិតបានប្រមូលផល ។
ប្រជាពលរដ្ឋនៅព្រៃទន្លេកាលពីព្រឹកថ្ងៃ ទី25 ខែកុម្ភៈ ឆ្នាំ 2026 មកនេះ បានអោយដឹងថា ប្រជាពលរដ្ឋនៅឃុំព្រៃទន្លេភាគច្រើនបានពឹងផ្អែកលើប្រឡាយធំនេះដើម្បីយកទឹកមកស្រោចស្រពស្រែ តែឥឡូវរីងអស់ហើយ ថែមទាំងហូរទឹកប្រៃចូលទៀត យកទៅស្រោចផលដំដាំអ្វីមិនបានទេ គ្រាន់តែទឹកប្រៃចូលមកដល់ ដើមកំប្លោកក្នុងប្រឡាយងាប់អស់ហើយ ។
ប្រជាពលរដ្ឋបានបន្តថា ឥឡូវនេះពលរដ្ឋធ្វើស្រូវប្រាំងទាំងអស់បានបូបទឹកប្រហែលជិត ១គីឡូម៉ែត្រយកមកដាក់ស្រូវដើម្បីកុំខាតបង់ ។ ប្រជាពលរដ្ឋសំណូមពរអោយខាងធនធានទឹកឆាប់ជួយអន្តរាគមន៍ផង និងជួយប្រមូលកំប្លោកចេញពីក្នុងប្រឡាយផង ទឹករាក់អស់ហើយ ។ នៅព្រឹកនោះដែរ អ្នកយកព័ត៌មានបានទូរស័ព្ទទាក់ទងទៅមន្ត្រីធនធានទឹកដែរ តែតាមទូរសព្ទ័មិនអាចទំនាក់ទំនងគ្នាបាន ៕






ចែករំលែកព័តមាននេះ