ប្រទេសប្រេស៊ីល ៖ តាមភ្នាក់ងារសង្គ្រោះ និងអាជ្ញាធរមូលដ្ឋានថា មនុស្សយ៉ាងតិច៣០នាក់ស្លាប់ និង៣៩នាក់បាត់ខ្លួន មកពីមានភ្លៀងធ្លាក់ខ្លាំងនាំឲ្យមានទឹកជំនន់ដ៏អាក្រក់ និងការបាក់ដីនៅភាគអាគ្នេយ៍ប្រេស៊ីល ។

តាមតុល្យការផ្លូវការរបស់អាជ្ញាធរមូលដ្ឋានថា មនុស្សច្រើននាក់ស្លាប់នៅទីក្រុងJUIZ DE FORA ដែលរងការប៉ះពាល់ខ្លាំងជាងគេ ។ មនុស្សច្រើននាក់់ក៏ស្លាប់នៅក្រុងអ៊ូបាដែរ ក្រោយពីភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកស្ទឹងជោរជន់និងនាំឲ្យមានការបាក់ដីច្រើនកន្លែង ។ ក្រុមអ្នកជួយសង្គ្រោះរដ្ឋMINAS GERAIS ខិតខំរុករកមនុស្សដែលបាត់ខ្លួន ។ សារព័ត៌មានក្នុងស្រុករៀបរាប់ពីមនុស្សបាត់ខ្លួនដំបូងថា មានដល់៤៥នាក់ ។
នេះជាភ្លៀងធ្លាក់ខ្លាំងបំផុតជាប្រវត្តិសាស្ត្រនៅក្រុងJUIZ DE FORAក្នុងខែកុម្ភៈ ។ ទីក្រុងនោះ មានប្រជាជនប្រមាណជា៥៤០.០០០នាក់ ។ អភិបាលក្រុងនោះលោកស្រីសាឡូម៉ាវថ្លែងថា បណ្ដាសង្កាត់ទាំងមូលត្រូវទឹកជន់លិច សភាពការណ៍ពិតជាលំបាកខ្លាំង ។
លោកស្រីបន្តថា ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការបាក់ដីយ៉ាងតិច២០កន្លែង ។ បណ្ដាសាលារៀនត្រូវបិទបណ្ដោះអាសន្នក្នុងទីក្រុង ដែលអគារនានារងការបាក់បែក ។ បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញ ពួកអ្នកជួយសង្គ្រោះប្រើអេស្កាវ៉ាទ័រកាយដីភក់ដែលបាក់កប់ផ្ទះជាច្រើន ៕
ចែករំលែកព័តមាននេះ