ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែង រកឃើញម៉ាស៊ីន និងក្បាលបារីអេឡិចត្រូនិចចំនួន១០១ប្រអប់ ហើយនាំខ្លួនម្ចាស់ទីតាំងទាំង២នាក់ ប្តីប្រពន្ធយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីឱ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពនេះតទៅទៀត ។

ហេតុការណ៍បង្ក្រាបបទល្មើសបារីអេឡិចត្រូនិចនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹង កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងការចង្អុលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តវិធានការត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មមួយកន្លែងដែលស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានរកឃើញម៉ាស៊ីន និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន១០១ប្រអប់ និងបាននាំខ្លួនម្ចាស់អាជីវកម្មឈ្មោះ ហឿន គឹមម៉េង ភេទប្រុស អាយុ៤០ឆ្នាំ យកមកធ្វើការសួរនាំ ។

ប្រភពបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការដកហូតវត្ថុតាងខាងលើមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែរនាំដល់ម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពក្នុងការចរាចរណ៍ជួញដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និងអេចឈ៍ ធី ភី ដែលតែងហៅថា Hybrid) ជាបន្តទៀត ៕

ចែករំលែកព័តមាននេះ