ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ឯក​សារ​ផែនទី និង​ជំនួយ​បច្ចេកទេស​ចាំបាច់​នានា ដើម្បី​​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​​ថៃ

58 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បារាំង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ផ្តល់​ឯកសារ​ផែនទី និង​ជំនួយ​បច្ចេកទេស​ចាំបាច់​នានា ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា មួយ​ថៃ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង​-​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បារាំង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ផ្តល់​ឯកសារ​ផែនទី និង​ជំនួយ​បច្ចេកទេស​ចាំបាច់​នានា ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា មួយ​ថៃ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង​-​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា​ឱ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ និង​ស៊ីជម្រៅ ។

ការ​លើក​ឡើង​បែប​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ពេល​ឯកឧត្តមកិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​បារាំង បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​រដ្ឋសភា​បារាំង ដឹកនាំ​ដោយ​ឯកឧត្តម តូ​ម៉ាស ឡាំ (Thomas LAM) ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង​-​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​ស៊ីជម្រៅ ។

ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី ជា​ពិសេស​លទ្ធផល​នៃ​ជំនួប​វាង​គណៈប្រតិភូ​ជាមួយ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា ។ ជំនួប​នេះ ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​មោះមុត ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

ឆ្នាំ​២០២៦ ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​ដ៏​វិសេសវិសាល សម្រាប់​ទំនាក់ទំនង​កម្ពុជា​-​បារាំង ខណៈ​កម្ពុជា​ត្រៀមលក្ខណៈ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី​អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង និង​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​រាជធានី​ភ្នំពេញ ។ ព្រឹត្តិការណ៍​ទាំងនេះ​នឹង​ក្លាយជា​កាតាលីករ​រុញច្រាន​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ឈាន​ដល់​កម្រិត «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​»​។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បញ្ជាក់​ពី​គោលនយោបាយ «​រក្សា​មិត្ត​ចាស់ ពង្រីក​មិត្ត​ថ្មី​» ដោយ​មិន​យក​ប្រទេស​ណា​ជាស​ត្រូវ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ ។ ក្រុម​មិត្តភាព​សភា​នឹង​ដើរតួ​ជា «​ស្ពាន​» ត​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ដោយ​យក​ប្រជាពលរដ្ឋ​ជា​ស្នូល ។

ដោយសារ​ប្រទេស​កម្ពុជា ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ដ៏​ជូរ​ចត់​នា​ពេល​កន្លង​មក ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​គុណ​តម្លៃ​នៃ​សន្តិភាព និង​ជំហរ​ដោះស្រាយ​ជម្លោះ​តាម​រយៈផ្លូវ​ច្បាប់​អន្តរជាតិ ពិសេស ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​កម្ពុជា​ស្នើ​សុំ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​បារាំង ។ កម្ពុជា​យល់​ច្បាស់​ពី​តម្លៃ​សន្តិភាព «​ថ្នាក់ដឹកនាំ​កម្ពុជា​គ្រប់​ជាន់ថ្នាក់ និង​ប្រជាជន​កម្ពុជា​ទាំងមូល មិន​ចង់​ឃើញ​ពលរដ្ឋ​ខ្លួន ឬ​ជាតិ​សាសន៍​ដទៃ​ជួប​ទុក្ខ​លំបាក​ដោយសារ​សង្គ្រាម​ទៀត​នោះឡើយ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ
ធិ​បតី ហ៊ុន ម៉ា​ណែ​ត វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​បា​រាំងជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ UN ដែល​តែងតែ​គាំទ្រ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ។ កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បារាំង​ដែល​យល់ព្រម​ផ្តល់​ឯកសារ និង​បច្ចេកទេស​ពាក់ព័ន្ធ​ព្រំដែន​អន្តរជាតិ (​សន្ធិសញ្ញា​ឆ្នាំ ១៩០៤-១៩០៧) ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ។

រដ្ឋសភា​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​បារាំង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ វិស័យសេដ្ឋកិច្ច និង​ទេស​ចរណ៍ ជាមួយនឹង​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ការ​បង្កើត «​ជើងហោះហើរ​ត្រង់​កម្ពុជា​-​បារាំង​» ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ជំរុញ​ទេសចរណ៍ និង​វិនិយោគ ។ ក្នុង​វិស័យ​ការទូត​សភា រដ្ឋសភា​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​បារាំង ជំរុញ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្រប់​កម្រិត ចាប់ពី​ប្រធាន​សភា គណៈកម្មការ​ជំនាញ រហូត​ដល់​មន្ត្រី​លេខាធិការដ្ឋាន ដើម្បី​ដោះ​ដូរ​បទ​ពិសោធន៍ ។ ជាមួយ​គ្នា​នេះ ក៏​ស្នើ​សុំ​ឱ្យ​បារាំង​បន្ត​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា និង​វគ្គ​បណ្តុះបណ្តាល​ភាសា​បារាំង​រយៈពេល​ខ្លី​ដល់​មន្ត្រី​រដ្ឋសភា​ផងដែរ​។

ឯកឧត្តម តូ​ម៉ាស ឡាំ (Thomas LAM) ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង​-​កម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​សភា​កម្ពុជា​ចំពោះ​ការ​ស្វាគមន៍​ដ៏​កក់ក្ដៅ និង​ថា ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​បារាំង​កម្ពុជា​មាន​តាំងពី​យូរណាស់​មក​ហើយ ពិសេស​លើ​ផ្នែក​វប្បធម៌​។

ឯកឧត្តម បាន​គូសបញ្ជាក់​ថា «​បារាំង​ត្រៀមខ្លួន​ជួយ​កម្ពុជា​លើ​វិស័យ​ផ្សេង​ៗ​ទៀត ក្នុង​នោះ​មាន​ដូច​ជា វិស័យ​អប់រំ ដោយ​បារាំង​ត្រៀម​ជួយ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​ភាសា​បារាំង​ដល់​កម្ពុជា ។ ចំណែក​កិច្ចសហការ​វិស័យសេដ្ឋកិច្ច គឺ​បារាំង​អាច​រួមចំណែក​ជួយ​ផ្ដល់​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ភស្តុ​ភារ​កម្ម ជាមួយនឹង​ក្ដី​សង្ឃឹមថា បារាំង​នឹង​អាច​ពង្រីក​ធុរកិច្ច​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កតាម​រយៈ​ប្រទេស​កម្ពុជា​»​។

ជាមួយ​គ្នា​នោះ​ដែរ បារាំង​បាន​ចាត់​ទុក​ឆ្នាំ​២០២៦ ជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ទ្វេភាគី បារាំង កម្ពុជា គឺ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នា​ខែវិច្ឆិកា ឆ្នាំ​២០២៦​ខាង​មុខ ។ បារាំង​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ពេញទំហឹង​ដល់​កម្ពុជា ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ ។

ជាមួយ​គ្នា​នេះ ប្រ​ធានា​ធិ​ប​តិ​បារាំង គឺ​ឯកឧត្តម អេ​ម៉ា​នុ​អ៊ែ​ល ម៉ា​ក្រុង ក៏​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ផង​ដែរ​នា​អំឡុង​ពេល​នោះ ដែល​នឹង​ធ្វើ​ឱ្យ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

ទាក់ទង​នឹង​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្តី​កង្វល់​របស់​កម្ពុជា​ឯកឧត្តម តូ​ម៉ាស ឡាំ បាន​សង្កត់ធ្ងន់​ថា បារាំង​ផ្តល់​តម្លៃ​ខ្ពស់​លើ​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត និង​សន្តិវិធី ។ បារាំង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ឯកសារ​ផែនទី និង​ជំនួយ​បច្ចេកទេស​ចាំបាច់​នានា ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។

ភាគី​បារាំង​ក៏​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទៅ​កាន់​សភា​កម្ពុជា​តាម​រយៈ​ការ​គាំទ្រ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​រដ្ឋសភា​កម្ពុជា​ឱ្យ​ក្លាយជា «​សភា​ឌី​ជីថ​ល​» ដោយ​អគ្គលេខាធិការដ្ឋាន​សភា​បារាំង​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស និង​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​លើ​វិស័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ