ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោសបុរសបរទេ.ស២នាក់ ជុំវិញការពាក់ព័ន្ធសារធាតុញៀ.ន

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ជា​ជនជាតិ​អង់គ្លេស​ចំនួន​២​នាក់ ដាក់​ពន្ធនាគារ ក្នុង​នោះ​ម្នាក់​១០​ឆ្នាំ និង​ម្នាក់​ទៀត​១៤​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មួញ​គ្រឿងញៀន​ជា​ជនជាតិ​អង់គ្លេស​ចំនួន​២​នាក់ ដាក់​ពន្ធនាគារ ក្នុង​នោះ​ម្នាក់​១០​ឆ្នាំ និង​ម្នាក់​ទៀត​១៤​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​សរុប​២៤​លាន​រៀល ។

ជនជាប់ចោទ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ HOGG JORDAN JAMES ភេទ​ប្រុស អាយុ​២១​ឆ្នាំ សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០ លាន​រៀល ។ ចំណែក​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ CRELLIN CIARAN ASHLEY STEPHEN ភេទ​ប្រុស អាយុ​២៩ឆ្នាំ សាលក្រម​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១៤​លាន​រៀល ពី​បទ​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០២៥ ។

សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។ ជនជាប់ចោទ​នៅ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់់​តាម​សាលក្រម​កំណត់ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​បន្ត​នីតិវិធី​បណ្តេញ​ចេញពី​កម្ពុជា ។

សូម​ជម្រាប​ថា សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ ដែល​មាន​លោក ទិ​ត្យ សុ​ទ្ធី​បូ​រ៉ា​ឆាត ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ។ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ដេញដោល ចៅក្រម​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​មក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

សូម​រំលឹក​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ(​ច្រក​អ្នកដំណើរ​ចេញ​) ក្រោម​ការ​សម្របសម្រួលពី​លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​កញ្ឆា​ក្រៀម​ជិត​២០​គីឡូក្រាម បម្រុង​លោត​ឆត្រ​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស​តាម​ជើងហោះហើរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

ក្នុង​ប្រ​តិ​បត្ត​ការ​នោះ ដំបូង​ឡើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មួញ​គ្រឿង​ញឿ​ន​ម្នាក់ ជា​បុរស
ជនជាតិ​អង់គ្លេស ដោយ​ចាប់​យក​កញ្ឆា​ក្រៀម​ចំនួន​២២​ដុំ មាន​ទម្ងន់ ១៩ ៩០២​ក្រាម (​ជិត
២០​គីឡូក្រាម​) ។ បន្ទាប់​មក នៅ​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​ឃាត់
ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​សាលា
ដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ