រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងមានការប្រែប្រួលដោយបណ្តាខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិត ១០% នៃផ្ទៃដី។
បាតុភូតភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នេះ អាចកើតមាននៅតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង។ ដោយឡែកនៅតំបន់ខ្ពង់រាប ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ តំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ក៏ស្ថិតក្នុងរង្វង់នៃការមានភ្លៀងធ្លាក់ ១០% នេះដែរ។ សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀង និងខ្យល់កន្ត្រាក់ក្នុងកម្រិតដូចគ្នា ខណៈដែលរលកសមុទ្រអាចមានកម្ពស់ដល់ ១,០០ ម៉ែត្រ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលរងឥទ្ធិពលភ្លៀង គប្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ដែលអាចកើតឡើងជាយថាហេតុ៕
ចែករំលែកព័តមាននេះ