ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាយ៉ាងម៉ឺងមាត់ឱ្យស្ថាប័នសន្តិសុខជាតិ បង្កើនការប្រើប្រាស់ធនធានទាំងកម្លាំងមនុស្ស និងបច្ចេកវិទ្យា ដើម្បីកម្ចាត់រាល់ការគំរាមកំហែងចំពោះស្ថិរភាពជាតិ ស្របពេលដែលកងទ័ពរុស្ស៊ីទើបតែដណ្ដើមបានភូមិថ្មីមួយទៀតក្នុងតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ាបានសម្រេច។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈនេះ។
បើតាមក្រសួងការពារជាតិរុស្ស៊ី ក្រៅពីការគ្រប់គ្រងភូមិយុទ្ធសាស្ត្រនេះ កងកម្លាំងរបស់ខ្លួនក៏បានវាយកម្ទេចគោលដៅសំខាន់ៗជិត២០០ កន្លែង រួមមានមជ្ឈមណ្ឌលថាមពល និងឃ្លាំងផ្ទុកដ្រូនរបស់អ៊ុយក្រែន ក្នុងគោលបំណងពង្រីកឧត្តមភាពយោធានៅក្នុងតំបន់ជម្លោះ។
ការវាយដណ្ដើមបានទឹកដីបន្ថែម និងការចេញបញ្ជាពង្រឹងសន្តិសុខពីសំណាក់លោក ពូទីន ធ្វើឡើងចំពេលដែលសង្គ្រាមជិតឈានចូលដល់ឆ្នាំទី៤ ដែលតម្រូវឱ្យរុស្ស៊ីត្រូវបង្កើនទាំងយុទ្ធសាស្ត្រវាយលុក និងការពារ។ ស្របពេលដែលសមរភូមិកាន់តែឡើងកម្ដៅ រុស្ស៊ីក៏បានបង្ហាញពីសមត្ថភាពខែលការពារដែនអាកាស ដោយអះអាងថាបានបាញ់ទម្លាក់ដ្រូន និងមីស៊ីល HIMARS របស់អាម៉េរិកជាច្រើនគ្រឿង ដើម្បីបញ្ជាក់ប្រាប់លោកខាងលិចថា ខ្លួនមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងអាវុធទំនើបៗ និងការពារផលប្រយោជន៍ជាតិឱ្យបានជាដាច់ខាត៕

ចែករំលែកព័តមាននេះ