ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងដោយមានការចូលរួមពីលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីខួបលើកទី២៧ នៃទិវាជាតិយល់ដឹង អំពីមីន ២៤ កុម្ភៈ ២០២៦ ដែលប្រារព្ធធ្វើនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ការជ្រើសរើសខេត្តពោធិ៍សាត់ឆ្នាំនេះ ជាទីតាំង នៃការប្រារព្វទិវាជាតិយល់ដឹងអំពីមីន ព្រោះខេត្តពោធិ៍សាត់ ធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារកេរ្តិ៍ដំណែលបន្សល់ពីសង្គ្រាមអូសបន្លាយក្នុងពេលអតីតកាល ហើយថ្មីៗនេះ បានទទួលរងគ្រោះធ្ងន់ធ្ងរជាថ្មីម្ដងទៀត ដោយសារការឈ្លានពានខុសច្បាស់របស់យោធាថៃ និងបានបន្សល់នូវគ្រាប់មិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោម នៅពាសពេញផ្ទៃដី បង្កហានិភ័យជាខ្លាំងដល់ប្រជាជន និងសហគមន៍របស់យើង ។
បន្ទាប់ពីមតិស្វាគមន៍ របស់លោក ខូយ រីដា ការអានសារលិខិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំណាប់អារម្មណ៍របស់ជនរងគ្រោះដោយសារមីន ចំណាប់អារម្មណ៍របស់លោកស្រីស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអូស្ត្រាលី និងតំណាងអង្គការយូអិនឌីភី ប្រចាំកម្ពុជារួចមក ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ កម្ពុជាសម្រេចបានវឌ្ឍនភាពជាទីកត់សម្គាល់ក្នុងកិច្ចការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងសកម្មភាពមីនជារួម។ ប៉ុន្តែជាអកុសល សង្គ្រាមឈ្លានពាននៅតាមតំបន់ព្រំដែននាពេលថ្មីៗនេះ បានបង្កការគំរាមកំហែងជាថ្មី និងទាមទារឱ្យយើងដោះស្រាយជាបន្ទាន់ ដើម្បីធានាឱ្យបានសុខសុវត្ថិភាពជូនប្រជាជន និងសហគមន៍របស់យើង។ ប្រជាជាតិយើងទាំងមូល ពិតជាសោកស្តាយបំផុត ដែលសហគមន៍តាមតំបន់ព្រំដែន រួមទាំងខេត្តពោធិ៍សាត់ផងដែរ ត្រូវបានបង្ខំជម្លៀសខ្លួនចាកចោលផ្ទះសម្បែង រស់នៅដោយមានភាពភ័យខ្លាច ហើយសហគមន៍ទាំងមូលត្រូវទទួលរងគ្រោះជាថ្មី ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម បន្សល់ពីការឈ្លានពានរបស់យោធាថៃ។ គ្រាប់ដែលមិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោមផងដែរនឹងបង្កការគំរាមកំហែងរយៈពេលវែង ទោះជាសង្គ្រាមបានបញ្ចប់ ហើយគ្រាប់ទាំងនោះ នឹងមិនបែងចែករវាងទាហាន និងកុមារ ឬសមរភូមិនិងស្រែចម្ការឡើយ ។ ហេតុនេះហើយ ទើបសកម្មភាពមីន ត្រូវបានចាត់ទុក ជាអាទិភាពជាតិដ៏សំខាន់មួយ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកសកម្មភាពមីន ជាសសរស្តម្ភ នៃសន្តិភាព សន្តិសុខមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តទៀតថា ការបោសសម្អាតមីន មានន័យថា ការស្តារជីវភាពរស់នៅ។ ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរ ។ ថ្ងៃនេះផងដែរ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណ ចំពោះភាពក្លាហានរបស់អ្នកបោសសម្អាតមីន ដែលបន្តធ្វើការក្នុងស្ថានភាពលំបាក និងមានគ្រោះថ្នាក់។ ការលះបង់របស់ពួកគាត់ បានធានាថា ដីដែលធ្លាប់រងការគំរាមកំហែង បានក្លាយទៅជាដីដែលបម្រើដល់ជីវិតមនុស្ស។ ជាមួយគ្នានេះ យើងក៏សូមសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកងយោធពលខេមរភូមិន្ទ ដែលបានការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ ការពារប្រជាជន និងទឹកដីរបស់យើង។ ទិវាជាតិយល់ដឹងអំពីមីន គឺជាការផ្ញើសារដល់ប្រជាពលរដ្ឋគ្រប់រូបថា គ្រោះថ្នាក់នៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនោះ នឹងជួយសង្គ្រោះជីវិតរបស់យើង ។
ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ឯកឧត្តម លី ធុជ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន និងមានសុវត្ថិភាពពេញលេញ។ យើងបន្តរួមដៃគ្នា ដើម្បីសម្រេចបាននូវសង្គមមួយ ដែលជនភៀសសឹក និងសហគមន៍ទាំងអស់ រស់នៅដោយសុវត្ថិភាព គ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។
ក្នុងឱកាសនោះក៍មានចែកអំណោយ ដល់កងអង្គភាព ក្រុមយុវជន និងលោកតា លោកយាយ ដែលអញ្ជើញចូលរួមផងដែរ ៕







ចែករំលែកព័តមាននេះ