ទីក្រុងតេអេរ៉ង់៖ ប្រទេសអេរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិនដើម្បីទិញមីស៊ីលបណ្ដែត ឬមីស៊ីលគ្រូស (cruise missile) ទុកសម្រាប់បាញ់នាវាចម្បាំងរបស់បច្ចាមិត្ត។ នេះបើយោងតាមបង្ហើបឱ្យដឹងពីប្រភពចំនួន៦ដែលដឹងកិច្ចការផ្ទៃក្នុង។ គម្រោងទិញ-លក់មីស៊ីលនេះធ្វើឡើងចំពេលអាមេរិកបន្តកសាងកម្លាំងយោធាកាន់តែច្រើនឡើងៗហ៊ុមព័ទ្ធប្រទេសអ៊ីរ៉ង់នៅក្នុងន័យថាបើសិនការចរចានុយក្លេអ៊ែរបរាជ័យ សង្គ្រាមអាចនឹងផ្ទុះឡើង។

ការទិញមីស៊ីលផលិតនៅប្រទេសចិនម៉ាកស៊ីអឹម៣០២ (CM-302) ជិតបានសម្រេចហើយ។ គ្រាន់តែថាបញ្ជូនអាវុធនេះទៅអ៊ីរ៉ង់នៅពេលណាមិនទាន់ឯកភាពគ្នានៅឡើយទេ។ វាជាប្រភេទមីស៊ីលលឿនជាងសំឡេង ស៊ុបពើសូនិច (supersonic) ដែលមានវង់ប្រតិបត្តិការ២៩០គីឡូម៉ែត្រ ហើយអាចគេចផុតពីការតាមប្រមាញ់របស់ប្រព័ន្ធរ៉ាដាសត្រូវដែលបំពាក់នៅលើនាវាព្រោះមីស៊ីលនេះហោះប្រផិតៗនៅលើផ្ទៃទឹក ហើយហោះហើរលឿនណាស់។

បើអ៊ីរ៉ង់មានមីស៊ីលនេះនៅក្នុងដៃអាចបំភ័យអាមេរិកបាន ហើយអាចពង្រឹងសមត្ថភាពវាយប្រហាររបស់ខ្លួនទៅលើក្រុមបច្ចាមិត្ត។ ពោលគឺមីស៊ីលនេះជាគ្រោះគំរាមកំហែងសម្រាប់កងនាវាចម្បាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការប្រមើលមើលរបស់អ្នកជំនាញខាងអាវុធចំនួន២នាក់។ តាមពិត អ៊ីរ៉ង់កុម្ម៉ង់ទិញមីស៊ីលនេះតាំងយូរយារណាស់មកហើយ។ ប៉ុន្តែនៅពេលទឹកលិចដល់ច្រមុះ អ៊ីរ៉ង់ចាប់ផ្ដើមសម្រុកចរចាជាមួយចិនដើម្បីទិញអាវុធនេះឱ្យបានឆាប់។

នៅពេលភាគីទាំង២ ចិន និងអ៊ីរ៉ង់ ចរចាគ្នាជិតបានសម្រេចកាលពីរដូវក្ដៅឆ្នាំមុន មន្ត្រីយោធា និងមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ក៏ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក្នុងនោះ ក៏មានទស្សនកិច្ចរបស់លោកម៉ាសូត អូរ៉ាអេ (Massoud Oraei) ដែលជាអនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ផងដែរ។ បើសិនទិញមីស៊ីលពីចិនបានសម្រេច អ៊ីរ៉ង់នឹងមានទឹកមាត់លេបវិញហើយ។

អ៊ីរ៉ង់អាចវាយប្រហារនាវាដែលបោះមូលដ្ឋានឈប់សំចតនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការប្រមើលមើលរបស់លោកដេនី ស៊ីទ្រីណូវិច (Danny Citrinowicz) ជាអតីតមន្ត្រីផ្នែកស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល និងបច្ចុប្បន្នជាអ្នកស្រាវជ្រាវជាន់ខ្ពស់អំពីបញ្ហាអ៊ីរ៉ង់។ លោកអះអាងថាមីស៊ីលដ៏ទំនើបនេះធ្វើឱ្យប្រព័ន្ធរ៉ាដារបស់ភាគីម្ខាងទៀតពិបាកទប់ស្កាត់បំផុត៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ