ទីក្រុងប៉េកាំង៖ ថ្មីៗនេះ អាមេរិកមានសារបីចំណុចប្រាប់ទៅពិភពលោកពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសចិន។ ទី១-អាមេរិកថាប្រទេសចិនបាន និងកំពុងសម្រុកផលិតអាវុធនុយក្លេអ៊ែរយ៉ាងច្រើនសន្ធឹកសន្ធាប់, ទី២-អាមេរិកនៅតែអះអាងដដែលឡើងវិញថាប្រទេសចិនពិតជាបានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាសម្ងាត់ និងទី៣-អាមេរិកទាមទារថាបើទៅថ្ងៃមុខមានសន្ធិសញ្ញាស្ដីពីការគ្រប់គ្រងអាវុធ ប្រទេសចិនគួរណាស់ចូលរួមនៅក្នុងសន្ធិសញ្ញានោះដែរ។

អាមេរិកកត់សម្គាល់ថាសន្ធិសញ្ញាញូស្តាត (New START) ដែលជាលិខិតូបករណ៍នៅសេសសល់ចុងក្រោយបង្អស់សម្រាប់ទប់បង្ហៀរប្រទេសមហាអំណាចអាមេរិក និងរុស្ស៊ីមិនឱ្យរត់ប្រណាំងសព្វាវវុធនោះបានផុតសុពលភាពកាលពីដើមខែកុម្ភៈ។ នេះជាការបើកឱកាសឱ្យមានសន្ធិសញ្ញាដែលកាន់តែល្អប្រសើរជាងនោះព្រោះប្រទេសចិនក៏អាចនឹងចូលរួមនៅក្នុងសន្ធិសញ្ញានោះដែរ។ ប៉ុន្តែ ប្រទេសចិនធ្លាប់បានប្រកាសជាសាធារណៈថាខ្លួននឹងមិនចូលរួមនៅក្នុងសន្ធិសញ្ញាត្រីភាគីនោះទេ។

ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកខាងគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយនុយក្លេអ៊ែរ លោកគ្រីសស្តូហ្វឺ យីវ (Christopher Yeaw) ថ្លែងថាសន្ធិសញ្ញាញូស្តាត (New START) នៅមានចំណុចឆកល្វែងច្រើនណាស់។ លោកយល់ថាចំណុចខ្វះខាតខ្លាំងបំផុតគឺសន្ធិសញ្ញានេះគ្មានសុពលភាពដាក់កំហិតលើការផលិតអាវុធនុយក្លេអ៊ែរយ៉ាងសម្បើម និងយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ អ្នកការទូតរូបនេះអះអាងថាទោះបីប្រទេសចិនបដិសេធយ៉ាងណាក្ដី ប៉ុន្តែចិនខិតខំពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយចេតនា និងដោយគ្មានអ្វីអាចឃាត់ឃាំងបានឡើយ។

លោកយល់ថាមិនយូរទេ យ៉ាងខ្លាំងត្រឹមរយៈពេលបួន ឬប្រាំឆ្នាំទៀត ប្រទេសចិនអាចតាមទាន់អាមេរិក និងរុស្ស៊ីហើយ។ សព្វថ្ងៃនេះអាមេរិក និងរុស្ស៊ីម្ខាងៗមាននុយក្លេអ៊េរជាង៥ពាន់គ្រាប់។ នេះបើយោងតាមការអះអាងរបស់ក្រុមសកម្មជនអាយខេន (ICAN)។ សន្ធិសញ្ញាញូស្តាតដែលបានផុតសុពលភាពតាំងពីថ្ងៃទី៥ ខែកុម្ភៈនោះបានដាក់កំហិតឱ្យអាមេរិក និងរុស្ស៊ីម្នាក់ៗមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងច្រើនត្រឹម១៥៥០គ្រាប់។

លោកគ្រីសស្តូហ្វឺ យីវ ថ្លែងថាប្រទេសចិនមានវត្ថុធាតុដើមគ្រប់គ្រាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរលើសពីមួយពាន់គ្រាប់ត្រឹមឆ្នាំ២០៣០។ លោកយីវគាំទ្រឱ្យសន្ធិសញ្ញាញូស្តាតផុតរលត់ទៅក៏ល្អម៉្យាងដែរព្រោះសន្ធិសញ្ញានេះធ្វើឱ្យអាមេរិកចាញ់ប្រៀបរុស្ស៊ី។ នៅសុខៗ រុស្ស៊ីសម្ងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរកាន់តែច្រើន។ លោកយល់ថាសន្ធិសញ្ញញូស្តាតហួសសម័យហើយ ហើយបើទុកឱ្យមានសុពលភាពក៏ជាការឥតប្រយោជន៍៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ