ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំព្រមានប្រើធម៌ក្ដៅលើប្រទេសទាំងឡាយណាដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិករួចហើយ ហើយចង់យកលេសដោះដៃចេញពីកិច្ចព្រមព្រៀងដោយសម្អាងទៅលើការសម្រេចរបស់តុលាការកំពូលអាមេរិកកាលពីពេលថ្មីៗនេះ។ តុលាការចេញសេចក្ដីសម្រេចបដិសេធការដំឡើងពន្ធរបស់លោកត្រាំ។ ដូចនេះ លោកព្រមានថានឹងដំឡើងពន្ធកាន់តែខ្ពស់ជាងនៅក្នុងកិច្ចព្រមព្រៀងទៅទៀតបើសិនពួកគេហ៊ានលេងសើចជាមួយលោក។

លោកត្រាំព្រមានដូចខាងលើនេះបន្ទាប់ពីប្រទេសមួយចំនួនចាប់ផ្ដើមពិនិត្យមើលឡើងវិញថាតើអត្រាពន្ធណាខ្លះ និងកិច្ចព្រមព្រៀងណាខ្លះដែលអាចរក្សាទុកជាធរមានបើតុលាការអាមេរិកប្រកាសទុកជាមោឃៈនូវការដំឡើងពន្ធរបស់លោកត្រាំទៅហើយនោះ? កិច្ចព្រមព្រៀងទាំងនោះភាគច្រើនធ្វើឡើងកាលពីឆ្នាំ២០២៥។ ថ្មីៗនេះ សហភាពអឺរ៉ុបប្រកាសថាខ្លួននឹងពន្យារពេលផ្ដល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួចហើយ។

ចំណែកប្រទេសឥណ្ឌាក៏ត្រៀមចាត់វិធានការស្រដៀងគ្នាផងដែរ។ ឥណ្ឌាថាខ្លួននឹងព្យួរទុកនូវគម្រោងចរចាដែលបានណាត់គ្នារួចហើយដើម្បីសម្រេចយកជាបានការនូវកិច្ចព្រមព្រៀងនោះ (finalize)។ ឃើញដូច្នេះ លោកត្រាំក៏បានបញ្ចេញប្រតិកម្មរហ័សទៅវិញភ្លាមៗ។ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាប្រទេសនានាទូទាំងសាកលលោកមិនត្រូវសម្អាងទៅលើសេចក្ដីសម្រេចរបស់តុលាការ រួចហើយដោះដៃចេញពីកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខារួចហើយនោះទេ។

លោកសរសេរថាប្រទេសណាដែលចង់លេងសើចជាមួយលោកដោយសម្អាងទៅលើការសម្រេចដ៏គួរឱ្យខ្មាសអៀនរបស់តុលាការនោះ ប្រទេសនោះប្រុងខ្លួនទុកឱ្យហើយទៅ។ ជាពិសេស ក្រុមប្រទេសដែលកេងចំណេញលើអាមេរិករាប់ឆ្នាំ ឬរាប់សិបឆ្នាំមកហើយ។ លោកនឹងដំឡើងពន្ធគយឱ្យខ្ពស់ជាងអត្រាពន្ធដែលមាននៅក្នុងកិច្ចព្រមព្រៀងទៅទៀត។ ដូច្នេះ លោកសូមផ្ដាំទៅអតិថិជនដែលជាអ្នកទិញទំនិញសូមត្រៀមខ្លួនឱ្យហើយទៅ ទំនិញមុខជាឡើងថ្លៃជាមិនខាន៕ ប្រភព៖ ប៊ីប៊ីស៊ី និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ