ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផ្ញើកំណត់ទូតជាថ្មីទៅភាគីថៃ ស្នើចុះវាស់វែងដីជាក់ស្តែង និងបោះបង្គោលព្រំដែនឡើងវិញ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មី​ទៅ​កាន់​ភាគី​ថៃ​ស្នើ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) នៃ​ភាគី​ទាំង​ពីរ​ចុះ​លើ​ដី​ជាក់ស្តែង នៅ​កាលបរិច្ឆេទ សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែមីនា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ជា​ថ្មី​ទៅ​កាន់​ភាគី​ថៃ​ស្នើ ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) នៃ​ភាគី​ទាំង​ពីរ​ចុះ​លើ​ដី​ជាក់ស្តែង នៅ​កាលបរិច្ឆេទ សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ ។ នេះ​បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ។

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ភាគី​កម្ពុជា បាន​បញ្ជូន​កំណត់​ទូត​ជា​ថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ទៅ​គណៈកម្មការ JBC ភាគី​ថៃ ។ កំណត់​ទូត​ថ្មី​កម្ពុជា បាន​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) នៃ​ភាគី​ទាំង​ពីរ​ចុះ​លើ​ដី​ជាក់ស្តែង នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៦ ដើម្បី​បន្ត​អនុវត្ត​ការងារ​បោះបង្គោល បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ​និង ភូមិ​ព្រៃ​ចាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ និង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 52-59 ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ព្រមទាំង​សាងសង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​ចំនួន ១៥ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង នៅ​ទីតាំង​ដើម ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ។

លើស​ពី​នេះ ភាគី​កម្ពុជា​បាន​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTS) នៃ​ភាគី​ទាំង​ពីរ​ដើម្បី​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 33-37 (​តំបន់​បឹង​ត្រកួន​), តំបន់​ច្រក​ទ្វារ ព្រំដែន​អន្តរជាតិ​ថ្មដា (​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​), តំបន់​ព្រំដែន​អូរ​ភ្លុក​ដំរី (​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​), តំបន់​ព្រំដែន​ច​១ (​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​) និង​តំបន់​ព្រំដែន​ផ្សេង​ទៀត នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ ។

ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) នៃ​ភាគី​ទាំង​ពីរ ដើម្បី​ចុះ​វាស់វែង និង​ខណ្ឌសីមា​លើ​ដី ជាក់ស្តែង​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា (​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក និង​ខ្សែ​ព្រំដែន​ជា​បន្ទាត់​ត្រង់​) នៅ​កាលបរិច្ឆេទ​សម​ស្រប​ណាមួយ​ចន្លោះ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​៦ របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ថៃ​-​កម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ ។

ជាង​នេះ​ភាគី​កម្ពុជា​បាន​ក៏​ស្នើ​ឱ្យ​មានការ​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រតិបត្តិការ (OG) កម្ពុជា​-​ថៃ លើក​ទី​១២ និង​កិច្ចប្រជុំ អនុ​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​ព្រំដែន (JTSC) កម្ពុជា​-​ថៃ លើក​ទី​៥ នៅ​អំឡុង​ស​ប្តា​ហ៍​ទី​មួយ ខែមីនា ឆ្នាំ​២០២៦ និង​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ នៅ​អំឡុង​ស​ប្តា​ហ៍​ទី​ពីរ ខែមីនា ឆ្នាំ​២០២៦ ។

ប្រភព​បាន​បញ្ជាក់​ថា គណៈកម្មការ JBC ភាគី​កម្ពុជា បាន​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ទៅ​នឹង​សកម្មភាព​ឈ្លានពាន និង​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​របស់​យោធា​ថៃ ព្រមទាំង​ការ​បន្ត​ធ្វើ​សកម្មភាព​រំលោភ​បំពាន​លើ​បូរណភាព ទឹកដី និង​អធិបតេយ្យ​កម្ពុជា ដោយ​បង្ហោះ​ដ្រូ​ន រាយ​លួស​បន្លា ដាក់​ទូរ​កុងតឺន័រ ដោត​ទង់ជាតិ​ថៃ ជីក​ប្រឡាយ សាងសង់​ផ្លូវ​និង​លេណដ្ឋាន ប្តូរ​ឈ្មោះ​ផ្លូវជាតិ​លេខ​៥៨​របស់​កម្ពុជា សកម្មភាព​កែប្រែ​បរិស្ថាន​ព្រំដែន​នៅ​តំបន់ ប្រាសាទ​តា​មាន់ និង​ប្រាសាទព្រះវិហារ ឈូស​ឆាយ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ កម្ពុជា និង​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​វិល​ត្រឡប់​ចូល​រស់នៅ​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​វិញ ។

គណៈកម្មការ JBC ភាគី​កម្ពុជា​បាន​ចាត់​ទុក​សកម្មភាព​ទាំង​អស់នេះ គឺជា​ការ​រំ​លោ​.​ភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន MOU​ឆ្នាំ​២០០០ កំណត់ហេតុ​កិច្ចប្រជុំ​របស់​គណៈកម្មការ JBC និង​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ជា​ពិសេស​រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ JBC ។

ឆ្លៀត​ក្នុង​ឱកាស​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​សា​ជា​ថ្មី​ដល់​ជនរួមជាតិ និង សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ ក្នុង​ន័យ​នេះ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​កម្ពុជា នឹង​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត​ជាមួយ​គណៈកម្មការ ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​ថៃ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន និង​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ និង​សាធារណជន​ទាំងអស់​មេត្តា ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​(JBC)​កម្ពុជា ដែល​ជា​និច្ចកាល តែង​ប្រកាន់ខ្ជាប់​នូវ​មនសិការ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ ជា​ពិសេស​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ