EU ព្រមា.នថា ពន្ធថ្មីរបស់លោក ត្រាំ នឹងធ្វើឱ្យខូចខាតកិច្ចព្រមព្រៀងពាណិជ្ជកម្មភាគីទាំងពីរ
អន្តរជាតិ ៖ ការវាយតម្លៃរបស់សហភាពអឺរ៉ុប (EU) បានរកឃើញថា គោលនយោបាយពន្ធសកលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald…
អន្តរជាតិ ៖ ការវាយតម្លៃរបស់សហភាពអឺរ៉ុប (EU) បានរកឃើញថា គោលនយោបាយពន្ធសកលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald…
អន្តរជាតិ ៖ ការវាយតម្លៃរបស់សហភាពអឺរ៉ុប (EU) បានរកឃើញថា គោលនយោបាយពន្ធសកលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងបង្កើនការយកពន្ធលើការនាំចេញមួយចំនួនរបស់ប្លុកនេះ រួមទាំងឈីស និងផលិតផលកសិកម្មមួយចំនួន លើសពីកម្រិតដែលត្រូវបានអនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
បញ្ហានេះកើតឡើង បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធបដិការពីមុនរបស់លោក ត្រាំ ដែលអនុវត្តក្រោមច្បាប់ឆ្នាំ ១៩៧៧ និងត្រូវបានគេស្គាល់ថា ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឬ IEEPA ។ ជាមួយការខកចិត្តនេះ លោក ត្រាំ បានប្រកាសពីការយកពន្ធសកលថ្មី ១០% ដែលចូលជាធរមានចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែបន្ទាប់មកលោកបានគំរាមដំឡើងរហូតដល់ ១៥% ។
លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសភាអឺរ៉ុប ដែលដោះស្រាយបញ្ហាពាណិជ្ជកម្មសម្រាប់ប្លុកនេះ បានលើកឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា ពន្ធថ្មី នឹងត្រូវបន្ថែមទៅលើការយកពន្ធដែលមានស្រាប់រួចហើយ។ អត្រាពន្ធថ្មីមានន័យថា ទំនិញមួយចំនួននឹងលើសពីកម្រិតកំណត់ ១៥% ដែល EU និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ពន្ធសកលថ្មីនេះមានសពុលភាពរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះ តម្រូវឱ្យរដ្ឋបាលស្វែងរកការយល់ព្រមពីសភាដើម្បីអនុម័តការអនុវត្តបន្ត ដែលវាស្ថិតក្នុងច្បាប់ដាច់ដោយឡែកមួយ ដែលមិនធ្លាប់បានប្រើប្រាស់ពីមុន និងត្រូវបានស្គាល់ថា មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។
គួររំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU និងសហរដ្ឋអាមេរិក ដែលធ្វើឡើងកាលពីរដូវក្តៅមុនរវាងលោក ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នឹងដាក់អត្រាពន្ធ ១៥% លើការនាំចេញភាគច្រើនរបស់ EU ទៅអាមេរិក ខណៈពេលដែលលុបចោលពន្ធគយលើទំនិញអាមេរិកជាច្រើនដែលនាំចូលទៅ EU។ លើសពីនេះ អាមេរិកក៏នឹងបន្តដាក់ពន្ធ ៥០% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុបផងដែរ។ EU បានយល់ព្រមលើកិច្ចព្រមព្រៀងមិនស៊ីសង្វាក់គ្នានេះ ដោយសង្ឃឹមថានឹងជៀសវាងសង្គ្រាមពាណិជ្ជកម្មពេញលេញជាមួយអាមេរិក ក៏ដូចជារក្សាការគាំទ្រសន្តិសុខរបស់សហរដ្ឋអាមេរិក ជាពិសេសទាក់ទងនឹងអ៊ុយក្រែន។
ប៉ុន្តែទោះយ៉ាងណា សភាអឺរ៉ុបបានផ្អាកការងារនីតិបញ្ញត្តិលើការអនុម័តកិច្ចព្រមព្រៀងរវាង EU និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ ដោយស្នើសុំភាពច្បាស់លាស់លើគោលនយោបាយពាណិជ្ជកម្មថ្មីរបស់លោក ត្រាំ៕ ប្រភព ៖ Bloomberg



ចែករំលែកព័តមាននេះ