ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ដណ្ដើម​ស្រី​របស់​ពួកក្មេង​ទំនើង ផ្ទុះ​កក្រើក​ក្រុង​បាត់ដំបង សមត្ថកិច្ច​តាម​ក្របួច​បាន​០៤​នាក់ សល់​រាប់​សិប​នាក់​ទៀត​កំពុង​គេចខ្លួន

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ដើម​ចេញពី​គំនុំ​ស្នេហា «​ដណ្ដើម​ស្រី​ញី​» នៃ​ពួកក្មេង​ទំនើង​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល រហូត​ចង​ជា​គំនុំ​តាម​សងសឹក​ស៊ីសាច់ហុតឈាម ដេញ​កាប់​គ្នា​យ៉ាង​សាហាវព្រៃផ្សៃ នា​កណ្ដាលរាត្រី​នៃ​បេះដូង​ក្រុង​បាត់ដំបង តែ​ចុង​ក្រោយ​ត្រូវ​កម្លាំង​អធិការ​ក្រុង តាម​ចាប់ខ្លួន​បាន​បក្សពួក​ភាគី​ម្ខាង​បាន​ចំនួន​០៤​នាក់…

ខេត្តបាត់ដំបង ៖ ផ្ដើម​ចេញពី​គំនុំ​ស្នេហា «​ដណ្ដើម​ស្រី​ញី​» នៃ​ពួកក្មេង​ទំនើង​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល រហូត​ចង​ជា​គំនុំ​តាម​សងសឹក​ស៊ីសាច់ហុតឈាម ដេញ​កាប់​គ្នា​យ៉ាង​សាហាវព្រៃផ្សៃ នា​កណ្ដាលរាត្រី​នៃ​បេះដូង​ក្រុង​បាត់ដំបង តែ​ចុង​ក្រោយ​ត្រូវ​កម្លាំង​អធិការ​ក្រុង តាម​ចាប់ខ្លួន​បាន​បក្សពួក​ភាគី​ម្ខាង​បាន​ចំនួន​០៤​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​សល់​រាប់​សិប​នាក់​ទៀត កំពុង​សំងំ​លាក់ខ្លួន ។

តាម​រយៈ​របាយការណ៍​អធិការ​ក្រុង​បាត់ដំបង លោក​ពេជ្រ សា​រ៉ែ​ន បាន​ឲ្យ​ដឹង​ថា អំពើហិង្សា​ដែល​ពួកក្មេង​អន្ធពាល​ចំនួន​០២​ក្រុម​ដេញ​កាប់ ដេញ​វាយ​គ្នា​នេះ បាន​កើតឡើង នៅ​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​លើ​ផ្លូវ​ខាង​មុខ​សួនច្បារ​សម្ដេច​ក្រឡាហោម ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​ភាគី​ម្ខាង​ៗ​មានបក្សពួក​រហូត​ជាង​១០​នាក់
​ឯណោះ ។

លោក​ថា ពួក​គេ​ប្រើ​កាំបិត​ឬ​ដាវ និង​ដុំ​ថ្ម​ឬ​ដំបង ជិះ​ម៉ូតូ​ប្រដេញ​កាប់​ដេញ​គប់​គ្នា​យ៉ាង​អនាធិប​តេយ្យ​ផ្អើល​អ្នក​លក់ដូរ​ពេល​យប់ ។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ នៅ​រសៀល​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​បាន​ចុះ​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​ភាគី​ម្ខាង​បាន​ចំនួន​០៤​នាក់ ហើយ​នៅ​សល់​រាប់​សិប​នាក់​ទៀត​កំពុង​លាក់ខ្លួន ។

ក្រុម​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់​រួម​មាន​៖ ១-​ឈ្មោះ ង៉ែត មិ​នា អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ២-​ឈ្មោះ ជឹ​ម ណា​វី​ន ហៅ​ញ៉ែ​ប អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ៣-​ឈ្មោះ លី​ន វិច្ឆិកា អាយុ​១៧​ឆ្ន នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ និង​៤-​ឈ្មោះ នឿ​ត វិសាល អាយុ​១៣​ឆ្នាំ នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ប៉ុន្តែ​ក្មេង​មិន​ទាន់​ជ្រុះ​អាច​ម៏​ក្របី​ពី​ក្បាល​ម្នាក់​នេះ ត្រូវ​បាន​ដោះ​លេង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយសារ​ជា​អា​នីតិជន (​នឿ​ត វិសាល​) ។

បើ​តាម​សមត្ថកិច្ច ជន​អន្ធពាល​ទាំង​០៤​នាក់​ដែល​ត្រូវ​ក្របួច​ជាប់​នេះ ស្ថិត​ក្នុង​ភាគី​ម្ខាង(​ក្រុម​ទី​១) ដែល​មាន​បក្សពួក​មិន​តិច​ជាង​១០​នាក់​ឡើយ ។ រីឯ​ភាគី​ម្ខាង​ទៀត​(​ក្រុម​ទី​២) ដែល​កំពុង​រត់គេច​ខ្លួន ក៏​មាន​បក្សពួក​មិន​តិច​ដែរ ។ បើ​តាម​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច ក្រុម​ទី​២​នេះ មាន​គ្នីគ្នា​យ៉ាងតិច​២០​នាក់ ។ ក្រុម​នេះ ជិះ​ម៉ូតូ​ប្រហែល​១០​គ្រឿង​យ៉ាងប្រ​សេក​ប្រសាច​ទៅ​ដេញ​កាប់​ដេញ​គប់​ក្រុម​ទី​១ នៅ​កន្លែង​លក់​មីឆា ខាង​មុខ​សួនច្បារ​សម្ដេច​ក្រឡាហោម ។

តាម​ចម្លើយ​សារភាព ជន​អន្ធពាល​ចំនួន​០៤​នាក់ ដែល​សមត្ថកិច្ច​តាម​អូស​កបាន​ដល់​ៗ​ផ្ទះ ពួក​គេ​បាន​ប្រាប់​សមត្ថកិច្ច​ថា សង្គ្រាម​របស់​ពួក​គេ បាន​ផ្ដើម​ចេញពី​រឿង «​ស្នេហា​ដណ្ដើម​ស្រី​គ្នា​» ដែល​បាន​កើ​ក​ឡើង​យូរ​ដែរ​ហើយ ។ ពួក​គេ​និយាយ​ថា រឿង​ដណ្ដើម​ស្រី​ញី​គ្នា​នេះ មិន​ដាច់ស្រេច រហូត​ក្លាយជា​គំនុំ​តាម​សងសឹក​មិន​ចេះ​ចប់​វាង​ពួក​គេ (​ក្រុម​ទី​១) ជាមួយនឹង​ភាគី​ម្ខាង​ទៀត (​ក្រុម​ទី​២)​។ ប៉ុន្តែ​នៅ​យប់​កើតហេតុ​នេះ បើ​តាម​ក្រុម​ទី​១​នេះ បានទទួលស្គាល់​ថា ពួក​ខ្លួន​ពិតជា​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​គប់​ក្រុម​ទី​២ មុន​ពេល​នឹកឃើញ​គំនុំ​ចាស់ ។

លុះ​ពួក​ខ្លួន​ជិះ​ដកថយ​ត្រឡប់​មក​អង្គុយ​ជុំ​គ្នា នៅ​ម្ដុំ​គេ​លក់​មីឆា​ខាងលើ (​ចំណុច​ចម្បាំងគ្នា​) ស្រាប់តែ​បន្តិច​ក្រោយមក ក្រុម​ទី​២ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ទាំង​ហ្វូង ខ្លះ​ដំបង ខ្លះ​កាំបិត ខ្លះ​ដាវ បាន​ចុះ​មក​ដេញ​កាប់​ក្រុម​ខ្លួន​វិញ ផ្អើល​រត់​ចែក​ជើង​គ្នា​ទាំង​កណ្ដាល​យប់ ហើយពួក​ក្រុម​នោះ ក៏​ជិះ​រត់​បាត់​អស់​ទៅ ។

ជុំវិញ​ករណី​នេះ លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​សាកសួរ ក្រុម​ក្មេង​ទំនើង​ទាំង​ក្រុម​ដែល​ច្បាំង​គ្នា​ផ្អើល​ក្រុង​ទាំង​កណ្ដាលអធ្រាត្រ​នេះ ភាគី​ម្ខាង​ៗ​មាន​គ្នា ច្រើន ។ ប៉ុន្តែ​ក្រោយ​កើតហេតុ លោកស្នងការ​បាន​ចេញ​បញ្ជា​ភ្លាម​ៗ​ឲ្យ​កម្លាំង​ជំនាញ​របស់​លោក​សហការ​ជាមួយ​ការិយាល័យ​ជំនាញ និង​កម្លាំង​តាម​បណ្ដា​ស្រុក​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ភាគី​ម្ខាង​បាន​ចំនួន​០៤​នាក់ តែ​មាន​ម្នាក់​ស្ថិត​ក្នុង​វ័យ​អា​នីតិជន ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បណ្ដោះអាសន្ន​ក្រោយ​សួរនាំ ហើយ​នៅ​សល់​០៣​នាក់ ត្រូវ​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ។ ចំពោះ​ក្រុម​ក្មេង​អន្ធពាល​ដែល​នៅ​សល់​រាប់​សិប​នាក់​ទៀត​នៃ​ភាគី​ទាំង​០២ ដែល​កំពុង​រត់គេច​ខ្លួន មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​បន្ថែម​ថា ពួកក្មេង​ទំនើង​ទាំង​០២​ក្រុម ដែល​ដេញ​ច្បាំង​គ្នា​កក្រើក​ក្រុង​បាត់ដំបង​កណ្ដាលអធ្រាត្រ​នេះ សុទ្ធតែ​ក្រុម​ជនល្មើស​គ្មាន​ក្រុម​ណាមួយ​ត្រូវ​ចាត់​ទុក​ជា​ភាគី​រងគ្រោះថ្នាក់​ទេ ដូច្នេះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទាំងអស់​នៅ​ពេល​ឃាត់ខ្លួន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ