ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ដើមការ​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស ដល់​ម៉ោង​​​សប្បាយ​ឡើង​រាំ​ឌឺដង​គ្នា​វ៉ៃ​ផ្អើល​ពេញ​រោងការ សមត្ថកិច្ច​តាម​ចាប់​បាន​០៨​នាក់

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ភ្ញៀវ​កិត្តិយស​ចំនួន​០២​ក្រុម​ដែល​ក្លាយជា​ភ្ញៀវ​បំផ្លាញ​កិត្តិយស ដោយសារ​ប្រើ​ហិង្សា​ពេល «​រាំ​ឌឺដង​» វ៉ៃតប់​ផ្អើល​ពេញ​រោងការ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​ទាំង​០២​ភាគី​បាន​ចំនួន​០៨​នាក់ ពេល​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត…

ខេត្តបាត់ដំបង ៖ ភ្ញៀវ​កិត្តិយស​ចំនួន​០២​ក្រុម​ដែល​ក្លាយជា​ភ្ញៀវ​បំផ្លាញ​កិត្តិយស ដោយសារ​ប្រើ​ហិង្សា​ពេល «​រាំ​ឌឺដង​» វ៉ៃតប់​ផ្អើល​ពេញ​រោងការ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​ទាំង​០២​ភាគី​បាន​ចំនួន​០៨​នាក់ ពេល​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ​ហើយ ។ នេះ​បើ​សមត្ថកិច្ច​បាន​ផ្ដល់​ព័ត៌មាន ក្រោយ​បញ្ចប់​ការ​សួរនាំ ។

ភ្ញៀវ​កិត្តិយស​ដែល​អុកឡុក​ផ្អើល​ពេញ​រោងការ​ទាំង​០២​ក្រុម​នោះ មាន​មួយ​ក្រុម​មាន​គ្នា​០៤​នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​០៦​នាក់ តែ​ចាប់​បាន​០៤​នាក់ រត់​រួច​០២​នាក់ ។ ទាំង​០២​ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​តាម​មន្ត្រី​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួម​មាន​៖ ក្រុម​ទី​១៖ ១-​ឈ្មោះ ប៉ែន ឃាង អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ ថា សេង​ថាវ អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ ពឿ​ត សឿ​ន អាយុ​៣៩​ឆ្នាំ និង​៤-​ឈ្មោះ ពឿ​ត ពិ​សិទ្ធ អាយុ​៣២​ឆ្នាំ ។ ក្រុម​ទី​១​នេះ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។

ដោយឡែក ក្រុម​ទី​២៖ ១-​ឈ្មោះ ជាតិ វី អាយុ​២០​ឆ្នាំ ២-​ឈ្មោះ ឃឿ​ន ខេ​ម​រ៉ា​ក់ ហៅ ចុ​ម អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ ក​យ វៃ អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ សុ​ខុន ឃុន អាយុ​១៩​ឆ្នាំ ជន​ទាំង​០៤​នាក់​នេះ រស់នៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។ រីឯ​ជន​០២​នាក់​ទៀត នៅ​ក្នុង​ក្រុម​នេះ​ដែរ ដែល​បាន​រត់គេច​ខ្លួន ម្នាក់​ឈ្មោះ សុខ សៀង​ហេង អាយុ​២១​ឆ្នាំ នៅ​ភូមិ​សា្វ​យស ឃុំ​តា​ប៉ុន និង ឈ្មោះ ចុច រ៉ា​ប៉ា អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ។

បើ​តាម​សមត្ថកិច្ច ជន​អន្ធពាល​ទាំង​០២​ក្រុម​នេះ គ្មាន​ភាគី​ណាមួយ​ជា​ក្រុម​ជន​រង​គ្រោះទេ ។ ពួក​គេ​សុទ្ធ​ជា​ក្រុម​ជន​បង្ក​អុកឡុក​ក្នុង​រោងការ ។ រីឯ​ជន​រង​គ្រោះ​ពិតប្រាកដ គឺ​ម្ចាស់​ដើមការ និង​ម្ចាស់​រោង ឬ​ចុងភៅ ។ ព្រោះ​ក្រុម​នេះ បាន​វាយ​បំផ្លេចបំផ្លាញ​កែវ តុ កៅអី និង​បំផ្លាញ​កិត្តិយស​ម្ចាស់​ដើមការ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ បើ​យោង​តាម​របាយការណ៍​អធិការ​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​០២​ក្រុម​នេះ បាន​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា (​វ៉ៃតប់​គ្នា​) នៅ​ក្នុង​កម្មវិធី «​មង្គលការ​»​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ខណៈ​ដែល​កម្មវិធី​កំពុង​រាំ​លេង​កម្សាន្ត​ចុង​ម៉ោង នៃ​កម្មវិធី ស្រាប់តែ​មាន​ព្រឹត្តិការណ៍​ផ្ទុះ​ឡើង​ផ្អើល​ឈុ​ល​ពេញ​រោង ដោយសារ​តែ​ជន​ទាំង​០២​ក្រុម​នេះ ដេញ​វាយ​គ្នា​ដោយ​ខ្លះ​ទាញ​កៅអី​វាយ អ្នកខ្លះ​យក​កែវ​គប់​គ្នា ។

បើ​តាម​សាក្សី​នៅ​ទីនោះ​និយាយ​ថា ក្នុង​ពេល​នោះ គេ​ឃើញ​ភ្ញៀវ​កិត្តិយស​ផ្អើល​រត់​ប្រ​សេក​ប្រសាច​ពេញ​រោងការ​យ៉ាង​ច្របូកច្របល់ លាយឡំ​ជាមួយ​ក្រុម​ជន​អន្ធពាល ដែល​កំពុង​ដែល​កំពុង​ដេញ​វាយ​គ្នា​យ៉ាង​ព្រហើន ។

សាក្សី​ដដែល​បាន​បន្ថែម​ថា ពេល​នោះ គេ​មិនដឹង​ថា តើ​មាន​ភ្ញៀវ​ប៉ុន្មាន​បាន​ចងដៃ ហើយ​មាន​ភ្ញៀវ​ប៉ុន្មាន​នាក់​ដែល​មិន​បាន​ចងដៃ ដោយសារ​ភ័យ​ស្លន់ស្លោ រត់​ក្នុង​ភ្លើងសង្គ្រាម​យ៉ាង​ច្របូកច្របល់​របស់​ពួក​ជន​អន្ធពាល ដែល​កំពុង​ផ្ទុះ​ផ្អើល​ពេញ​រោងការ ។ តាម​រយៈ​របាយការណ៍​អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​និយាយ​ថា អំពើ​ហិង្សា​ដ៏​ព្រហើន ដែល​បង្ក​ឡើង​ដោយ​ក្រុម​ភ្ញៀវ​កិត្តិយស​ចំនួន​០២​ក្រុម​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ម្ចាស់​កម្មវិធី «​មង្គលការ​» យ៉ាងធ្ងន់ធ្ងរ ។ ធ្វើ​ឲ្យ​ខូ​ខាត តុ កៅអី និង​កែវ ចាន របស់​ចុងភៅ​មួយ​ចំនួន​ទៀត ។

លោក យុ​ត តុង​ហូ បាន​បញ្ជាក់​ថា ក្រោយ​ផ្ទុះ​អំពើ​ហិង្សា និង​ក្រោយ​ទទួល​បណ្ដឹង​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ កម្លាំង​ជំនាញ​អធិការ​ស្រុក ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ផង បាន​ធ្វើការ​ស្រាវ​រហូត​កំណត់​មុខសញ្ញា​ក្រុម​ជន​ប្រព្រឹត្ត​បាន ទើប​ឃាត់ខ្លួន​ជន​បង្ក​ទាំង​០២​ក្រុម​បាន​ចំនួន​០៨​នាក់ តែ​រត់គេច​ខ្លួន​ចំនួន​០២​នាក់ ។ បើ​តាម​ចម្លើយ​សារភាព​របស់​លោក​ភ្ញៀវ​កិត្តិយស​ទាំង​០២​ក្រុម​នេះ បាន​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា ដែល​គេ​អាច​សន្និដ្ឋាន​យ៉ាង​ខ្លី​ថា ក្រុម​ជនពាល​ទាំង​០២​ក្រុម​នេះ ផ្ទុះ​ហិង្សា​ផ្អើល​ពេញ​រោងការ ផ្ដើម​ចេញពី​ការ «​រាំ​ឌឺដង​ដាក់​គ្នា​»​ទើប​ស្ទុះ​ទៅ​វ៉ៃ​គ្នា​ប្រាវ ធ្វើ​ឲ្យ​ភ្ញៀវ​ផ្អើល​ឈុ​ល​ពេញ​រោងការ​តែ​ម្ដង ។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ដែរ​ថា ជន​ទាំង​០២​ក្រុម​នេះ គ្មាន​ភាគី​ណាមួយ​ជា​ជន​រង​គ្រោះ​ទេ ។ ពួក​គេ​សុទ្ធតែ​ជា​ក្រុម​ជន​ទំនើង​បង្ករឿង​ទាំងអស់ ។ ដូច្នេះ មាន​តែ​ម្ចាស់​ដើមការ និង​ម្ចាស់​រោង (​ចុងភៅ​) ទេ ទើប​ជា​ជន​រងគ្រោះ​។ ប៉ុន្តែ​យ៉ាងណា លោក​បាន​បន្ថែម​ថា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ក្រុម​អុកឡុក​រោងការ​ទាំង​០៨​នាក់​នេះ ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ