រាជធានីភ្នំពេញ៖ ក្មេងប្រុសជំទង់ម្នាក់ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានជិះម៉ូតូ១គ្រឿងចេញបាត់ពីផ្ទះរយៈពេល៤ថ្ងៃកន្លងមកហើយ ស្រាប់តែនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ដាច់ខ្លួនជា២កំណាត់ និងដាច់ដៃម្ខាងនៅលើផ្លូវរថភ្លើងខ្សែរាជធានីភ្នំពេញ-ខេត្តកំព ត្រង់ចំណុចមុខផែស្ងួតមួយកន្លែង ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះខាងលើត្រូវបានរថភ្លើងកិន ចំណែកម៉ូតូដែលក្មេងប្រុសរូបនោះជិះចេញពីផ្ទះនោះពុំឡើយ ដែលពុំដឹងថាបាត់បង់ដោយការលង់លេងល្បែង ឬក៏បាត់បង់ដោយប្រការអ្វីមួយផ្សេងទៀតឡើយ ហើយចំពោះការស្លាប់ក៏ពុំដឹងថាជាការធ្វើអត្តឃាតដេកឲ្យរថភ្លើងកិន ឬក៏ជាករណីផ្សេងនោះទេ ។
ក្មេងប្រុសជំទង់រងគ្រោះរូបនោះឈ្មោះម៉េង គឹម លាង អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃស្មិត ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សាកសពដាច់ខ្លួនជាពីរកំណាត់ និងដាច់ដៃស្ដាំម្ខាងផងដែរ ។ ដោយ១កំណាត់ខ្លួនត្រឹមចង្កេះឡើងលើខ្ទាតចេញពីគន្លងផ្លូវដែក និង១កំណាត់ត្រឹមចង្កេះចុះក្រោមស្ថិតនៅចំកណ្ដាលគន្លងផ្លូវដែក ហើយដេកស្លាប់ផ្កាប់មុខ ។ រីឯដៃស្ដាំដាច់ត្រឹមកដៃនៅក្នុងគន្លងផ្លូវដែក ហើយនៅជាប់ខ្លួនសពមានទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO នៅពេលដែលនគរបាលយកមកឆែកមើល បានឃើញមានសុទ្ធតែល្បែងហ្គេមអនឡាញ និងមានកន្ទុយសន្លឹកផ្ទេរប្រាក់ចុះឡើងផងដែរ ដែលសង្ស័យថាជាការទូទាត់ក្នុងការលេងល្បែងអនឡាញ ។
ក្រុមគ្រួសារសាច់ញាតិក្មេងប្រុសនោះបានប្រាប់ឲ្យដឹងថា ពួកគាត់ពុំបានដឹងថា ម៉េង គឹមលាង មានវិបត្តិអ្វីនោះទេ ប៉ុន្តែរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅដែលជារបស់ឪពុកម្ដាយ ចាកចេញពីផ្ទះបាត់រយៈពេល៤ថ្ងៃកន្លងមកហើយ ។ ពេលនោះក្រុមគ្រួសារបានតាមស្វែងរកដែរ ប៉ុន្តែរកមិនឃើញសោះ ហើយកន្លងមកគឹមលាង ក៏ធ្លាប់ចេញពីផ្ទះបាត់ដែរ តែនៅជិតៗស្រុកភូមិហើយមិនដែលបាត់យូរនោះទេ ក្រោយមកក៏វិលចូលផ្ទះវិញហើយ ។ ដោយឡែកចុងក្រោយនេះស្រាប់តែបាត់សូនឈឹងគ្មានដំណឹង ឬតម្រុយអ្វីសោះ រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏ស្រាប់តែពួកគាត់ទទួលបានដំណឹងអកុសលបែបនេះទៅវិញ រីឯម៉ូតូដែលម៉េង គឹមលាងជិះចេញពីផ្ទះនោះក៏បាត់ទៀត ពុំដឹងថាត្រូជនឆ្លៀតឱកាសលួចយកទៅ ឬបែបណាឡើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានអ្នកភូមិធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចកើតហេតុនោះ ក៏បានប្រទះឃើញសាកសពក្មេងប្រុសរូបនោះដេកស្លាប់ក្នុងស្ថានភាពដូចការរៀបរាប់ខាងលើ ដោយពុំដឹងថាស្លាប់តាំងពីពេលណាមកនោះទេ ។ ប៉ុន្តែតាមការសន្និដ្ឋានសង្ស័យនៅវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ព្រោះនៅម៉ោងនោះមានរថភ្លើងខ្សែរាជធានីភ្នំពេញ-ខេត្តកំពត ១ខ្សែបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះព្រឹកឡើងក៏ប្រទះឃើញសាកសពបែបនេះតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកអ្នកដែលប្រទះឃើញសពមុនគេនោះ ក៏បានទៅប្រាប់អ្នកភូមិជាមួយគ្នាឲ្យបានដឹងបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាទៅចោមរោមមើលទាំងព្រឹក ប៉ុន្តែខណៈនោះពុំមានអ្នកស្គាល់អ្នកស្លាប់នោះទេ ។ ក្រោយមកទៀតអ្នកភូមិក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល ឲ្យចុះទៅពិនិត្យមើល ហើយនគរបាលបានឆែកមើលលើខ្លួនសពរកឃើញមានទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO ។ ចំណែកនៅក្នុងទូរស័ព្ទនោះនគរបាលឆែកឃើញមានសុទ្ធតែល្បែងហ្គេមអនឡាញ និងកន្ទុយសន្លឹកទូទាត់លុយ ដែលសង្ស័យថា ជាការទូទាត់ផ្ទេរផ្ទូរក្នុងការលេងល្បែងអនឡាញ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា នគរបាលបានបន្តឆែកលេខនៅក្នុងទូរស័ព្ទនោះ រួចខលរាវរកទើបបានរកឃើញក្រុមគ្រួសារសាច់ញាតិ ព្រមទាំងបានស្គាល់អត្តសញ្ញាណក្មេងប្រុសរងគ្រោះរូបនោះ រួចបានសាកសួរព័ត៌មានពីក្រុមគ្រួសារសព ។ ដើម្បីធ្វើកំណត់ហេតុស្រាវជ្រាវបន្តរកមូលហេតុនៃការស្លាប់ថាតើក្មេងប្រុសជំទង់នេះស្លាប់ដោយការធ្វើអត្តឃាតព្រោះចាញ់ល្បែងអនឡាញ ឬ ក៏ដេកលង់លក់ដោយមិនដឹងខ្លួន ហើយត្រូវរថភ្លើងកិនដោយឧប្បត្តិ ។បន្ទាប់មកទៀតនគរបាលខាងលើក៏បានប្រគល់សាកសពក្មេងប្រុសជំទង់រងគ្រោះរូបនោះជូនក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕






ចែករំលែកព័តមាននេះ