ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបណ្តេញជនបរទេសសរុបជាង១ពាន់នាក់ចេញពីប្រទេស ក្រោយរកឃើញពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា និងស្នាក់នៅខុសច្បាប់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​បណ្ដេញចេញ​ជនបរទេស​ចំនួន ១,០៩០​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​អន​ឡាញ និង​ស្នាក់​នៅ​ខុសច្បាប់ ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​បណ្ដេញចេញ​ជនបរទេស​ចំនួន ១,០៩០​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​អន​ឡាញ និង​ស្នាក់​នៅ​ខុសច្បាប់ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២១ ២២ ២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន ១,០៩០​នាក់ (​ស្រី ១៣៥​នាក់​) មាន​១៧​សញ្ជាតិ ។

ក្នុង​នោះ​រួម​មាន​ចិន ឥណ្ឌា ប៉ា​គី​ស្ថាន ឥណ្ឌូ​នេ​ស៊ី កេ​ន​យ៉ា ប្រេ​ស៊ី​ល បង់​ក្លា​ដេ​ស នេ​ប៉ា​ល់ ចិនតៃវ៉ាន់ លី​បេ​រី​យ៉ា កា​មេ​រូ​ន យ៉ូ​ហ្គ​ង់​ដា សេ​រ៉ា​ឡេ​អូន ម៉ា​ឡេ​ស៊ី ហ្គា​ណា នី​ហ្សេ​រី​យ៉ា និង​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​យន្តហោះ​ពិសេស ក្នុង​នោះ​២​សញ្ជាតិ មាន​ជន​ជាតិ ចិនចំនួន ៤៩៤​នាក់ ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​(Online Scams) និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ចំនួន​១៦៨​នាក់ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ជនបរទេស​ទាំងអស់​នេះ ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ