ខេត្តកំពង់ចាម ៖ តាមរយៈវេទិកាសាធារណៈមានកិច្ចការខ្លះ គឺត្រូវបានដោះស្រាយជូនភ្លាមៗដល់ប្រជាពលរដ្ឋ ហើយក៏មានកិច្ចការខ្លះត្រូវការពេលវេលាយូរ ដើម្បីដោះស្រាយដែរ ។ ជាមួយនោះ សូមឱ្យអាជ្ញាធរត្រូវតែបើកវេទិកាសាធារណៈឲ្យបានច្រើនដោយទាក់ទងបញ្ហាសន្តិសុខ សណ្ដាប់ ធ្នាប់ គ្រឿងញៀន ចរាចរណ៍ល្បែងស៊ីសង ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត ។ជាមួយនោះ ក៏មានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការរាប់រយនាក់ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា គ្មានសកម្មភាពនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម ។ ប៉ុន្តែមានការលួចលាក់លេងល្បែងជល់មាន់ និងល្បែងស៊ីសងតាមហាងកាហ្វេ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានចំនួន១២ករណី មានការ(ថយចុះ១៨ករណី)ឃាត់ខ្លួន៦៤នាក់ ។ ករណីក្លែងបន្លំអត្តសញ្ញាណឈរបោកតាមវីងមួយករណី ដែលត្រូវបានបង្ក្រាប និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការរួចរាល់ ។ បទល្មើសគ្រឿងញៀនបង្ក្រាបបានចំនួន២៦១ករណី(កើន៨ករណី) ឃាត់ខ្លួន៦៦៦នាក់ ។ សកម្មភាពបង្ក្រាបក្មេងទំនើងបានចំនួន២២ករណី (ថយចុះ១៨ករណី) ឃាត់ខ្លួន៨២នាក់ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថា ចំពោះលទ្ធ ផលដែលយើងទទួលបានរយៈពេលមួយឆ្នាំកន្លងទៅ គឺទទួលបានដោយជោគជ័យ ។ កិច្ចការទាំងនេះ គឺដោយសារក្រុមការងាររបស់ថ្នាក់ជាតិសហការជាមួយនិងអាជ្ញាធរនៅមូលដ្ឋាន ។ តាមរយៈវេទិកាសាធារណៈចំនួន១០ក្រុង-ស្រុក គឺមានចំនួន១៦០លើក ក្នុងនោះច្រើនជាងគេគឺស្រុកព្រៃឈរ មានចំនួន៨៤លើកបានចូលរួមដោះស្រាយបញ្ហាជាមួយនឹងពលរដ្ឋតាមរយៈវេទិកានេះ គឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺស្ថានភាពបច្ចុប្បន្នដំណឹងបន្ទាន់ ដើម្បីឲ្យពលរដ្ឋយល់ដឹងជ្រួតជ្រាប ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា តាមរយៈវេទិកាសាធារណៈ ក្នុងនោះ មានកិច្ចការខ្លះគឺត្រូវបានដោះស្រាយជូនពួកគាត់ដោយភ្លាមៗ គោលបំណងគឺដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ដោយមានការយកចិត្តទុកដាក់បង្ក្រាបគ្រឿងញៀនបញ្ជ្រាបច្បាប់ចរាចរណ៍ល្បែងសងដែលខុសច្បាប់។ ដើម្បីឲ្យការងារទាំងនេះ សម្រេចបានជោគ ជ័យដែលទាមទារឲ្យសង្គមទាំងមូលត្រូវតែចូលរួមគ្នាដោះស្រាយមានកិច្ចការខ្លះ គឺតាមរយៈវិស័យសាសនា អាណាព្យាបាលត្រូវអប់រំកូនៗឲ្យប្រព្រឹត្តនៅទង្វើល្អ ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសំខាន់ យើងត្រូវតែបង្កើនការប្រុងប្រយ័ត្ន ក្នុងនោះបើមានសមាជិកក្រុមគ្រួសារណាម្នាក់ ត្រូវជិះម៉ូតូចេញទៅក្រៅសំខាន់ឲ្យពាក់មួកសុវត្ថិភាពបើករថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ។ ហើយបើបងត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។



ចែករំលែកព័តមាននេះ