រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបញ្ជាកម្លាំងជំនាញដឹកនាំស្រាវជ្រាវបង្ក្រាបករណីកំហែងយក (កាប់ប្លន់យកម៉ូតូ) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោង១៧:៣៥នាទីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចតូបលេខD76 ផ្សារបោះដុំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវ ដកហូតវត្ថុតាងរបស់ជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងជនរងគ្រោះ ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្ម បានប្រគល់អោយអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្ដត្បូងឃ្មុំ ចាត់ការបន្ដតាមនីតិវិធី ។
ដោយឡែក ប្រភពពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នៅចំណុចមាត់ទន្លេសិប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ១ក្រុមមានគ្នា ១២នាក់ ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅចំនួន ៤គ្រឿង ធ្វើសកម្មភាព យកជំពាមកៅស៊ូបាញ់ ដេញវាយ និងកាប់ម៉ូតូរបស់ជនរងគ្រោះ ចំនួន២គ្រឿង ៖
ទី១.ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង 1J-7554 បណ្ដាលឲ្យខូចខាត (បែកកុងទ័រ បែកកាបាំងខាងឆ្វេង)
ទី២.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ កាប់យកស្លាកលេខព្រៃវែង 1T-1147 ។
តាមការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូ នៅចំណុចខាងលើពិតមែន ។
បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួក០៥នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបានបន្តតាមស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត ៕

















ចែករំលែកព័តមាននេះ