ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល ៣ ស​ប្តា​ហ៍

5 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ (​មិនមែន​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល​) នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយសារ​ភាព​មិន​ប្រាកដប្រជា​បង្ក​ឡើង​ដោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​សហរដ្ឋអាមេរិក​ក្នុង​ការ​លុប​ចោល​ពន្ធ​បដិការ​ពី​មុន​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ…

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ (​មិនមែន​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល​) នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយសារ​ភាព​មិន​ប្រាកដប្រជា​បង្ក​ឡើង​ដោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​សហរដ្ឋអាមេរិក​ក្នុង​ការ​លុប​ចោល​ពន្ធ​បដិការ​ពី​មុន​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) នោះ បាន​ដាក់​សម្ពាធ​លើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ជំរុញ​ឱ្យ​បណ្តា​វិនិយោគិន​សម្រុក​ទិញ​មាស​ដុំ ដែល​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា តម្លៃ​មាស​អន្តរជាតិ​ភ្លាម​ៗ​បាន​កើនឡើង ១,១% ដល់ ៥ ១៥៨ ដុល្លារ​ក្នុង​១​អោន ឬ ៦ ២១៤ ដុល្លារ​ក្នុង​១​ត​ម្លែ​ង នៅ​ម៉ោង ១ រសៀល (​ម៉ោង​នៅ​កម្ពុជា​) ដោយ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦​។

លោក Tim Waterer ប្រធាន​អ្នកវិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន KCM Trade បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​លុប​ចោលការ​អនុវត្ត​ពន្ធ​បដិការ​ពី​មុន​របស់​លោក ត្រាំ ដោយ​តុលាការ​កំពូល​អា​មេ​រិ​ក កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ក្រៅពី​ធ្វើ​ឱ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​ខឹងសម្បារ វា​ក៏​បាន​បន្ថែម​ភាព​មិន​ប្រាកដប្រជា​មួយទៀត​ដល់ទី​ផ្សារ​សកល ដោយ​ពាណិជ្ជករ​បាន​ងាក​ទៅ​រក​ការ​វិនិយោគ​លើ​មាស​ជា​ម្តងទៀត​ជា​ការ​ការពារ​។

តុលាការ​កំពូល​អា​មេ​រិ​កបាន​លុប​ចោល​ពន្ធ​សកល​របស់​លោក ត្រាំ កាលពី​ឆ្នាំ​មុន ដែល​លោក​បាន​អនុវត្ត​ក្រោម​ច្បាប់​ឆ្នាំ ១៩៧៧ ដែល​ត្រូវ​បាន​ស្គាល់​ថា ច្បាប់​អំណាច​សេដ្ឋកិច្ច​បន្ទាន់​អន្តរជាតិ ឬ IEEPA ដោយ​ធ្វើ​ឱ្យ​ប្រធានាធិបតី​សាធារណរដ្ឋ​រូប​នេះ​បរាជ័យ និង​ខកចិត្ត​យ៉ាង​ខ្លាំង និង​ជះ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ លោក ត្រាំ បាន​ប្រកាស​នឹង​ដំឡើង​ពន្ធ​ថ្មី​ពី ១០% ទៅ ១៥% លើ​ទំនិញ​គ្រប់​ប្រទេស​ទាំងអស់​នាំ​ចូល​មក​សហរដ្ឋ​អាមេរិក​។

ជា​លទ្ធផល ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន Wall Street និង​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​នៅ​អាស៊ី នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ពន្ធគយ​របស់​សហរដ្ឋអាមេរិក​។

ងាក​ទៅ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ប្រទេស​អ៊ី​រ៉​ង់​បាន​បង្ហាញ​ថា ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​សម្បទាន​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្នុង​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម និង​ការ​ទទួលស្គាល់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ខណៈ​ដែល​អ៊ី​រ៉​ង់​ខ្លួនឯង​កំពុង​ស្វែងរក​ការ​បញ្ជៀ​សការ​ប៉ះទង្គិច​កម្លាំងយោធា​ជាមួយនឹង​សហរដ្ឋអាមេរិក​។

ទន្ទឹម​នឹង​នេះ ទិន្នន័យ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ថា អតិផរណា​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ច្រើន​ជាង​ការ​រំពឹង​ទុក​ក្នុង​ខែធ្នូ ហើយ​សញ្ញា​កំពុង​ចង្អុលបង្ហាញ​ពី​ការ​កើនឡើង​បន្ថែម​ទៀត​ក្នុង​ខែមករា ដោយ​នឹង​បង្កើន​ការ​រំពឹង​ទុក​ថា ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) នឹង​មិន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មុន​ខែមិថុនា​នោះ​ទេ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ