ខេត្តកំពង់ស្ពឺ ៖ ចម្ការស្វាយមួយកន្លែងនៅតាមផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិតាំងស្នោ ឃុំតាំងក្រូច ស្រុកសំរោងទង បានត្រូវភ្លើងឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ករណីភ្លើងឆេះចម្ការស្វាយនេះ កម្លាំងនគរបាលបានប្រើរថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន និងរបស់ស្នងការដ្ឋាននគរបាលខេត្ដ ទៅជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ រួមជាមួយប្រជាពលរដ្ឋផងដែរ ។ មូលហេតុនៃការឆេះចម្ការស្វាយខាងលើនេះ គឺបណ្តាលមកពីភ្លើងឆេះស្មៅដែលងាប់ ហើយក៏រាលដាលកាន់តែខ្លាំងដល់ចម្ការស្វាយតែម្ដង ។

លោកអធិការបានឱ្យដឹងតាមទូរស័ព្ទទៀតថា ទោះជាយ៉ាងណា ក្នុងពេលភ្លាមៗនេះទំហំនៃការខូចខាតនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ហើយក៏មិនទាន់ដឹងថា ម្ចាស់ចម្ការឈ្មោះអ្វីនៅឡើយដែរ ។

ដើមស្វាយដែលឆេះនេះ ជាប្រភេទដើមធំៗរងការឆេះរោល ហើយដោយមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋភ្លើងក៏បានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃដដែល និងមិនមានគ្រោះថ្នាក់ដល់មនុស្សឬសត្វនោះទេ ៕

ចែករំលែកព័តមាននេះ