ជន១ក្រុមជិះម៉ូតូបង្កការអុ.កឡុក កណ្តាលក្រុងសៀមរាបយ៉ាងសកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន
- សៀមរាប
ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើង មួយក្រុមជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាព កាប់ម៉ូតូ របស់ជនរងគ្រោះ និង…
ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើង មួយក្រុមជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាព កាប់ម៉ូតូ របស់ជនរងគ្រោះ និង…
ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើង មួយក្រុមជិះម៉ូតូ ២ គ្រឿង បានធ្វើសកម្មភាព កាប់ម៉ូតូ របស់ជនរងគ្រោះ និង បង្កអុកឡុក ពេញកណ្តាលក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបញ្ជូនទៅគុក ពាក់ព័ន្ធនឹងករណី អំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (កាប់គូទំនាស់) និង ករណី អំពើលួចមានស្ថានទម្ងន់ ទោស ដោយប្រើហិង្សា (កាប់យកម៉ូតូ) ។
ករណីក្មេងទំនើង ជិះម៉ូតូ ដើរ អុកឡុកពេញក្នុងក្រុងសៀមរាប ដ៏ សកម្មដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះធ្វើ ឡើងកាលពីវេលាម៉ោង ៥និង០០នាទីព្រឹកទាបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ស្ថិតនៅចំណុច ស្ថានីយប្រេងឥន្ធនៈយីហោ Sokimex ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២២ ខែកុម្ភ ឆ្នាំ ២០២៦ នេះថា ដោយអនុវត្តតាមផែនការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ឱ្យកម្លាំងនគរ បាលផែនការងារព្រហ្មទណ្ឌ សហការណ៍ ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាខេត្ត បានធ្វើ ការស្ទាក់ចាប់ មុខសញ្ញាក្មេងទំនើង ដ៏សកម្ម មួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង រួចយកមកសាកសួរនាំ នៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ រួចរៀបចំកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ប្រភពបញ្ជាក់ថា ជនសង្ស័យ ចំនួន៣នាក់មានរួមទី១-ឈ្មោះ បន ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន ៦ខែ)។
ទី២-ឈ្មោះ ម៉េង សុធារិទ្ធិ ភេទប្រុស អាយុ ១៥ឆ្នាំ មុខ របរ គ្មាន (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលគ្រឿង ញៀន ៥ខែ)។ ទី៣-ឈ្មោះ ហាវ សុហេង ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ គ្មាន (ប្រវត្តិទោស ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ០១ លើក ) ជនសង្ស័យទាំង៣ នាក់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឆ្លើយសារភាពដូចគ្នាថា៖ ដាវកែច្នៃខាង លើ ជាកម្មសិទ្ធិ របស់ឈ្មោះ ម៉េង សុធារិទ្ធិ កន្លងទៅ រូបគេយកលាក់ទុក នៅចំណុចសួនផ្កា មុខមន្ទីរពេទ្យគុន្ធបុប្ផា មុនធ្វើសកម្ម ភាពកាប់ ជនរងគ្រោះ យកម៉ូតូ កាលពីវេលាម៉ោង០១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខសាលារៀនព្រះឥន្ទកោសារ ស្ថិតនៅភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់ពីធ្វើ សកម្មភាពហើយ ពួកខ្លួន បានលាក់ទុកដាវ នៅទីតាំងខាងលើវិញ។
ចំណែកឈ្មោះ ហាវ សុហេង បានឆ្លើយសារភាពបន្ថែមទៀតថា : កាលវេលាម៉ោង ២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងមុខផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រូបខ្លួន និងបក្ខពួកចំនួន៤ នាក់ទៀត បានធ្វើសកម្មភាពយកដាវខាងលើ ទៅកាប់គូរទំនាក់ចាស់ ជាជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់។
វត្ថុតាងដកហូត រួមមាន៖ ដាវកែច្នៃ (ផ្លែដែកដងដែករុំស្កុតពណ៌ខ្មៅ) ចំនួន ១ដើម, ម្សៅក្រាមពណ៌ស (ប្រភេទគ្រឿងញៀន) ចំនួន ១កញ្ចប់តូច, ជំពាមកៅស៊ូ ចំនួន ១ និងគ្រាប់កង់ចំនួន ២៨គ្រាប់ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងម៉ូតូ Honda Dream ពណ៌ ខ្មៅ ពុំមានផ្លាកលេខ ចំនួន ២គ្រឿង (ម៉ូតូរបស់ជនរងគ្រោះពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ) នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចំនួន ១គ្រឿង) ។ ជាមួយគ្នានេះ យើងបានធ្វើតេស្តរកសារធាតុញៀន លើមុខសញ្ញាទាំង០៣ នាក់ខាងលើ ជាលទ្ធផល វិជ្ជមានទាំង០៣ នាក់។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះនិងចម្លើយសារភាព របស់ ជនសង្ស័យទាំង៣ នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំ រឿង បញ្ជូនទៅតុលាការ ខណៈពេលនោះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សៀមរាប សម្រេចឃុំខ្លួនបណ្តោះ អាសន្ន នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ រួចរាល់ហើយ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នង ការនគរបាលខេត្តសៀមរាប បានមាន ប្រសាសន៍ថា ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមអំពាវនាវ ដល់យុវជនទាំងអស់ សូមចៀសឱ្យឆ្ងាយពីអំពើហឹង្សា និងគ្រឿងញៀន ព្រោះ គ្រឿងញៀន នឹងបំផ្លាញខ្លួនអ្នក ធ្វើឱ្យបាត់បង់ថវិកា បំផ្លាញក្រុមគ្រួសារ និងសង្គមជាតិ យើងផងដែរ ៕






ចែករំលែកព័តមាននេះ